វន់ ពៅ មិន​ទាន់​ឆ្លើយ​ចូលរួម​ឬ​អត់ ក្នុង​«មូលនិធិ​ស៊ីក្លូ»​របស់ ហ៊ុន សែន

នៅតែប៉ុន្មានខែ មុនការបោះឆ្នោតជាតិមកដល់ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី ០៣ មករា នេះ ​បង្កើត​មូលនិធិ​ជួយ​អ្នក​ធាក់​ស៊ីក្លូ ដោយ​បាន​បបួល​លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅកាត់ជាភាសាអង់គ្លេស «IDEA» ឲ្យចូល​រួម​ជាមួយ។ បុរសខ្លាំងកម្ពុជា បានអះអាងដោយខ្លួនលោកទៀតថា លោក វន់ ពៅ បាន​សំដែង​ការ​សាទរ​ ចំពោះ​គំនិត​ផ្តួច​ផ្តើម​ របស់លោកមួយនេះ។
វន់ ពៅ មិន​ទាន់​ឆ្លើយ​ចូលរួម​ឬ​អត់ ក្នុង​«មូលនិធិ​ស៊ីក្លូ»​របស់ ហ៊ុន សែន
លោក វន ពៅ ក្នុងការដឹកនាំបាតុកម្ម នៅអំឡុងពេលចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ (រូបថត MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៨
  • កែប្រែចុងក្រោយ: January 03, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

យ៉ាងណា ក៏លោក វន់ ពៅ នៅមិន​ទាន់​សម្រេច​ចិត្ត​​ នៅឡើយថា គួរ​ចូល​រួម ​ឬ​អត់ ជាមួយគម្រោង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ របស់លោក ហ៊ុន សែន។ ភ្ញាក់ផ្អើលដោយសារតែគេដឹងថា មនុស្សដែលលោក ហ៊ុន សែន ហៅឲ្យចូលរួម​ធ្វើគម្រោង​ជាមួយ​រូបនេះ គឺជាប្រធានសមាគមមួយរូប ដែលមាននិន្នាការប្រឆាំងលោក ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងថែមទាំងជាអ្នកចេញមុខ ដឹកនាំការធ្វើបាតុកម្ម នៅអំឡុងចុងឆ្នាំ២០១៣ ចូលមកដើមឆ្នាំ២០១៤ នោះផង។

ថ្លែងក្នុងជំនួប​ជាមួយ​កម្មករ ​ជាង​១​ម៉ឺន​នាក់ ក្នុង​ព្រឹក​ថ្ងៃ​ទី ០៣ មករា​នេះ បុរសខ្លាំងកម្ពុជាបានប្រកាសបង្កើតមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូ នៅកម្ពុជា ដោយចាប់ផ្ដើមជាមួយទឹកប្រាក់ ១០០លានរៀន និងការបង់ប្រាក់ ១០លានរៀលបន្ថែមទៀត ជារៀងរាល់ខែ។

លោក ហ៊ុន សែន មិនបានបញ្ជាក់ទេថា តើប្រាក់សម្រាប់ដាក់ចូល ទៅក្នុងមូលនិធិនេះ នឹងបានមកដោយរបៀបណានោះទេ តែមូលនិធិ​នេះ នឹង​ស្ថិត​នៅ​ក្រោម​ការ​ចាត់​ចែង​ របស់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ ពី​ប្រធាន​សមាគម​ស៊ីក្លូ​នៅ​កម្ពុជា​ផង។

លោក ហ៊ុន សែន ​បានបញ្ជាទៅ​ក្រសួងមហា​ផ្ទៃ ​និង​សាលារាជ​ធានី​ភ្នំពេញ ​ឲ្យហៅ​លោក ​វន់ ពៅ​ ទៅ​ពិភាក្សា​ដើម្បី​បង្កើត​មូល​និធិខាងលើ និងបានថ្លែងឡើងថា៖ «ខ្ញុំនឹង​បង្កើត​ “មូល​និធិទ្រទ្រង់ស៊ី​ក្លូ”​ ដើម្បីជួយ​ទ្រទ្រង់ ​និង​អភិរក្សស៊ីក្លូ។​ សូម​បងប្អូន​ចូល​រួមវិភាគ​ទាន​ និង​ចូលរួមថែ​រក្សា និង​ជិះស៊ីក្លូ ដើម្បី​កុំឱ្យ​ស៊ីក្លូខ្មែរ​យើង​បាត់​បង់។​ ស៊ីក្លូក៏​អាចទាក់​ទាញភ្ញៀ​វទេសចរ​ណ៍ ផង​ដែរ។​»។

