ទិវានារីអន្តរជាតិ៖ ចលនា​បង្ហាញ​សុដន្ដ ដើម្បី​ប្រឆាំង​អំពើ​ហឹង្សា​លើ​ស្ត្រី «ហ្វេមែន»

នៅក្នុងប្រទេសដើមកំណើត សកម្មភាពរបស់ពួកស្ត្រីហ្វេមែន មិនសូវបានទទួលការគាំទ្រទេ ប៉ុន្តែនៅក្រៅប្រទេស ចលនានេះ បានក្លាយជានិមិត្តរូបនៃ ពួកអ្នកនិយមសាធារណរដ្ឋ ប្រឆាំងនឹង«អតីតសហភាពសូវៀត»កុម្មុយនីស។ សកម្មជនជាស្ត្រីទាំងនោះ បានពង្រីកការធ្វើបាតុកម្មរបស់ខ្លួន នៅតាមទីក្រុងធំៗ នៅម៉ូស្គូ និងបណ្ដាប្រទែសនៅអ៊ឺរ៉ុបខាងលិច ដូចជាប៉ារីស ប្រ៊ុយស៊ែល ... និងនៅកណ្ដាលបូរីវ៉ាទីកង់ (Vatican) ថែមទៀត។
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: March 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

មានប្រភពដើមពីប្រទេសអ៊ុយក្រែន ចលនាហ្វេមែន (Femen) បានពង្រីកខ្លួនច្រើនឡើងៗ ក្នុងប៉ុន្មានខែចុងក្រោយនេះ នៅក្នុងមាត្រាដ្ឋានអន្តរជាតិ ជាមួយនឹងការធ្វើបាតុកម្ម ដែលក្រុមអ្នកចូលរួម សុទ្ធតែដោះអាវបង្ហាញ «ដើមទ្រូង» នៅ​កណ្ដាលវាល។ ជាទម្រង់មួយបែបថ្មី ដែលក្រុមអ្នកតវ៉ាទាំងនេះ បានជ្រើសរើសយក ដើម្បីបរិហាអំពើលាក់ពុត នៅក្នុង​ពិភពលោក ដែលនៅតែចាត់ទុកស្ត្រីជាភេទទន់ខ្សោយ និងជាល្បែងផ្លូវភេទ។


ស្ត្រីសកម្មជន ហ្វេមែន ធ្វើបាតុកម្មនៅទីលាន ត្រូកាដេរ៉ូ ទីក្រុងប៉ារីស ប្រទេសបារាំង។

នៅក្នុងប្រទេសដើមកំណើត សកម្មភាពរបស់ពួកស្ត្រីហ្វេមែន មិនសូវបានទទួលការគាំទ្រទេ ប៉ុន្តែនៅក្រៅប្រទេស ចលនានេះ បានក្លាយជានិមិត្តរូបនៃ ពួកអ្នកនិយមសាធារណរដ្ឋ ប្រឆាំងនឹង«អតីតសហភាពសូវៀត»កុម្មុយនីស។ សកម្មជនជាស្ត្រីទាំងនោះ បានពង្រីកការធ្វើបាតុកម្មរបស់ខ្លួន នៅតាមទីក្រុងធំៗ នៅម៉ូស្គូ និងបណ្ដាប្រទេសនៅ​អ៊ឺរ៉ុប​ខាងលិច ដូចជាប៉ារីស ប្រ៊ុយស៊ែល ... និងនៅកណ្ដាលបូរី វ៉ាទីកង់ (Vatican) នោះថែមទៀត។

គំនិតដែលឈានទៅដល់ ការដោះអាវបញ្ចេញ «សុដន្ដ» បានកើតឡើង នៅក្រោយពេលចាប់កំណើត នាឆ្នាំ២០០៨ របស់ចលនានេះបន្តិច។ ក្នុងពេលដែលកំពុងធ្វើបាតុកម្ម សកម្មជនបានសរសេរឃ្លាមួយ នៅលើខ្នងរបស់ពួកគាត់ ដែល​មិនមានពាក់អាវ។ ប៉ុន្តេអ្នកថតរូបម្នាក់ បានយករូបថតមួយសន្លឹក ដែលនិយាយពី«ស្ត្រី ហ្វេមែន បញ្ចេញសុដន្ដ» ទៅ​ផ្សព្វផ្សាយ ហើយបានទទួលជោគជ័យ ហួសពីការស្មាន។ តាំងពីពេលនោះមក ពួកគេយល់ថា ជាការចាំបាច់មួយ ក្នុង​ការ​អោយសារធារណជន ឆាប់ចាប់អារម្មណ៍ពី«បុព្វហេតុ» របស់ពួកគេ ហើយបន្តិចម្ដង បាតុកម្មដោះអាវ «បញ្ចេញសុដន្ដ» បានក្លាយជាជំនាញ នៅរាល់គ្រប់ការតវ៉ានានា។

