ឆ្នាំថ្មី ដូណាល់ ត្រាំ លត់​អៀរ៉ង់​និង​ប៉ាគីស្ថាន​តាម​ទ្វីសធើរ

ពីក្នុងចំណោមសារដំបូងគេ ដែលលោក ដូណាល់ ត្រាំ (Donald Trump) បង្ហោះនៅលើបណ្ដាញសង្គម ទ្វីសធើរ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៨នេះ មានសារមួយចំនួន ត្រូវបានប្រធានាធិបតីអាមេរិករូបនេះ វាយប្រហារដោយត្រង់ៗ ទៅកាន់របបគ្រប់គ្រង របស់ប្រទេសអៀរ៉ង់ និងប្រទេសប៉ាគីស្ថានតែម្ដង។
ឆ្នាំថ្មី ដូណាល់ ត្រាំ លត់​អៀរ៉ង់​និង​ប៉ាគីស្ថាន​តាម​ទ្វីសធើរ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ មករា ២០១៨
  • កែប្រែចុងក្រោយ: January 02, 2018
  • ប្រធានបទ: អៀរ៉ង់-ប៉ាគីស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចទម្លាប់រាល់ដង ប្រធានាធិបតីអាមេរិកបានអបអរសាទរឆ្នាំថ្មី ឆ្នាំ២០១៨នេះ ដោយបង្កើតឲ្យផ្ទុះជាសង្គ្រាមសំដីឡើង៖ នោះ គឺលោកបានបង្ហោះសារនៅលើទំព័រទ្វីសធើររបស់លោក វាយប្រហារដោយផ្ទាល់ ប្រឆាំងរបបដឹកនាំរបស់ប្រទេសពីរ នៅក្នុងតំបន់អាស៊ីខាងត្បូង។

សារទាំងនោះ ត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) បង្ហោះក្នុងឆ្នាំថ្មី អះអាងពី «ពេលវេលាសមល្មម ដែលត្រូវប្ដូរ» ដោយភ្ជាប់នឹងសារមុនៗ ដែលលោកបានបង្ហោះ នៅចុងឆ្នាំចាស់ បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះអំពើហិង្សាជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយ នៅក្នុងប្រទេសអៀរ៉ង់។ លោកប្រធានាធិបតី បានសរសេរថា៖ «អៀរ៉ង់ បានបរាជ័យនៅគ្រប់វិស័យទាំងអស់ បើទោះជាមានកិច្ចព្រមព្រៀងដ៏អាក្រក់មួយ ត្រូវបានធ្វើក្នុងពេលកន្លងមក ជាមួយរដ្ឋាភិបាលប្រធានាធិបតី អូបាម៉ា ក៏ដោយ»។

នេះជាសារលើកទីបី ដែលលោក ដូណាល់ ត្រាំ បានបង្ហោះវាយប្រហាររបបដឹកនាំអៀរ៉ង់ បើរាប់ចាប់តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមក។ លោកបន្តថា៖ «ប្រជាជនអៀរ៉ង់ដ៏អស្ចារ្យ បានរងការរឹតត្បិត តាំងពីច្រើនឆ្នាំមកហើយ។ ពួកគេស្រេកឃ្លានអាហារ និងសេរីភាព។ ភាពរ៉ុងរឿងនៃប្រទេសអៀរ៉ង់ ត្រូវបានរឹបអូស ដូចយ៉ាងសិទ្ធិមនុស្សជាដើម។ វាដល់ពេលហើយ ដែលត្រូវប្ដូរ។»។

នៅមុនសារខាងលើនេះ ប្រធានាធិបតីអាមេរិកបានបង្ហោះសារ សម្រាប់ប្រទេសប៉ាគីស្ថាន ដោយមានខ្លឹមសារថា៖ «សហរដ្ឋអាមេរិកបានផ្ដល់ជំនួយ ចំនួន ៣៣ពាន់លានដុល្លារ ទៅឲ្យប្រទេសប៉ាគីស្ថាន នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ តែមេដឹកនាំរបស់ប្រទេសនេះ មិនបានឲ្យអ្វីសោះ មកយើងវិញឡើយ ក្រៅតែពីពាក្យភូតកុហក និងភាពពុតត្បុត ដោយចាត់ទុកមេដឹកនាំរបស់យើង សុទ្ធសឹងជាមនុស្សភ្លីភ្លើ»។

លោក ត្រាំ បានគម្រាម ផ្ដាច់​រាល់​ជំនួយ​អាមេរិកទាំងអស់ សម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ លោកថា៖ «មេដឹកនាំប៉ាគីស្ថាន ទទួលឲ្យជ្រកកោន នូវបណ្ដាភេរវជន ដែលយើងតាមប្រមាញ់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលហាក់ដូចជាបានជួយអ្វី ខ្លាំងក្លានោះឡើយ។ ដូច្នេះរឿងរ៉ាវខាងលើ ត្រូវតែបញ្ចប់។»។

សម្រាប់ប្រទេសប៉ាគីស្ថានវិញ មិនបាននៅតំអក់យូរ ក្នុងការធ្វើប្រតិកម្មតបតរទៅវិញដែរ។ កាលពីយប់ថ្ងៃចន្ទ ភ្លាមៗក្រោយការបង្ហោះសាររបស់ប្រធានាធិបតីអាមេរិក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរដ្ឋធានី អ៊ីស្លាម៉ាបាត (ប្រទេសប៉ាគីស្ថាន) លោក «David Hale» ត្រូវបានកោះហៅ ឲ្យចូលទៅបង្ហាញខ្លួន នៅឯក្រសួងការបរទេសប៉ាគីស្ថាន ប៉ុន្តែលោក «David Hale» មិនបានធ្វើអត្ថាធិប្បាយអ្វី ចំពោះការលើកឡើងរបស់លោក ដូណាល់ ត្រាំ នោះឡើយ។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យស្ថានទូតអាមេរិក ក្នុងប្រទេសប៉ាគីស្ថាន ដោយគ្រាន់តែអះអាងថា លោក «David Hale» បានជួបជាមួយអ្នកទទួលខុសត្រូវប៉ាគីស្ថាន ប៉ុន្មាននាក់ប៉ុណ្ណោះ។

ទំព័រទ្វីសធើរ របស់រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក «Khurram Dastgir-Khan» ក៏បានឆ្លើយតបវិញដែរ។ ទំព័រនោះ បានសរសេរថា៖ «ប្រទេសប៉ាគីស្ថាន បានផ្ដល់ទៅឲ្យសហរដ្ឋ​អាមេរិក ដោយមិនគិតថ្លៃ នូវលំហអាកាស និងដែនដីរបស់ខ្លួន ក៏ដូចជាមូលដ្ឋានយោធាជាច្រើន និងកិច្ចសហប្រតិបត្តិការ ផ្នែកព័ត៌មានសម្ងាត់ ដើម្បីឈានទៅកម្ទេចបណ្ដាញ អាល់ កៃដា (al-Qaïda) តាំងពី១៦ឆ្នាំមកហើយ។ តែផ្ទុយទៅវិញ ពួកគេ (អាមេរិក) មិនបានផ្ដល់អ្វី មកយើងវិញ ក្រៅតែពីភាពទ្រគោះបោះបោក និងភាពមិនទុកចិត្តនោះឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...