អ៊ីតាលី៖ សាល​ក្រម​ចេញ​អោយ​ប៊ែលូស្កូនី ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ

តុលាការនៅទីក្រុងមីឡង់ បានចេញសាលក្រម នៅថ្ងៃព្រហស្បត្តិ៍ទី០៧ខែមិនានេះ កំណត់ដាក់ទោស អតីតបុរសមាន​អំណាច លោកស៊ីវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) អោយជាប់ពន្ធនាគារ១ឆ្នាំ នៅក្នុងបទចោទពីការរំលោភ ការសម្ងាត់​នៃស្ថាប័ន ដែលទាក់ទងនឹងរឿងអាស្រូវក្នុងធនាគារ កាលពីឆ្នាំ២០០៥។ លោកស៊ីវីយ៉ូ ប៊ែលូស្កូនី ដែលបដិសេធនៅគ្រប់ការចោទប្រកាន់ អាចនឹងធ្វើឧទ្ទរណ៍។ នៅចំពោះមុខច្បាប់របស់​ប្រទេស​អ៊ីតាលី ប្រធានគណបក្សកណ្ដាលនិយមស្ដាំមួយនេះ មិនអាចទទួល«ទោសរំលោះ»ណាមួយបានឡើយ បើការប្ដឹង​ឧទ្ទរណ៍​នៅមិនទាន់ បានបញ្ចប់ផ្លូវរបស់វានោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានក្រុមប្រឹក្សារដ្ឋអ៊ីតាលីរូបនេះ (ឬអាចនិយាយថា ជានាយករដ្ឋមន្ត្រី) បានច្រានចោលការដាក់ទោសនេះ ហើយ​អាចនឹងធ្វើឧទ្ទរណ៍...


លោកស៊ីវីយ៉ូ ប៊ែលូស្កូនី។

តុលាការនៅទីក្រុងមីឡង់ បានចេញសាលក្រម នៅថ្ងៃព្រហស្បត្តិ៍ទី០៧ខែមិនានេះ កំណត់ដាក់ទោស អតីតបុរសមាន​អំណាច លោកស៊ីវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) អោយជាប់ពន្ធនាគារ១ឆ្នាំ នៅក្នុងបទចោទពីការរំលោភ ការសម្ងាត់​នៃស្ថាប័ន ដែលទាក់ទងនឹងរឿងអាស្រូវក្នុងធនាគារ កាលពីឆ្នាំ២០០៥។

លោកស៊ីវីយ៉ូ ប៊ែលូស្កូនី ដែលបដិសេធនៅគ្រប់ការចោទប្រកាន់ អាចនឹងធ្វើឧទ្ទរណ៍។ នៅចំពោះមុខច្បាប់របស់​ប្រទេស​អ៊ីតាលី ប្រធានគណបក្សកណ្ដាលនិយមស្ដាំមួយនេះ មិនអាចទទួល«ទោសរំលោះ»ណាមួយបានឡើយ បើការប្ដឹង​ឧទ្ទរណ៍​នៅមិនទាន់ បានបញ្ចប់ផ្លូវរបស់វានោះ។ បានន័យថា ជនដែលសាលាដំបូងរកឃើញថាមានកំហុស អាចនៅក្រៅពន្ធនាគារ រហូតចប់ផ្លូវតវ៉ា។

សាលក្រមនេះ ជាសាលក្រមមួយ ដែលលោកប៊ែរលូស្កូនីរងចាំ ជាមួយនឹងសំនុំរឿងបីផ្សេងទៀត ដែលទាក់ទង​នឹង​ការលួច​បន្លំការបង់ពន្ធ ពេស្យាកម្ម និងសំនុំរឿងមួយទៀត ទាក់ទងការរំលោភសិទ្ធិអំណាច នៅពេលលោក​កាន់​តំណែង​នៅឡើយ។

