កូន​ប្រុស ឈុត វុទ្ធី ថា​​ចំណី​អាហារ​មាន​សារជាតិ​គីមី ជា​កំហុស​អ្នក​ដឹកនាំ

ការថ្លែងឡើងជាសាធារណៈ ម្ដងហើយម្ដងទៀត របស់នាយករដ្ឋមន្ត្រីកម្ពុជា ទម្លាក់កំហុសទៅលើពលរដ្ឋ ទាក់ទងនឹងការជាវបន្លែ ផ្លែឈើ សាច់ ដែលមានសារជាតិគីមី ទទួលបានប្រតិកម្មយ៉ាងច្រើន ពីប្រជាពលរដ្ឋកម្ពុជា។ ពីក្នុងចំណោមនោះ យុវជន ឆឺយ ឧត្ដមរស្មី ដែលត្រូវជាកូនប្រុសលោក ឈុត វុទ្ធី អតីតសកម្មជនការពារបរិស្ថាន បានពន្យល់តបវិញថា កំហុសដ៏ធំជាងគេនោះ គឺ«កំហុសអ្នកដឹកនាំ»។
កូន​ប្រុស ឈុត វុទ្ធី ថា​​ចំណី​អាហារ​មាន​សារជាតិ​គីមី ជា​កំហុស​អ្នក​ដឹកនាំ
តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មើលដឹងឬទេ ថាផ្លែទំពាំងបាយជូនេះ មានសារជាតិគីមី? (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មករា ២០១៨
  • កែប្រែចុងក្រោយ: January 05, 2018
  • ប្រធានបទ: ចំណីអាហារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«វាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារការប្រើប្រាស់នោះទេ។ កំហុសដ៏ធំ គឺជាកំហុសរបស់អ្នកដឹកនាំ។» នេះ ជាការលើកឡើងរបស់យុវជន ឆឺយ ឧត្ដមរស្មី សកម្មជនការពារបរិស្ថាន ដែលបន្តវេនពីឪពុករបស់លោក ឈ្មោះ ឈុត វុទ្ធី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅកណ្ដាលទ្រូងព្រៃ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

ការលើកឡើងរបស់លោក ឆឺយ ឧត្ដមរស្មី បានធ្វើឡើងមួយថ្ងៃ ក្រោយការថ្លែងជាថ្មីទៀត របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា ដែលបានបន្ទោសពលរដ្ឋខ្លួនឯង ពីបញ្ហាបន្លែផ្លែឈើសាច់ ដែលមានសារជាតិគីមី និងដែលនៅតែមានវត្តមាន នៅលើទីផ្សារក្នុងប្រទេស រហូតមកដល់សព្វថ្ងៃ។ 

សកម្មជនការពារបរិស្ថានវ័យក្មេងរូបនេះ បានចោទសួរជាដំបូងឡើងថា៖ «បញ្ហានិមួយៗ វាតែមានការចាប់ផ្តើមជានិច្ច ដូចរឿងសារជាតិគីមី ដែលប្រជាពលរដ្ឋបានរងគ្រោះ ដោយសារ បន្លែ ផ្លែឈើ សាច់ និងគ្រឿងកំប៉ុង។ល។ អ្វីទាំងនេះ និងបញ្ហាទាំងអស់កើតចេញពីណា?»។

ពលរដ្ឋ«គ្មានម៉ាស៊ីនពិនិត្យរកសារជាតិគីមី»

បន្ទាប់មក យុវជន ឆឺយ ឧត្ដមរស្មី បានពន្យល់ថា៖ «បន្លែ ផ្លែឈើ សាច់ ទាំងអស់សុទ្ធសឹងតែចេញមកពីប្រទេសជិតខាង បើមន្រ្តីជំនាញរារាំង ទប់ស្កាត់បាន វាមិនធ្លាក់ដល់ប្រជាពលរដ្ឋនោះទេ។ ប្រពលរដ្ឋមានលទ្ធភាពទិញបន្លែ ផ្លែឈើ សាច់ យ៉ាងច្រើន ត្រឹមតែ ២ Kg ប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយគ្មានម៉ាស៊ិនពិនិត្យរកសារជាតិគីមីឡើយ។»។

កូនប្រុសលោក ឈុត វុទ្ធី បានបន្តថា៖ «តែអ្នកបណ្ដោយឲ្យនាំចូល គឺមន្រ្តីជំនាញនោះហើយ រាប់រយតោនក្នុងមួយថ្ងៃ ដូច្នេះតើជាកំហុសអ្នកណា? អ្នកប្រើប្រាស់ ឬអ្នកបណ្តោយឲ្យប្រើប្រាស់? ដូចថ្នាំញៀនជាដើម បើគ្មាននាំរត់ពន្ធ ក៏គ្មានអ្នកទិញ បើគ្មានអ្នកផលិត ក៏គ្មានអ្នកប្រើដែរ។ ហើយរបស់ទាំងអស់នោះមាន៖ បន្លែ ផ្លែឈើ សាច់ និងគ្រឿងកំប៉ុងគ្រឿងញៀន សុទ្ធតែជារបស់ [ដែល]មិនអាចដាក់ក្នុងហោប៉ៅ​អាវខោបានឡើយ គឺដឹកនាំចូលតាមឡាន តាមកាប៉ាល់ធំៗ។ គ្មានទេពាក្យថាមិនដឹង លុះត្រាតែអ្នកទាំងអស់គ្នាធ្វើមិនដឹង។»។

