ព្រះសង្ឃ ទេព វង្ស ជាប់​ឈ្មោះចូល​បញ្ជី​«ខ្មៅ»​មុន​គេ?

ចលនានៃការប្រមូលឈ្មោះមន្ត្រីមានអំណាចកម្ពុជា ទៅក្នុងបញ្ជី«ខ្មៅ» ដែលគេជឿថា ជាបញ្ជីនៃការដាក់កំហិត ផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ កំពុងរីករាលដាល នៅពេញបណ្ដាញសង្គម។ សម្រាប់គណនីហ្វេសប៊ុក របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលមាននិន្នាការលំអៀងទៅរកគណបក្សប្រឆាំង បានចាត់ឥស្សរជនម្នាក់មុនគេ ចូលទៅក្នុងបញ្ជីនោះ៖ គឺព្រះសង្ឃ ទេព វង្ស ដែលជាសម្ដេចសង្ឃរាជ នៃព្រះរាជាណាចក្រ។
ព្រះសង្ឃ ទេព វង្ស ជាប់​ឈ្មោះចូល​បញ្ជី​«ខ្មៅ»​មុន​គេ?
ព្រះសង្ឃ ទេព វង្ស សម្ដេចសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត Jos van der Heiden)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 16, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាននិន្នាការលំអៀង ទៅរកគណបក្សប្រឆាំង កំពុងប្រមូលគ្នីគ្នា ធ្វើបញ្ជី«ខ្មៅ» នៃជនដែលត្រូវកំហិត ផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ ទៅតាមអ្វី ដែលជាសេចក្ដីសម្រេចថ្មីៗបំផុត របស់សហរដ្ឋអាមេរិក និងសភាអ៊ឺរ៉ុប ក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេស។

ក្នុងចំណោមនោះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក៏ជាសង្ឃសកម្មមួយអង្គដែរ នៅក្នុងយុទ្ធនាការខាងលើ។ ព្រះតេជគុណបានអំពាវនាវ តាំងពីម្សិលម៉ិញ ឲ្យក្រុមអ្នកមានសមានចិត្តទាំងឡាយ ចូលរួមជាមួយនឹងព្រះអង្គ ដោយផ្ញើរជាឈ្មោះ របស់មន្ត្រីមានអំណាច នៃរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា រួមនឹងសមាជិកក្រុមគ្រួសារ របស់មន្ត្រីទាំងនោះផង ប្រគេនទៅព្រះអង្គ។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានថេរដីកា ប្រកាសឲ្យដឹងថា៖ 

«យើងចាប់ផ្ដើមចូលរួមប្រមូលឈ្មោះ មន្រ្តីរដ្ឋាភិបាល ហ៊ុន សែន ដើម្បីដាក់ជូនព្រឹទ្ធសភាអាមេរិក។ សូមធ្វើតាមទម្រង់ និងអាន សេចក្ដីណែនាំ ដែលអាត្មាបានពន្យល់ នៅខាងក្រោមនេះ។ យើងត្រូវការគ្រប់ក្រសួងស្ថាប័នទាំងអស់ ព្រមទាំងសមាជិកក្រុមគ្រួសារជនផ្ដាច់ការទាំងនោះផងដែរ។»

ប៉ុន្តែជនទីមួយ ដែលស្ថិតនៅក្នុងទម្រង់ និងសេចក្ដីណែនាំ របស់ព្រះតេជគុណ ប៊ុនតិញ នោះ មិនមែនជាលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី និងជាបុរសដែលមានអំណាចខ្លាំងបំផុត នៅកម្ពុជានោះទេ។ គឺព្រះនាមរបស់ព្រះតេជគុណ ទេព វង្ស សម្ដេចអគ្គមហាព្រះសង្ឃរាជ គណៈមហានិកាយកម្ពុជា ដែលត្រូវបានចុះនៅក្នុងបញ្ជីនោះ មុនគេ​រួចជាស្រេច​ហើយ។

នៅក្នុងទម្រង់ដដែល គេឃើញមានការសរសេរពី «ទង្វើ» របស់ព្រះសង្ឃ ទេព វង្ស ដូច្នេះថា៖ «ចាប់ព្រះសង្ឃស្នេហាជាតិផ្សឹក ដោយគ្មានកំហុស ប្រើប្រាស់ស្ថាប័នព្រះពុទ្ធសាសនា ដើម្បីបម្រើគណបក្សកាន់អំណាច»។

 

