សេក បណ្ឌិត (វិទ្យុអាស៊ីសេរី) ពត់​ខ្លួន​ស្ងាប​មួយ​ចាស់​ដៃ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់!

រូបភាពផ្សាយផ្ទាល់​ដ៏កម្រ សម្រាប់ពិធីករ​ឬពិធីការិនីទាំងឡាយ នៅក្នុងលោក! លោក សេក បណ្ឌិត ដែលគេស្គាល់ថា ជាអ្នកអានព័ត៌មានមួយរូប របស់វិទ្យុអាស៊ីសេរី បានពត់ខ្លួនស្ងាបយ៉ាងអស់ពីពោះ នៅក្នុងការផ្សាយបន្តផ្ទាល់ កាលពីយប់ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។
សេក បណ្ឌិត (វិទ្យុអាស៊ីសេរី) ពត់​ខ្លួន​ស្ងាប​មួយ​ចាស់​ដៃ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់!
ទិដ្ឋភាពនៃការពត់ខ្លួនស្ងាប របស់លោក សេក បណ្ឌិត អ្នកអានព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 13, 2017
  • ប្រធានបទ: ពិធីករស្ងាប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមទំនងមើល លោក សេក បណ្ឌិត អាចជាអស់កម្លាំងខ្លាំង ឬទ្រាំមិនបាន​នឹងស្ដាប់ព័ត៌មានដ៏«ពិរោះ» របស់សហការីលោក ទាក់ទងនឹងទីលានប្រជល់មាន់ធំៗជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មសិទ្ធិរបស់ក្មួយប្រសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន! រំពេចនោះ រូបភាពដ៏អស្ចារ្យមួយបានកើតឡើង នៅក្នុងកម្មវិធីវិទ្យុ ដែលកំពុងផ្សាយ ជាវីដេអូបន្តផ្ទាល់ ទាំងនៅលើគេហទំព័រផ្លូវការ ទំព័រហ្វេសប៊ុក (Facebook) និងទំព័រយូធូប (Youtube) របស់វិទ្យុអាស៊ីសេរី៖ នោះ គឺអ្នកអានព័ត៌មានខាងលើ ប្រចាំឲ្យវិទ្យុដ៏មានប្រជាប្រិយភាព បាន​ពត់ខ្លួន​និងហាមាត់ស្ងាបយ៉ាងចាស់ដៃ ហាក់ដូចជានៅជុំវិញខ្លួនលោក គ្មានរឿងអ្វីកើតឡើងទាំងអស់។

រូបភាពដ៏អស្ចារ្យ ត្រូវបានគេឃើញនៅពេលផ្សាយផ្ទាល់ ប៉ុន្តែវីដេអូដែលមានរូបភាពនោះ ត្រូវបានលប់ចេញ នៅប្រមាណជាមួយម៉ោងក្រោយការផ្សាយ និងជំនួសដោយវីដេអូមួយទៀត ដែលគ្មានរូបភាពពត់ខ្លួនស្ងាបនេះទេ។

ការពត់ខ្លួនស្ងាបរបស់លោក សេក បណ្ឌិត អាចត្រូវពន្យល់បានថា នោះគឺដោយសារតែការខុសម៉ោងគ្នា រវាងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងម៉ោងនៅក្នុងប្រទេសកម្ពុជា ដែលអាមេរិក (តំបន់ខាងកើត) យឺតជាងកម្ពុជា ១២ម៉ោង។ ដូច្នេះបើម៉ោងផ្សាយវិទ្យុ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមនៅម៉ោង ១៩ និង៣០នាទីយប់ នោះម៉ោងផ្សាយវិទ្យុដដែល នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវជាម៉ោង ៧ និង៣០នាទីព្រឹក ក្នុងថ្ងៃតែមួយ។

ប៉ុន្តែ ដើម្បីអាចផ្សាយជូនជាព័ត៌មានទាំងនេះបាន បុគ្គលិកវិទ្យុអាស៊ីសេរី ដែលទទួលភារៈរៀបចំព័ត៌មាន ត្រូវងើបតាំងពីយប់ទាបភ្លឺ ដើម្បីចូលមកកាន់ការិយាល័យ ឲ្យបានមុនម៉ោងផ្សាយខាងលើនេះ ជាច្រើនម៉ោង។ បុគ្គលិកទទួលភារៈទាំងនោះ ត្រូវរៀបចំស្វែងរក និងទទួលព័ត៌មាន ហើយយកមកកាត់ត ថតសម្លេង មុននឹងដាក់ផ្សាយ ចេញជាព័ត៌មានសម្រាប់អ្នកស្ដាប់ទាំងឡាយ នៅជុំវិញពិភពលោក។

បុគ្គលិកអាស៊ីសេរីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ធ្លាប់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បើសិនជាមានព្រឹត្តិការណ៍ក្ដៅ ឬបន្ទាន់ ទោះជាព្រឹត្តិការណ៍នោះ កើតមាននៅក្នុងប្រទេសកម្ពុជា ឬនៅទីណាក្ដី បុគ្គលិកទទួលភារៈរៀបចំព័ត៌មាន ថែមទាំងត្រូវធ្វើការជាប្រចាំ ទាំងយប់នៅក្នុងបន្ទប់ធ្វើការ និងថតសម្លេង របស់វិទ្យុអាស៊ីសេរី ដោយមិនបានទទួលទានដំណេក សូម្បីតែមួយនាទីនោះផងទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...