«បុរស​ពីងពាង»​ផ្លោះតោង​អាគារ​៤ជាន់ ដើម្បី​សង្គ្រោះកុមារ​ម្នាក់

គេធ្លាប់បានទស្សនា «បុរសពីងពាង» ឬ «Spiderman» នៅក្នុងភាពយន្ដអាមេរិក។ តែនៅថ្ងៃនេះ យុវជនម្នាក់នេះ​ បានលោតតោងអាគារ កំពស់៤ជាន់ នៅកណ្ដាលរដ្ឋធានី ប៉ារីស (បារាំង) ដោយផ្លោះពីជាន់មួយទៅជាន់មួយទៀត និងប្រើពេលតែ៣០វិនាទីប៉ុណ្ណោះ ដើម្បីសង្គ្រោះកុមារម្នាក់ ដែលកំពុងព្យួរខ្លួន នៅក្រៅរានហាល នៃអាគារនោះ។ អ្នកផងបានហៅយុវជននេះ ថាជា «បុរសពីងពាង»។
«បុរស​ពីងពាង»​ផ្លោះតោង​អាគារ​៤ជាន់ ដើម្បី​សង្គ្រោះកុមារ​ម្នាក់
យុវជន «Mamoudou Gassama» កំពុងតោងចម្រឹងដែក និងលោតផ្លោះពីជាន់មួយ ទៅជាន់មួយទៀត ដើម្បីសង្គ្រោះកុមារ ដែលកំពុងព្យួរខ្លួន នៅខាងលើ រកកលធ្លាក់មកដី។ (រូបថតផ្តិតពីអេក្រង់វីដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 28, 2018
  • ប្រធានបទ: វីរភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាទិដ្ឋភាព ដែលគួរឲ្យកោតស្ងប់ស្ងែង និងទ្រាំមិនសរសើរមិនបាន។ យុវជនស្បែកខ្មៅម្នាក់នេះ ត្រូវបានអភិបាលរដ្ឋធានី ប៉ារីស អ្នកស្រី អាន អ៊ីដាល់ហ្គោ (Anne Hidalgo) ហៅថា ជា«បុរសពីងពាង» ឬ«Spiderman» ក្នុងពេលដំបូង មុននឹងប្ដូរហៅ ជា«កំពូលអ្នកក្លាហាន» បន្ទាប់ពីអ្នកស្រីបានជួយជជែកតាមទូរស័ព្ទ ជាមួយយុវជនរូបនេះ នៅពេលក្រោយមក។ 

រឿងរ៉ាវ បានកើតឡើងនៅយប់ថ្ងៃសៅរ៍ ក្នុងសង្កាត់ទី១៨ នៃរដ្ឋធានី ប៉ារីស វេលាម៉ោង​ប្រមាណ​ជាង២០ ពោលគឺនៅមុន​ការប្រកួត​បាល់ទាត់ វគ្គផ្ដាច់ព្រ័ត្រ រវាងក្រុម រៀលម៉ាឌ្រីត និងក្រុម លីវើភូល ក្របខណ្ឌ«Champions League»។ យុវជន​ខាងលើ ដែលមានអាយុ ២២ឆ្នាំ បានធ្វើដំណើរទៅកាន់សង្កាត់នោះ ដើម្បីស្រស់ស្រូបអាហារពេលល្ងាចផង និងដើម្បីទស្សនា ការប្រកួតបាល់ទាត់ ដែលត្រូវចាក់បញ្ចាំង នៅក្នុងភោជនីយដ្ឋានផង។

ប៉ុន្តែមនុស្សម្នាប្រមូលគ្នាជុំ ជាមួយនឹងសម្លេងស្រែកឆោឡោ និងស៊ីផ្លេរថយន្ដ នៅលើដងផ្លូវខាងមុខ បានទាញអារម្មណ៍ ឲ្យយុវជនចោលភ្នែក ដើម្បីស្វែងយល់ពីរឿងរ៉ាវ។ នោះគឺជាហេតុការណ៍ ដែលអាចក្លាយជារឿងអាណោចអាធ័ម៖ កុមារម្នាក់កំពុងព្យួរខ្លួន ដោយតោងបង្កាន់ដៃរានហាល នៅផ្នែកខាងក្រៅរានហាល នៅជាន់ទី៤ នៃអាគារមួយ។

ដោយមិនគិតយូរ យុវជន «Mamoudou Gassama» ដែលមានតែដៃទទេ បានរត់ពីចំងាយ និងចាប់ផ្ដើមតោងចម្រឹងដែក ដែលមាន​នៅ​ខាង​ក្រោមអាគារ មុននឹងផ្លោះទៅកាន់ជាន់ទីមួយ និងលោតផ្លោះជាបន្តបន្ទាប់ទៀត រហូតឡើងដល់ជាន់ទី៤ ទីកន្លែង​ដែលកុមារកំពុងយោកខ្លួន រកកលចង់ធ្លាក់មកដី។ ការលោតផ្លោះ ឡើងទៅដល់ទីនោះ ត្រូវបានយុវជនប្រើពេល មិនទាំងបាន ៣០វិនាទី​ស្រួលបួល​ផងទេ។