ការដាក់ព្រះនាមរបស់ព្រះតេជគុណ ទេព វង្ស មុនគេ ទៅក្នុងបញ្ជី«ខ្មៅ»ខាងលើ ទំនងជាការឆ្លើយតបភ្លាមៗ ទៅនឹងថេរដីកា របស់សម្ដេចព្រះសង្ឃរាជអង្គនេះ ដែលបានអំពាវនាវ នៅក្នុងមហា​សន្និបាត​សង្ឃ​ កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ កន្លងមកនេះ ទៅកាន់ព្រះសង្ឃទូទាំងប្រទេស ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ព្រះសង្ឃ ​ទេព វង្ស​ ​បានមានថេរដីកា នៅពេលនោះថា៖​ «សុំ​ ​សមាជិក ​សមាជិកា​ ​ពិចារណា​ទៅ​លើ​ការ​បោះឆ្នោត​ថា ​តើនរណា​ឱ្យ​យើង​រស់? ​នរណា​ឱ្យ​លោក ​ជីដូន ​ជីតា​យើង​បាន​រស់?​ ​នរណា​ឱ្យ​ឪពុកម្តាយ​យើង​បាន​រស់?​ ​ហើយ​បាន​យើង​ទាំងអស់​គ្នា​ បាន​កើត​នៅ​ខាង​ក្រោយ។​ ​នេះ​ យើង​សុំ​ពិចារណា​នៅ​ត្រង់​ចំណុច​ទំាង​នេះ​ឯង»។​

សម្ដេចសង្ឃអង្គនេះ បានលើកអំពី​គុណ​តម្លៃ និង​ស្មារតី​នៃ​រណសិរ្ស​ង្គ្រោះ​ជាតិ២ធ្នូ​ ​និង​ ៧មករា​ ​ដែលព្រះអង្គយល់ថា បាន​ជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា។ ព្រះតេជគុណ មានថេរដីកាថា៖ «នរណា​ចេញ​ទៅ​ជា​អាពត​ទី​ពីរ​ ​ក៏​ខ្ញុំ​មិន​ជា​បញ្ហា​នោះ​ទេ!​ ​ប៉ុន្តែអ្នក​ណា​មួយ ​ដែល​គេ​ហៅ​ថា​សាមគ្គី​ធម៌​? ២ធ្នូ​កើត​សាមគ្គី​ ​ហើយ​៧​មករា​ កើត​ព្រហ្ម​វិហារ​ធម៌​ ​បាន​រស់រាន​មាន​ជីវិត។​ ​មាន​សាមគ្គី​បាន​សុខ​ចម្រើន​ បាត់​សាមគ្គី​ងាប់។»។​

ព្រះសង្ឃ ទេព រង្ស មានថេរដីកា​បន្ត​ថា​៖ «​យើង​គួរ​ពិចារណា​ ឲ្យ​បាន​ច្បាស់លាស់​ មុន​នឹង​គូស​លើ​សន្លឹកឆ្នោត​ គាំទ្រ​បក្ស​មួយ​នោះ​ ដូច​យើង​បាន​ដឹង​ហើយ​ថា ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ​រហូត​ដល់​ ៥ ​អាណត្តិ​នេះ ​បក្ស​មួយ​នោះ​មិន​ដែល​បាន​ជាប់​ឆ្នោត​ទេ ​ហើយ​ក៏​មិន​បាច់​ខំ​តទៅ​ទៀត​ដែរ ព្រោះ​គេ​រៀបចំ​ទុក​រួច​ហើយ ​អ្នក​ណា​ឈ្នះ អ្នក​ចាញ់​ គេ​រៀបចំ​ទុក​រួច​ហើយ​»​។

បន្ទាប់ពីសហរដ្ឋអាមេរិក សភាអ៊ឺរ៉ុបបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូនេះ នូវដំណោះស្រាយមួយ លេខ «P8_TA​(2017)​0497» មាន១៣ចំណុច ដើម្បីដាក់ប្រឆាំងនឹងរដ្ឋាភិបាល​​លោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ទទួលបានសម្លេងគាំទ្រពីពលរដ្ឋ ជិតកន្លះប្រទេស​កម្ពុជា។ នៅក្នុងចំណុចទី១២​​ នៃដំណោះស្រាយនោះ មានសរសេរថា៖ 

«សភាអ៊ឺរ៉ុបអញ្ជើញ "ការិយាល័យអ៊ឹរ៉ុប ដើម្បីកិច្ចការខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE)" និងគណៈកម្មការអ៊ឺរ៉ុប ឲ្យរៀបចំបញ្ជីឈ្មោះ នៃមន្ត្រីកម្ពុជាទាំងឡាយណា ដែលទទួលខុសត្រូវ ចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដាក់កំហិត ផ្នែកទិដ្ឋាការ (ហាមឃាត់ចូលទឹកដីអ៊ឺរ៉ុប) និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ»។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកតប ទៅនឹងចំណាត់ការនោះថា វានឹងមិនប៉ះ«ក្បាល ហ៊ុន សែន» ឡើយ។ បុរសខ្លាំងកម្ពុជា បានថ្លែងពន្យុះ នៅក្នុងជំនួបជាមួយក្រុមកីឡាករ កីឡាការិនី នាវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីម្សិលម៉ិញថា៖ «មនុស្សណាខ្លះ ដែលត្រូវហាមឃាត់ មិនឲ្យចូលប្រទេសអ្នកឯង។ បានតើ! នៅពេលដែលគេមិនហាមឃាត់ សួរថាមន្ត្រីទាំងអស់ហ្នឹង ត្រូវការទៅនៅស្រុកគេឬអី? នៅស្រុកឯងវាងាប់ឬអី? នៅស្រុកឯងមួយជីវិតហើយ ម៉េចក៏ចាំបាច់ ទៅនៅស្រុកគេធ្វើអី?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...