ប្អូនប្រុសរបស់លោក ជាប់ទោស ២ឆ្នាំ និងបីខែ

នៅក្នុងសំនុំរឿងនេះ អតីតប្រមុខរដ្ឋាភិបាលអ៊ីតាលី ត្រូវបានវិន្និច្ឆ័យទោស ពីបទថាបានផ្សាយដោយខុសច្បាប់ កាលពី​ឆ្នាំ២០០៥ នៅក្នុងសារព័ត៌មាន ដែលស្និតនឹងលោក ពីកិច្ចសន្ទនាតាមទូរស័ព្ទមួយ ដែលធ្វើរវាងប្រធាន​គណបក្ស​ឆ្វេង​និយម ពីយ៉ែរូ ហ្វាស៊ីណូ (Piero Fassino) និងលោក ជីយ៉ូវ៉ានី កុងស៊តេ (Giovanni Consorte) នាយកក្រុមហ៊ុនធានារ៉ាប់រង យូនីប៉ូល (Unipol)។ ក្នុងពេលនោះ ក្រុមហ៊ុនធានារ៉ាប់រង បានបើកសេវាកម្មមួយ នៅលើធនាគារ ប៊េអ៊ិនអ៊ែល (BNL) និង​នៅក្នុងកិច្ចសន្ទនា លោកពីយ៉េរូ ហ្វាស៊ីណូ បានប្រកាសថា «ឪឡូវនេះ យើងមានធនាគារមួយ»។

តាមការចោទប្រកាន់នេះ ការសម្រេចក្នុងការផ្សាយ «ការលួចស្ដាប់ទូរស័ព្ទ» ត្រូវបានធ្វើឡើង នៅពេលលោក ស៊ីវីយ៉ូ បាន​ជួបប្អូនប្រុសលោក ប៉ាឡូ ប៊ែរលូស្កូនី (ម្ចាស់ក្រុមហ៊ុន សារព័ត៌មាន) នៅថ្ងៃទី២៤ ខែវិច្ឆិការឆ្នាំ២០០៥ នៅភូមិគ្រឹះ​របស់​លោកស៊ីវីយ៉ូ ក្នុងសង្កាត់អារគរ ខេត្តម៉ុងហ្សា របស់អ៊ីតាលី។ ខាងរដ្ឋអាជ្ញាបានទាមទារ អោយតុលាការដាក់ទោស ប្អូន​ប្រុស​លោកស៊ីវីយ៉ូ ជាប់ពន្ធនាគារដល់ទៅ៣ឆ្នាំនិង៣ខែ ដែលនៅទីបំផុត កំណត់អោយជាប់តែ២ឆ្នាំ៣ខែប៉ុណ្ណោះ។

សវនាការលើកពេល

ការិយាល័យរបស់រដ្ឋអាជ្ញា បានបន្ថែមថា «សំនុំរឿង មិនស្ថិតនៅត្រឹមតែ ជាការពន្លិចព័ត៌មាន ចេញមកក្រៅ​» ប៉ុណ្ណោះ​នោះ​ទេ តែបាន«ធ្វើអោយខូចខាត»ដល់ ប្រធានគណបក្សប្រឆាំង លោកពីយ៉ែរ៉ូ ហ្វាស៊ីណូ ជាពិសេសនៅមុន ការបោះឆ្នោត​ពេលនោះបន្តិច។

សម្រាប់លោក ស៊ីវីយ៉ូ រដ្ឋអាជ្ញាអ៊ីតាលី បានទទូចអោយតុលាការដាក់ទោសលើអតីតប្រមុខរដ្ឋាភិបាលរូបនេះ ចំនួន១ឆ្នាំ កាលពីថ្ងៃ២០ខែធ្នូកន្លងទៅ។ សវនាការសម្រេចទោស ត្រូវបានកំណត់ធ្វើ កាលពីពាក់កណ្ដាលខែមករាមុន។ តែ ដោយ​ហេតុលោកស៊ីវីយ៉ូ ប៊ែរលូស្កូនី ជាប់ប្រឡូកក្នុងការឃោសនាបោះឆ្នោតកាលពីចុងខែកុម្ភះនេះ មេធាវីបានសុំអោយតុលាការ លើកពេលសវនាការមកដើមខែមិនានេះ។

គេនឹងរងចាំមើល ថាតើលោកប៊ែរលូស្កូនី នឹងធ្វើឧទ្ទរណ៍ ឬលោកមានជម្រើសនយោបាយណាផ្សេង។ តែសម្រាប់​ប្រទេស​នៅអ៊ឺរ៉ុប ដំណោះស្រាយនយោបាយ ទំនងជាមិនអាចទៅរួច នៅចំពោះមុខច្បាប់ជាធរមាននោះទេ។ ផ្លូវតែមួយរបស់លោក គឺ«ឧទ្ទរណ៍»៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...