បន្ទាប់ពីឡើង ទៅដល់ជាន់ទី៤ យុវជនដ៏ក្លាហាន បានទាញកុមារមកក្នុងរានហាលវិញ និងបន្តជាប់នៅទីនោះ (ទ្វាផ្ទះនៃជាន់ទីបួននោះ ជាប់សោរពីក្នុង) រហូតលុះត្រា​ក្រុមអ្នកជួយសង្គ្រោះ បានមកដល់។ គេនៅមិនទាន់ដឹងពីមូលហេតុ ដែលកុមារតូចអាយុទើបតែ៤ឆ្នាំម្នាក់នេះ ត្រូវបានឪពុកទុកចោល ឲ្យនៅម្នាក់ឯងដូច្នេះ​នៅឡើយ។ ការស៊ើបអង្កេតមួយ ត្រូវបានអាជ្ញាធរបើកធ្វើ ដើម្បីស្វែងរកការបំភ្លឺ ក្នុងសំនុំរឿង។

យុវជន «Mamoudou Gassama» ដែលអះអាងថា ខ្លួនមានអាការៈឈឺនៅត្រង់ជង្គង់ និងកុមារ ដែលស្ថិតក្នុងសភាពភិតភ័យ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ បន្ទាប់មក កុមារត្រូវបានយកទៅដាក់ ក្នុងមណ្ឌលគាំពារកុមារ នៃរដ្ឋធានី ប៉ារីស មួយកន្លែង ដើម្បីរង់ចាំការសម្រេច ពីតុលាការ។ ខណៈឪពុកកុមារ ត្រូវបាននគរបាលចាប់ឃុំខ្លួន ជាបណ្ដោះអាសន្ន ពីបទ«ចន្លោះប្រហោង ចំពោះភារកិច្ចជាឪពុកម្ដាយ» ហើយនឹងត្រូវនាំមកបង្ហាញខ្លួន នៅមុខរដ្ឋអាជ្ញា នៅថ្ងៃចន្ទនេះ។ 

 

រីឯ យុវជន «Mamoudou Gassama» វិញ បានចេញពីមន្ទីរពេទ្យ និងបានផ្ដល់បទសម្ភាស ឲ្យប្រព័ន្ធផ្សព្វផ្សាយថា៖ «ខ្ញុំស្រឡាញ់​កូនក្មេង​ជាទីបំផុត ហើយ​ខ្ញុំមិនចង់ឲ្យពួកវា កើតមានហេតុអ្វី នៅនឹងមុខខ្ញុំទេ»។ អ្នកការសែតបន្តសួរថា តើលោកភ័យឬទេ ដែលលោក បានលោតផ្លោះ តោងពីជាន់មួយ ទៅជាន់មួយដូច្នេះ? យុវជនអាយុ២២ឆ្នាំ បានឆ្លើយថា៖ «ខ្ញុំមិនបានគិតដល់ទេ។ ខ្ញុំគ្រាន់តែចង់ជួយសង្គ្រោះ កូនក្មេងនោះប៉ុណ្ណោះ»។

ព័ត៌មាន ដែលនិយាយពី «បុរសពីងពាង» ខាងលើ ត្រូវបានផ្សព្វផ្សាយ នៅពេញមួយថ្ងៃអាទិត្យនេះ និងរីករាលដាល ទៅពាសពេញទ្វីបអ៊ឺរ៉ុប។ អ្នកនយោបាយបារាំងជាច្រើននាក់ បានចេញមុខម្នាក់ម្ដងៗ មកសាទរកាយវិការ នៃ​«កំពូលអ្នកក្លាហាន»​ជាតិម៉ាលី​ខាងលើ ដែលមិនមានក្រដាសស្នាមរស់នៅត្រឹមត្រូវ​ ក្នុងប្រទេសបារាំងផងទេ។ អភិបាលរដ្ឋធានី ប៉ារីស អ្នកស្រី អាន អ៊ីដាល់ហ្គោ ដែលជួបជជែកតាមទូរស័ព្ទ ជាមួយយុវជនក្លាហាន បានថ្លែងជាសាធារណៈ ពីស្ថានភាពរបស់យុវជនរូបនេះ ថាបានចាកចេញ ពីប្រទេសម៉ាលី (អាហ្វ្រិកខាងលិច) មករស់នៅក្នុងប្រទេសបារាំង កាលពីប៉ុន្មានខែមុន។

អ្នកស្រីបន្តថា៖ «កាយវិការប្រកបដោយវីរភាពរបស់យុវជន គឺជាគំរូមួយ សម្រាប់ពលរដ្ឋទាំងអស់ ហើយរដ្ឋធានី ប៉ារីស នឹងគាំទ្រយុវជននេះ នៅក្នុងនីតិវិធីទាំងឡាយ ដើម្បីអាច​តាំងទីលំនៅ និងរស់នៅ (ដោយស្របច្បាប់) នៅក្នុងប្រទេសបារាំង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...