ប្រធានាធិបតី​ចិន​ចាត់​ទុក ហ៊ុន សែន ជា​«មិត្ត​ដ៏​ពិត​ប្រាកដ​ម្នាក់»

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នារដ្ឋធានីប៉េកាំង ក្នុងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន និងជាអគ្គលេខាធិការគណបក្ស​កុម្មុយនីស្ដ​ចិន បានគូសបញ្ជាក់ជាថ្មីថា លោក ហ៊ុន សែន គឺជា«មិត្តដ៏ល្អ មិត្តចាស់ និងជាមិត្តដ៏ពិតប្រាកដ» របស់ចិន។
ប្រធានាធិបតី​ចិន​ចាត់​ទុក ហ៊ុន សែន ជា​«មិត្ត​ដ៏​ពិត​ប្រាកដ​ម្នាក់»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 01, 2017
  • ប្រធានបទ: ចំណងខ្មែរចិន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួបក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន រវាងមេដឹកនាំទាំងពីរ កម្ពុជា-ចិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើន របស់ប្រទេសចិន យកមករាយការណ៍ តែគេមិនឃើញ មានការទម្លាយពីភាពលំអិត នៃកិច្ចពិភាក្សាគ្នានោះទេ។ មានតែប្រព័ន្ធទូរទូស្សន៍រដ្ឋចិន ឈ្មោះ «CGTN» តែមួយគត់ ដែលបានដកស្រង់ យកមករាយការណ៍ នូវសំដីនៃមេដឹកនាំទាំងពីរ ដែលត្រូវបានធ្វើឡើង ក្រោមប្រធានបទគន្លឹះ «ចិននឹងកសាងសហគមន៍ នៃជោគវាសនារួម ជាមួយកម្ពុជា»។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កំពុងធ្វើទស្សនកិច្ច នៅក្នុងប្រទេសចិន ដើម្បីចូលរួមកម្មវិធី នៃកិច្ចសន្ទនាកម្រិតខ្ពស់មួយ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា មកពីជុំវិញពិភពលោក ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៧​នេះ។

នៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចាត់ទុកលោក ហ៊ុន សែន ថាជា «មិត្តដ៏ល្អ មិត្តចាស់ និងមិត្តដ៏ពិតប្រាកដ» របស់ប្រទេសចិន និងបានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេរភាគី ចិន-កម្ពុជា ក្នុងពេលបច្ចុប្បន្ន មានសភាពដ៏ល្អប្រសើរមួយ ពីចំណោមស្ថានភាព ដ៏ល្អប្រសើរទាំងឡាយ នៅក្នុងប្រវត្តិសាស្ត្រ។

ទស្សនវិស័យជាយុទ្ធសាស្ត្រ...

ល្អប្រសើរប៉ុណ្ណេះ នៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះប្រធានាធិបតីចិន នៅបានធ្វើការអំពាវនាវ ឲ្យភាគីទាំងពីរ ត្រូវចេះ«ឆក់ឱកាស» ពីទំនាក់ទំនងដ៏ល្អនេះ ដើម្បីជំុរុញធ្វើឲ្យជឿនលឿនទៅមុខ កាន់តែខ្លាំងថែមទៀត នូវចំណងទាក់ទង របស់ប្រទេសទាំងពីរ។ លោក ស៊ី ជីងពីង បានបន្តថា ចិនតែងតែមើលឃើញ និងចាត់ទុក ទំនាក់ទំនងរវាងចិន-កម្ពុជា នៅក្នុង«ទស្សនវិស័យជាយុទ្ធសាស្ត្រមួយ និងមានរយៈពេលយូរអង្វែង»។

លោក ស៊ី បានថ្លែងឡើងថា៖ «រដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ប្រទេសចិន លើបញ្ហាដែលពាក់ព័ន្ធ នឹងផលប្រយោជន៍ស្នូល របស់ខ្លួន»។

ប្រធានាធិបតីចិន នៅបានសន្យាចំពោះលោក ហ៊ុន សែន ថាប្រទេសចិន នឹងបន្តកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និត នៅលើវិស័យជាច្រើន ជាមួយកម្ពុជា ក្នុងនោះរួមទាំង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ «UN» កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីខាងកើត និងយន្តការ នៃកិច្ចសហប្រតិបត្តិការ ទន្លេមេគង្គ។ លោក ស៊ី បានបន្តថា៖ «យើងគួរតែបង្កើតសហគមន៍ ដែលមានជោគ​វាសនារួមគ្នា រវាងចិន និងកម្ពុជា‍‍‍»។

ជាការឆ្លើយតបវិញ លោក ហ៊ុន សែន ត្រូវបានទូរទស្សន៍រដ្ឋចិនដដែល ដកស្រង់សំដីមកចុះផ្សាយថា លោកបានសំដែងការអបអរសាទរ ចំពោះលោក ស៊ី ជីងពីង ដែលបានជាប់ឆ្នោតជាថ្មី ក្នុងតំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្ដចិន។ បុរសខ្លាំងកម្ពុជា បានគូសបញ្ជាក់ថា៖ «យើងពេញចិត្ត ជាមួយនឹងជំនឿចិត្តដ៏ខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជាចិន ហើយយើងសង្ឃឹម ធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត ក្នុងទំនាក់ទំនងជាមួយចិន ក៏ដូចជាការបង្កើនសមត្ថភាព ទៅលើអភិបាលកិច្ច»។

គួរកត់សម្គាល់ដែរថា នៅក្នុងជំនួបនេះ គេមិនឃើញមេដឹកនាំទាំងពីរ បានធ្វើការផ្លាស់ប្ដូរយោបល់គ្នា នៅចំពោះស្ថានការណ៍នយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជានោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...