«ឆ្នាំ២០២២ កម្ពុជា​នៅ​តែ​ក្រ» ខុស​ពី​ការ​អះអាង​របស់ ហ៊ុន សែន

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលចេញនៅខែតុលាកន្លងមកនេះ បានលើកឡើងពីការប៉ាន់ប្រមាណរបស់ខ្លួនថា នៅឆ្នាំ២០២២ខាងមុខ ប្រទេសកម្ពុជា​នឹងនៅតែជាប្រទេស ដែលមានប្រាក់ចំណូលទាបជាងគេ នៅក្នុងតំបន់អាស៊ាន។ ការប៉ាន់ប្រមាណនោះ បានអះអាងថា ប្រាក់ចំណូលកម្រិតមធ្យមរបស់កម្ពុជា ធ្លាក់មកនៅទាបជាងប្រទេសភូមា ខណៈកម្ពុជាគ្រាន់ជាងភូមា សម្រាប់របាយការណ៍ក្នុងឆ្នាំនេះ។
«ឆ្នាំ២០២២ កម្ពុជា​នៅ​តែ​ក្រ» ខុស​ពី​ការ​អះអាង​របស់ ហ៊ុន សែន
រវាងក្បាលពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្បាលពោះពលរដ្ឋ ដែលរងគ្រោះមិនចេះចប់មិនចេះហើយ ពីគ្រោះថ្នាក់ចរាចរណ៍។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 08, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund - IMF) ដែលទើបនឹងចេញផ្សាយ នៅក្នុងខែតុលា ឆ្នាំ​២០១៧នេះ បានបញ្ជាក់ឲ្យដឹងជាថ្មី ពីកម្រិតប្រាក់ចំណូលមធ្យម (GDP) របស់ប្រទេសកម្ពុជា ដែលគ្រាន់ជាងប្រទេសភូមាបន្តិច សម្រាប់ពេលបច្ចុប្បន្ន តែបានធ្លាក់ខ្លួន«អន់ជាងគេបង្អស់» នៅឆ្នាំ២០២២ សម្រាប់ការប៉ាន់ប្រមាណ របស់អង្គការអន្តរជាតិមួយនេះ។ ការអះអាងរបស់ស្ថាប័នអន្តរជាតិ បានធ្វើឡើងផ្ទុយពីការលើកឡើងថ្មីៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសថា លោកនឹងដឹកនាំប្រទេសដ៏ក្រីក្រមួយនេះ ឲ្យប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតទាប មកជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ វិញ ក្នុងរយៈពេលច្រើនសិបឆ្នាំទៅមុខ។

លោក ហ៊ុន សែន បានអះអាងដូច្នេះ នៅក្នុងអង្គពិធី នៃកិច្ចសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោក ដែលរៀបចំឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងដោយមោទនភាពថា៖ «ក្នុងអំឡុងពេលដែល (...) គណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងតួនាទីជាអ្នកដឹកនាំប្រទេស កម្ពុជាសម្រេចបាននូវ (...) សន្តិភាពនិងការបង្រួបបង្រួមជាតិដ៏ពេញលេញ (...) ដែលនាំកម្ពុជាឲ្យឆ្លងផុត ពីថានៈនៃប្រទេសដែលមានចំណូលទាប ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងសម្លឹងខ្ពស់ទៅមុខ នៅក្នុងមហិច្ចតាប្រែក្លាយខ្លួន ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០»។

សម្រាប់មូលនិធិរូបិយវត្ថុ​អន្តរជាតិ មិនបានបង្ហាញ ពីភាពរីកចំរើនអីណាស់ណា នៃការរកប្រាក់ចំណូលក្នុងប្រទេសកម្ពុជា សម្រាប់បណ្ដាឆ្នាំខាងមុខនោះទេ។ បើតាមរបាយការណ៍ ចេញផ្សាយក្នុងខែតុលា របស់អង្គការអន្តរជាតិដ៏ធំមួយនេះ បានអះអាងថា នៅឆ្នាំ២០២២ខាងមុខ ប្រទេសកម្ពុជានៅតែមានចំណូលជាមធ្យម នៅក្នុងកម្រិតដ៏ទាបដដែល (តែ ១ ៩៧៩ដុល្លារប៉ុណ្ណោះ) ក្នុងមួយឆ្នាំ បើប្រៀបធៀប ត្រឹមតែនៅក្នុងតំបន់អាស៊ាន ឬប្រៀបធៀបជាមួយប្រទេសជាច្រើនទៀត នៅក្នុងតំបន់ជុំវិញមហាសាគរប៉ាស៊ីភិក។

ក្នុងឆ្នាំ២០២២ កម្ពុជាថែមទាំងធ្លាក់ចំណាត់ថ្នាក់ អន់ជាងប្រទេសភូមា ដែលទើបនឹងមានសន្ទុះសេដ្ឋកិច្ចកើនឡើង ក្នុងមួយឆ្នាំចុងក្រោយនេះ និងដែលមានចំណាត់ថ្នាក់​ឆ្នាំ២០១៧ អន់ជាងកម្ពុជា​បន្តិចនោះផង។ តារាងក្នុងឆ្នាំនេះ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ជាក់ថា ពលរដ្ឋកម្ពុជាម្នាក់ៗ រកចំណូលបាន១៣៨៩ដុល្លារ ខណៈពលរដ្ឋភូមាម្នាក់ៗ រកចំណូលបាន ១២៧២ដុល្លារ។

» ខាងក្រោមនេះ ជាតារាងប្រាក់ចំណូលជាមធ្យម ក្នុងមួយឆ្នាំ នៃពលរដ្ឋម្នាក់ៗ របស់បណ្ដាប្រទេសនៅអាស៊ាន សម្រាប់ឆ្នាំ២០១៧៖

» ខាងក្រោមនេះ ជាតារាងប្រាក់ចំណូលជាមធ្យមក្នុងមួយឆ្នាំ នៃពលរដ្ឋម្នាក់ៗ របស់បណ្ដាប្រទេសនៅអាស៊ាន និងបណ្ដាប្រទេសនៅក្នុងតំបន់ផ្សេងទៀត សម្រាប់ឆ្នាំ២០២២ (ការប៉ាន់ប្រមាណ)៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់