សារព័ត៌មាន​អ៊ឺរ៉ុប៖ វាសនា​មាន់​ជល់​កម្ពុជា​បញ្ចប់​ទៅ នៅ​ក្នុង​ឆ្នាំង​នគរបាល

ជាព្រឹត្តិការណ៍ ដែលល្បីពីប្រទេសកម្ពុជា ដើម្បីបញ្ចប់ឆ្នាំ២០១៧ ហើយត្រូវបានសារព័ត៌មាននៅអ៊ឺរ៉ុប យកមកផ្សាយ។ នោះគឺ មាន់ជល់ចំនួន៩២ក្បាល បានបញ្ចប់វាសនារបស់ពួកវានៅទីបំផុត គឺនៅក្នុងឆ្នាំងរបស់ក្រុមនគរបាលខេត្តកណ្ដាល។
សារព័ត៌មាន​អ៊ឺរ៉ុប៖ វាសនា​មាន់​ជល់​កម្ពុជា​បញ្ចប់​ទៅ នៅ​ក្នុង​ឆ្នាំង​នគរបាល
សកម្មភាពកម្ទេចមាន់ជល់ របស់ក្រុមនគរបាលខេត្តកណ្ដាល ដែលត្រូវបានថតយកមកផ្សាយ នៅលើបណ្ដាញសង្គម។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: January 01, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាសារព័ត៌មានមួយចំនួននៅអ៊ឺរ៉ុប បានដកស្រង់ ឬបានផ្សាយទាំងស្រុង ក្នុងចុងសប្ដាហ៍កន្លងមកនេះ នូវអត្ថបទព័ត៌មានដ៏ពិសេសមួយ របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ដែលបានរាយការណ៍ពីប្រទេសកម្ពុជា នូវព្រឹត្តិការណ៍ «កម្ទេចមាន់ជល់៩២ក្បាល» ធ្វើឡើងដោយអាជ្ញាធរកម្ពុជា មុននឹងយកសាកសពមាន់ ដែលទទួលទោសប្រហារជីវិតទាំងនោះ មកបរិភោគទៅហោង។

សារព័ត៌មានខ្លះបានសរសេរលើកជាសំនួរឡើងថា៖ «តើគេត្រូវធ្វើដូចម្ដេច ចំពោះមាន់ជល់ទាំង៩២ក្បាល ដែលត្រូវបានរឹបអូស ពីទីលានប្រជល់មាន់ខុសច្បាប់មួយកន្លែងនោះ?» ហើយសារព័ត៌មាននោះ បានឆ្លើយដោយខ្លួនឯង តាមបែបចំអកដូច្នេះ៖ «នៅកម្ពុជា ក្រុមនគរបាលបានកំណត់យ៉ាងច្បាស់ហើយថា សត្វមាន់ត្រូវបានសម្លាប់ និងយកមកធ្វើម្ហូប ដើម្បីធ្វើពិធីជប់លៀង»។

សារព័ត៌មានបានស្រង់សំដី របស់លោក រឿន ណារ៉ា នាយរងនគរបាលខេត្តកណ្ដាល មកបញ្ជាក់ថា៖ «កាលពីថ្ងៃពុធ យើងបានឲ្យមាន់ទាំងនេះ ទៅកងកម្លាំងនគរបាលរបស់យើង ដើម្បីយកទៅបរិភោគ»។

អត្ថបទស្ដីពី«ការប្រហារជីវិតមាន់ជល់» បានរំលឹកមកវិញ ពីព្រឹត្តិការណ៍នៃការចូលឆ្មក់ របស់កងកម្លាំងនគរបាល ទៅឆែកឆេរទីលានប្រជល់មាន់ធំៗ ច្រើនកន្លែង នៅក្នុងខេត្តកណ្ដាល និងខេត្តតាកែវ កាលពីដើមធ្នូកន្លងមក។ ទីលានប្រជល់មាន់ទាំងនោះ ជាកម្មសិទ្ធិរបស់លោក ថៃ ផានី ដែលជាប់សែស្រឡាយ ជាក្មួយថ្លៃរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីមិនរង្គើពីតំណែង តាំងពីច្រើនសិបឆ្នាំមកហើយ។

បើទោះជាអាជ្ញាធរបានរកឃើញថា លោក ថៃ ផានី បានប្រព្រឹត្តិការភ្នាល់ជល់មាន់ និងបង្កើតសង្វៀនប្រជល់ដោយខុសច្បាប់ក៏ដោយ តែក្មួយសាច់ថ្លៃរបស់នាយករដ្ឋមន្ត្រីរូបនេះ ទទួលការសម្រេចពីតុលាការខេត្តកណ្ដាល នៅត្រឹមការដាក់រូបលោក ក្រោមការត្រួតពិនិត្យ​ពីស្ថាប័នតុលាការ (ពោលគឺរស់នៅដូចគេឯងធម្មតា) ប៉ុណ្ណោះ។ មនុស្សសង្ស័យមួយចំនួនទៀត ដែលត្រូវបានឃាត់ខ្លួន នៅពេលអន្តរាគមន៍របស់នគរបាល ក៏ត្រូវបានដោះលែងវិញដែរ បន្ទាប់ពីតុលាការបង្គាប់ ឲ្យបង់ការផាកពិន័យបន្តិចបន្តួច។

ប៉ុន្តែក្រុមសារព័ត៌មានអ៊ឺរ៉ុប នៅបានលើកយកមកចុះផ្សាយដូចគ្នា នូវសាធារណៈមតិជាច្រើន ដែលរិះគន់ការសម្រេចខាងលើ របស់តុលាការ ខណៈស្ថាប័នយុត្តិធម៌របស់កម្ពុជា តែងរងការចោទថា មានពោរពេញដោយអំពើពុករលួយ និងធ្វើតាមតែការចង្អុល របស់អ្នកមានអំណាច។ ការរិះគន់ទាំងនោះ ត្រូវបានធ្វើពោរពាស នៅលើបណ្ដាញសង្គម ដោយភ្ជាប់មកជាមួយ នូវរូបភាពចំអក និងខ្លះទៀត ថែមទាំងបានធ្វើចេញ ជាវីដេអូនោះផងទៀត៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...