ស្ត្រីសកម្មជនទាំងនេះ បានសម្រេចបាននូវគម្រោងការមួយ យ៉ាងពិសេស ដែលធ្វើសម្រាប់ ពេលបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ប្រទេសអ៊ុយក្រែន នៅឆ្នាំ២០១០។ ពេលនោះ ស្ត្រីបួននាក់ បាន«ដោះអាវ» នៅក្នុងការិយាល័យបោះឆ្នោត​មួយ ដែលកំពុងត្រៀម​ចាំទទួលបេក្ខជន និងអនាគតប្រធានាធិបតី វីកទ័រ អ៊ីនូកូវិឆ (Viktor Ianoukovitc)។ លោកអ៊ីនូកូវិឆ ដែល​អ្នកសង្កេតការរបស់បស្ចឹមលោក ថាលោកបានជាប់ជាប្រធានាធិបតី មិនស្របតាមលិទ្ធិប្រជាធិបតេយ្យ។

នៅលើទំព័រហ្វេសប៊ុក របសហ្វេមែន បណ្ដាជនច្រើនជាង៩០ពាន់នាក់ បានចូលមកចុចលើ«ចូលចិត្ត» និងបានចាប់ផ្ដើម ចាក់ឬសរីកជាបណ្ដាញមួយ នៅអ៊ឺរ៉ុប។ នៅប៉ារីស បណ្ដាញហ្វេមែន បានបង្កើតការិយាល័យរបស់ខ្លួន នៅខែកញ្ញា​ឆ្នាំ​២០១២កន្លងមកនេះ។ ការិយាល័យនេះ ដឹកនាំដោយសកម្មជនមួយរូប ដែលបានចូលមកជ្រកកោនផ្នែកនយោបាយ ក្នុងប្រទេសបារាំង ដោយភ័យខ្លាចពីការគាបសង្កត់ របស់អាជ្ញាធរក្នុងប្រទេសដើម។

បន្ទាប់ពីនេះមក ស្ត្រីសកម្មជនមួយរូបទៀត ក៏បានរើផ្ទះមកនៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ដើម្បីដឹកនាំចលនានេះ ក្នុងប្រទេសមួយទៀតនៅអ៊ឺរ៉ុប។ នាងអាណា ហ្គូតសូល (Anna Goutsol) អ្នកដឹកនាំម្នាក់ របស់ហ្វេមែន បានថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មានបារាំង ថា«បន្ទាប់ពីអ៊ឺរ៉ុប យើងសង្ឃឹមថា នឹងអាចមានបណ្ដាញបន្តទៅទៀត នៅទ្វីបអាហ្វ្រិក​ខាង​ជើង និងអាមេរិកខាងត្បូង»។

ប្រវត្តិវិទូជាច្រើនបាននិយាយថា ហ្វេមែន ជារលកចលនាស្ត្រី ទីបី នៅក្នុងប្រវត្តិសាស្ត្រ។ តែក្នុងពេលបច្ចុប្បន្ន ចលនានេះ​មិនមានបំណង គ្រាន់តែទាមទារសិទ្ធិស្ត្រីស្មើរភាព ជាមួយនឹងបុរសប៉ុណ្ណោះទេ តែថែមទាំងចង់ធ្វើ​«នយោបាយនីយកម្ម» ទៅលើបញ្ហា​ផ្លូវភេទ និងដើម្បីការពារលទ្ធិប្រជាធិតេយ្យ នោះទៀតផង៕

----------------------------------------
ដោយ៖ ដ.កែវ - ប៉ារីស ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments