មេទ័ព​ស្និត CPP ថា​មន្ត្រី CNRP នឹង​រៀបចំ​ទ័ព​នៅ​ព្រំដែន

លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា មន្ត្រីគណបក្សប្រឆាំង​មួយចំនួន ពីក្នុងចំណោម១១៨នាក់ ដែលត្រូវបានហាមឃាត់សិទ្ធិ មិនឲ្យធ្វើនយោបាយនោះ កំពុងរៀបចំតបន់យោធា នៅតាមព្រំដែនកម្ពុជា-ថៃ ដូចក្នុងសម័យកាលសង្គ្រាមស៊ីវិល។ ប៉ុន្តែអ្នកវិភាគ បាននិយាយថា ការលើកឡើងរបស់លោកមេទ័ព ដែលស្និតគណបក្សប្រជាជនកម្ពុជារូបនេះ គឺជា«ឧបាយកលនយោបាយ» ខណៈក្រុមអ្នកគាំទ្រ​គណបក្សប្រឆាំង បានចាត់ទុកថា នេះជាការលាបពណ៌ថ្មីមួយទៀត។
មេទ័ព​ស្និត CPP ថា​មន្ត្រី CNRP នឹង​រៀបចំ​ទ័ព​នៅ​ព្រំដែន
លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៨
  • កែប្រែចុងក្រោយ: January 04, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីថ្លែងជំរុញ ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់បដិវត្តិពណ៌ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍនោះរួច មេទ័ពកំពូលរបស់កម្ពុជា បានបង្ហើបឲ្យដឹងថា មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន ពីក្នុងចំណោមមន្ត្រីទាំង១១៨រូប ដែលត្រូវបានហាមឃាត់សិទ្ធិ មិនឲ្យធ្វើនយោបាយចំនួន ៥ឆ្នាំ កំពុងមានគំនិត នឹងរៀបចំបង្កើតតំបន់យោធា នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីប្រឆាំងរដ្ឋាភិបាលស្របច្បាប់។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា លោក ប៉ុល សារឿន ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ហ្វឹកហ្វឺន ​របស់​កងយោធពល​ខេមរភូមិន្ទ និង​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​ហ្វឹកហ្វឺន ​ឆ្នាំ ២០១៨ នៅ​ទីអគ្គបញ្ជាការដ្ឋាន ​នៃ​កងយោធពល​ខេមរភូមិន្ទ​ នៃ​ក្រសួង​ការពារ​ជាតិ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨ កន្លងមក។

មេទ័ពកម្ពុជា បានថ្លែងឡើង​ថា​៖ «​អ្នក​ដែល​នៅ​ពី​ក្រោយ​ នៅ​បន្ត​ព្យាយាម​ធ្វើ​បដិវត្តន៍​ពណ៌​ និង​វា​អាច​មាន​គ្រោះថ្នាក់​ ហើយ​សុំ​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ជួយ​ទប់ស្កាត់​បដិវត្តន៍​ពណ៌ ​ដើម្បី​ថែរក្សា​សន្តិភាព និង​ការ​អវិឌ្ឍ​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​។ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ការពារ​សន្តិភាព ​ក្នុង​នាម​ជា​កងយុទ្ធពល​ខេមរភូមិន្ទ​ ក្រោម​ការ​ដឹកនាំ​ របស់​សម្តេចតេជោ​យើង​ឲ្យ​បាន​»​។

លោក​ ប៉ុល សារឿន ដែលពាក់«ផ្កាយបួន» បាន​បន្ត​ថា​៖ «​នៅ​ក្នុង​ ១១៨ ​នាក់​ហ្នឹង​ នៅ​មាន​គំនិត​ថា​ នឹង​រៀបចំ​តំបន់​យោធា​ នៅ​​តាម​ព្រំដែន​ដូច​សម័យ​សង្គ្រាម​ស៊ីវិល​ នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​»។

លោកអគ្គបញ្ជាការកងទ័ព ដែលជាសមាជិកមួយរូប ក្នុងគណៈកម្មាការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជារូបនេះ បានពន្យល់ពីព្រឹត្តិការណ៍នយោបាយចុងក្រោយ ទាក់ទងនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិ របស់មន្ត្រី១១៨នាក់ នៃគណបក្សនេះ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំនោះ គឺជា«ជោគជ័យ»ក្នុងប្រវត្តិសាស្ត្រ នៃការទប់ស្កាត់បដិវត្តន៍ពណ៌។

លោក ប៉ុល សារឿន បាន​ថ្លែង​ថា​៖ «​អ្វី​ដែល​ជោគជ័យ​ ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​យើង​ នៅ​ក្នុង​ឆ្នាំ​ ២០១៧ គឺ​ការងារ​ពាក់ព័ន្ធ​ការ​បំផ្លិច​បំផ្លាញ​ផែនការ​បដិវត្តន៍​ពណ៌​ នៅ​កម្ពុជា​។ ​ហើយ​ប្រសិន​ណា ​មិន​បំផ្លាញ​ផែនការ​បដិវត្តន៍​ពណ៌​នេះ​បាន​ទេ ​នោះ​បញ្ហា​ការពារ​សន្តិភាព​ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​នោះ​ មិន​អាច​ធ្វើ​ទៅ​បាន​ទេ។​»​។

ការលើកឡើងខាងលើ របស់លោក ប៉ុល សារឿន បានទទួលប្រតិកម្មចម្រុះមកវិញ ពីក្រុមអ្នកវិភាគ និងក្រុមអ្នកមាននិន្នាការស្និតនឹងគណបក្សប្រឆាំង។ លោក ប៉ាង សុខឿន ដែលដាក់រហស្សនាម «សុវណ្ណភូមិខ្មែរ» នៅលើបណ្ដាញសង្គម បានហៅការថ្លែងរបស់មេទ័ពកម្ពុជា ថាជា«ការបោកប្រាសសុទ្ធ»។ លោក សុខឿន ដែលគេស្គាល់ថា មាននិន្នាការស្និតនឹងគណបក្សប្រឆាំង បានពន្យល់ថា នៅព្រំដែនកម្ពុជា-ថៃ លែងមានព្រៃ សម្រាប់ការលាក់ខ្លួន និងបង្កើតទ័ពនោះទៀតហើយ។ ជាពិសេស នៅក្នុងតំបន់នោះទៀតសោធ ក៏មានការឈរជើងពាសពេញ នូវកងកម្លាំងប្រដាប់អាវុធ ដែលបញ្ជាដោយលោក ហ៊ុន សែន នោះដែរ។

 

សម្រាប់អ្នកវិភាគនយោបាយ លោក មាស នី បានចាត់ទុកការលើកឡើង របស់មេទ័ពកម្ពុជា ថាជា​«ឧបាយកល​នយោបាយ» និងបានពន្យល់​ពី​«បដិវត្តន៍​ពណ៌» ថា«​គ្រាន់តែ​ជា​ការ​សង្ស័យ​របស់​រដ្ឋាភិបាល ​ដែល​បាន​លើក​ឡើង​តែ​ខ្លួនឯង​ប៉ុណ្ណោះ»។

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...