ហ៊ុន សែន ប្ដឹង លឺ ឡាយស្រេង ទារ​៥០០​លាន​រៀល ពី​ករណី​១លាន​ដុល្លារ

បណ្ដឹងមួយច្បាប់ ដែលមេធាវីតំណាងលោកនាយករដ្ឋមន្ត្រី ដាក់ទៅកាន់សាលាដំបូងរាជធានី បានប្ដឹងលោក លឺ ឡាយស្រេង ពីបទបរិហារកេរ្តិ៍ ដោយទាមទារឲ្យតុលាការ​ផ្ដន្ទាទោសតាមច្បាប់ សងសំណង​ជំងឺចិត្ត ៥០០លានរៀល និងផ្ដន្ទាទោសបន្ថែម ដោយផ្អែក​តាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ។
ហ៊ុន សែន ប្ដឹង លឺ ឡាយស្រេង ទារ​៥០០​លាន​រៀល ពី​ករណី​១លាន​ដុល្លារ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី - អតីតមន្ត្រីជាន់ខ្ពស់ របស់គណបក្សហ្វ៊ុនស៊ីនប៉ិច។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 24, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានដាក់ពាក្យបណ្ដឹង ក្នុងរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ប្ដឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី ដោយ​ហេតុ​ថា អតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិចរូបនេះ បានថ្លែងនៅក្នុងកិច្ចសន្ទនាមួយ ដែលធ្វើតាមទូរស័ព្ទ ជាមួយអ្នកស្រី គី លំអង អះអាងថាលោក ហ៊ុន សែន បានផ្ដល់ប្រាក់ប្រមាណជា១លាន[ដុល្លារ] ទៅឲ្យក្រុម«អាអត់ខ្មាស» ដែល«រកលុយបានស្រួល»។

កិច្ចសន្ទនាជាលក្ខណៈឯកជននោះ ត្រូវបានលួចថត នៅវេលាម៉ោង ៧ និង១៥នាទី ព្រឹកថ្ងៃទី២១ ខែតុលាកន្លងមក ហើយត្រូវបាន​យក​មក​បង្ហោះ នៅលើទំព័រហ្វេសប៊ុកមួយ ដែលគេស្គាល់ឈ្មោះ «សីហា» ល្បីល្បាញខាងការបង្ហោះ នៅលើបណ្ដាញសង្គម នូវខ្សែអាត់​លួច​ថត​សម្លេង របស់​ក្រុម​អ្នក​នយោបាយ​​ប្រឆាំង មុននឹងខ្សែអាត់ទាំងនោះ ត្រូវបានសារព័ត៌មានមួយ រណបរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកទៅចុះផ្សាយបន្ត។ 

ក្រុម«ពាក់អាវក្រ័រស៊េ» 

ក្នុងការជជែកនោះ ក្រៅពីពាក្យសំដី​«ថ្លោសៗ»​ហៅព្រះមហាក្សត្រ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អាយុ​៧៩ឆ្នាំ នៅបាន​រិះគន់ក្រុម ដែលលោកហៅថា កំពុងត្រៀម«ពាក់អាវ​ក្រ័រស៊េ (ឬអាវធំ)» ដើម្បីទទួលយកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ទាំងគ្មាន​ការគាំទ្រ ពីពលរដ្ឋម្ចាស់ឆ្នោត។ លោកបានដាក់ឈ្មោះ ឲ្យក្រុមនេះ ថាជាក្រុម​«អាអត់​ខ្មាស រកលុយបានស្រួល»។

អ្នកនយោបាយជើងចាស់រូបនេះ បានបន្តលើកឡើង ជាមួយអ្នកស្រី គី លំអង ទៀតថា គឺលោក ហ៊ុន សែន ជាអ្នកប្រគល់ប្រាក់«ជិតមួយ​លាន» ទៅឲ្យក្រុមខាងលើ ជាពិសេសឲ្យទៅ «អាមួយ» ដែលជា​«ស្ដេចចោលម្សៀត»។ «អាមួយ»នោះ ត្រូវបានទំព័រហ្វេសប៊ុក «សីហា» អះអាង​ថា ជាការសំដៅ​ទៅព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច។