កាលពីម្សិលម៉ិញ ​ក្នុង​ពិធីសម្ពោធ​អគារ​ព្យាបាល​ជំងឺ​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ហៅ​ពេទ្យ​រុស្ស៊ី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ទម្លាក់​ការទទួលខុសត្រូវ ​ក្នុង​ការទិញ​យកទៅប្រើប្រាស់​​ហូបចុក នូវបន្លែ ផ្លែឈើ ត្រី​សាច់ ដែល​ផ្ទុក​សារធាតុ​គីមី ​ទៅលើ​ពលរដ្ឋ​ខ្លួនឯង។  បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «បើ​កុំ​ទិញ​ទៅ​វា​ចប់​ហើយ​។ អ្នក​ដែល​នាំ​បន្លែបង្ការ ដែល​មាន​សារធាតុ​គីមី មក​លក់​គឺ​វា​លែង​ដាច់​ហើយ។ នាំគ្នា​ធ្វើ​ពហិការ កុំ​ទិញ​បន្លែបង្ការ ឬ សាច់​ដែល​មាន​សារធាតុ​គីមី​ទៅ វា​ចប់​រឿង​ហើយ ចាំបាច់​មក​ជេរ​រដ្ឋាភិបាល​ធ្វើ​អី។»។

នេះ ជាការថ្លែងជាថ្មីទៀត របស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការថ្លែងលើកមុខ ក្នុង​ថ្ងៃ​ទី២ តុលា ឆ្នាំ ២០១៧ ​ពី​ខេត្ត​សៀមរាប ដែលលោក ហ៊ុន សែន បានបន្ទោសពលរដ្ឋ ​ចំពោះ​ករណី​នេះដូចគ្នា។ កាលណោះ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ដូចជា​ជ្រុល​ពេក​ទេ​ដឹង​អ្ហ៊ៃ​! ក្រែង​ទៅ​ទិញ ទិញ​ខ្លួនឯង ស្លៗ​ខ្លួនឯង​? បើ​អាហ្នឹង​ជា​របស់​រដ្ឋាភិបាល​យក​ទៅ​ចែក ឬ ស្ល​ហើយ​យក​ទៅ​ចែក​ចុះ អាហ្នឹង​ចាំ​បន្ទោស ប៉ុន្តែ​នេះ ទៅ​ផ្សារ​មើល​ហើយ​ស្ពៃ​ហ្នឹង បន្លែ​បង្កា​ហ្នឹង ចុះបើ​ឃើញ​ជាតិគីមី​ហ្នឹង​កុំ​ទិញ​ទៅ​។ ផ្តាំ​មក​រដ្ឋាភិបាល​ឲ្យ​ហាមឃាត់ ហើយ​ចុះ​យើង​ហាមឃាត់​ខ្លួន​យើង កុំ​ទិញ​តែម្ដង​ទៅ។»។

ម្ហូបចំណីដែលមានសារជាតិគីមី ត្រូវបានសង្ស័យថា នាំចូលមកពីប្រទេសវៀតណាម។ វីដេអូបង្ហាញពីសកម្មភាព ចាក់បញ្ចូល ឬបាញ់ស្រោចសារជាតិគីមី ដោយក្រុមម្ចាស់អាជីវកម្មវៀតណាម ក៏ដូចជាសកម្មភាពបង្ក្រាប ពីសំណាក់អាជ្ញាធរវៀតណាម ត្រូវបានបង្ហោះ និងចែករំលែករាប់មិនអស់ នៅលើបណ្ដាញ​សង្គម។ ពលរដ្ឋមួយចំនួន ដែលរស់នៅ​តាមតំបន់ព្រំដែនកម្ពុជា-វៀតណាម បានចង្អុលទម្លាក់កំហុស ទៅលើមន្ត្រីអាជ្ញាធរ​នៅច្រកព្រំដែន ដែលបណ្ដោយឲ្យនាំចូល នូវម្ហូបចំណី ទាំងឡានៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយហាក់ដូចជាគ្មានការត្រួតពិនិត្យអ្វីសោះ។

នៅត្រង់ចំណុចនេះ យុវជន ឆឺយ ឧត្ដមរស្មី បានប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ឲ្យចេះទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំប្រទេស មានអំណាចពេញដៃ។ លោកបានបញ្ជាក់ថា៖ «សូមឲ្យរាជរដ្ឋាភិបាល គិតពីសុវត្តិភាពសុខភាពជារួម នៃប្រជាពលរដ្ឋទាំងមូល បង្រ្កាបនិងបង្ការចំពោះការនាំចូល នូវម្ហូបអាហារ[ណា] ដែលមានសារជាតិគីមី»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...