លោកនាយករដ្ឋមន្ត្រីបានរៀបរាប់ថា លោក វន់ ពៅ បាន​ផ្ញើ​សារ​ជូន​ពរ​លោក ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល​​នេះ ហើយបាន​បង្ហាញ​គំនិត​គំាទ្រ ​ចំពោះ​ការ​ផ្តួច​ផ្តើម​របស់​លោក​ ខាងលើ​។ នាយករដ្ឋមន្ត្រីកម្ពុជា បាន​បន្ត​ថា ទោះ​បី​ជា​លោក វន់ ពៅ ជា​នរណា​ក៏​ដោយ លោក​ចង់​ឲ្យ​មាន​ការ​អញ្ជើញ​លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូល​រួម​ពិភាក្សា ក្នុង​ការ​បង្កើត​មូលនិធិ​ជួយ​ទ្រទ្រង់​ ដល់​អ្នក​ធាក់​ស៊ីក្លូ​នេះ។

លោក វន់ ពៅ ធ្លាប់បានជាប់ឃុំ អស់រយៈពេល​ជាច្រើនខែ នៅក្នុងសំនុំរឿងបាតុកម្ម នៅ​មុខ​រោងចក្រ​យាក​ជីង កាល​ពីចុងឆ្នាំ២០១៣ និង​ដើមឆ្នាំ​២០១៤។ លោកបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកសំដែងការ​អបអរ​សាទរ​ ចំពោះ​គំនិត​ផ្តួច​ផ្តើម​ របស់​លោក​នាយក​រដ្ឋមន្រ្តី ប៉ុន្តែ​លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា នឹង​ចូល​រួម​នៅ​ក្នុង​មូលនិធិ​នេះ​ ឬយ៉ាងណានៅ​ឡើយ​ទេ។ ​លោក វន ពៅ បានពន្យល់ថា វាហាក់ដូចជា​លឿន​ពេក ​ដែល​ឆ្លើយក្នុងពេលនេះ ​ថាលោក​គួរ​ចូល​រួម​ ឬ​អត់។

នៅមុននេះ បន្តិចអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ បានបង្ហោះសារ ជាលក្ខណៈប្រយោលមួយចំនួន នៅលើគណនីហ្វេសប៊ុកអ្នកស្រី អះអាងថា គ្រួសារអ្នកស្រី នឹងមិនលក់កិត្តិយស លក់ក្បាល ដើម្បីប្រាក់ឡើយ។

អ្នកស្រី បានសរសេរថា៖ «នណាមិនស្រលាញ់លុយ! រាល់ថ្ងៃខំរកលុយទាំងឈឺទាំងជា ដើម្បីរស់ស្រួល តែខ្ញុំចង់ប្រាប់ថា សូមមើលមកគ្រួសារខ្ញុំ ក្នុងផ្លូវល្អខ្លះផង។ ទោះជាយើងក្រដល់ស្លាប់ ក៏យើងមិនលក់កិត្តិយស លក់ក្បាល ដើម្បីប្រាក់ឡើយ។ យើងមានសមត្ថភាព មានដៃ មានជើង អាចរកបាន រស់បាន។ ទោះជាយើង មិនមានវិឡា គ្មានឡានទំនើបជិះក៏ដោយ យើងមិនស្លាប់ដែរ។ លុយដែលបានមក ដោយញើសឈាម ខ្ញុំរកបានដោយខ្លួនឯង វាសប្បាយចិត្តជាង។ សូមកុំវិនិច្ឆ័យមនុស្យ ដោយគ្រាន់តែគេនិយាយ​បំបែកបំបាក់ ធ្វើអោយមនុស្យល្អៗ ឈឺចាប់។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់