លោក លឺ ឡាយស្រេង បាននិយាយថា៖ «នៅសុខៗ ហ៊ុន សែន ឲ្យជិតមួយលានទៀតហើយ! ចុះម្នាក់២ម៉ឺន ជិតម៉ាលានបាត់ទៀតហើយ។ យីអាស្ចារ្យ (...) ចេះតែទៅហើយ មុខអាមួយនេះ គេហៅអាស្ដេចចោលម្សៀត យ៉ាប់មែនទែនតែម្ដង»។

«បំផ្លើសការពិត»

ការលើកឡើងរបៀបនេះ ទោះជាលក្ខណៈឯកជនក៏ដោយ តែសម្រាប់លោក ហ៊ុន សែន វាជាការនិយាយដែល​«គ្មានមូលដ្ឋាន ភស្តុតាងច្បាស់លាស់ ក្នុងគោលដៅទុច្ចរិត បំផ្លើសការពិត ទម្លាក់កំហុសដោយអសុច្ចចិត្ត និងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិស័ព្ទ យ៉ាងធ្ងន់ធ្ងរ» ដល់រូបលោក។ នេះ បើតាមបណ្ដឹងធ្វើក្នុងថ្ងៃនេះ ទៅកាន់សាលាដំបូងរាជធានី ដោយលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់នាយករដ្ឋមន្ត្រី។

ក្នុងបណ្ដឹងនោះ លោកមេធាវី គី តិច បានទាមទារ៖
១៖ សុំឲ្យអយ្យការ និងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស លើលោក លឺ ឡាយស្រេង តាមច្បាប់។
២៖ ទាមទារឲ្យលោក លឺ ឡាយស្រេង សងសំណងជំងឺចិត្ត ចំនួន ៥០០លានរៀល ដល់ដើមបណ្តឹងរដ្ឋប្បវេណី។
៣៖​ សុំឲ្យតុលាការប្រកាសផ្តន្ទាទោសបន្ថែម ផ្អែកតាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ។

កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំពោះតំណាងកម្មករប្រមាណជា ៤,០០០នាក់ ក្នុងសាលមហោស្រពកោះពេជ្រ លោក ហ៊ុន សែន បាន​ប្រកាស​ថា៖ «តើប្ដឹង ឬមិនប្ដឹង? ប៉ុន្ដែលទ្ធភាពភាគច្រើន ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថា បានឲ្យគណបក្ស​ហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។ អញ្ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនៅមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង។ អញ្ចឹងសូមមេធាវីរបស់ខ្ញុំ រៀបចំ​ពិនិត្យ​មើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង។»។

ដោយឡែក លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃហើយ កាលពីព្រឹកម្សិលម៉ិញ។ នេះ បើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដោយស្រង់ប្រភព ពីមន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកបញ្ជាក់។

នៅក្រោយការបង្ហោះខ្សែអាត់សម្លេងលួចថត នៅលើទំព័រហ្វេសប៊ុក «សីហា» នោះរួច លោក លឺ ឡាយស្រេង បានចេញមុខមកធ្វើការសុំ​ទោេស​វិញ  តាមរយៈវីដេអូផ្សាយផ្ទាល់មួយ នៅលើគណនីហ្វេសប៊ុករបស់លោក។ នៅក្នុងវីដេអូ អតីតមន្ត្រីរដ្ឋាភិបាលរូបនេះ បាន​សម្ដែង​ការ​សុំ​​ទោស ​ចំពោះ​ព្រះមហាក្សត្រ និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ តែការសុំទោសនេះ ទំនងជាមិនត្រូវបានលោក ហ៊ុន សែន ទទួល​យក​នោះ​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...