«ឆ្នាំ​២០១៧ ​មាន​សុវត្ថិភាព​បំផុត សម្រាប់​វិស័យ​អាកាស​ចរណ៍»

ស្ថិតិសរុប នៃគ្រោះថ្នាក់យន្ដហោះ ដែលបានកើតមាន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០១៧ មានត្រឹមតែ១០ដងប៉ុណ្ណោះ។ តួលេខនេះ បង្ហាញថាឆ្នាំកន្លងទៅនេះ ជាឆ្នាំដែលមានសុវត្ថិភាពបំផុត មិនដែលធ្លាប់មាន រាប់ចាប់តាំងពីឆ្នាំ១៩៤៦មក។
«ឆ្នាំ​២០១៧ ​មាន​សុវត្ថិភាព​បំផុត សម្រាប់​វិស័យ​អាកាស​ចរណ៍»
ទិដ្ឋភាពមួយ នៃការធ្លាក់យន្ដហោះ «transasia-airways» ក្នុងរដ្ឋធានី តៃប៉ិ ប្រទេសតៃវ៉ាន់ កាលពីឆ្នាំ២០១៥។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មករា ២០១៨
  • កែប្រែចុងក្រោយ: January 05, 2018
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ស្ថាប័ន «Aviation Safety Network» ដែលមានជំនាញខាងធ្វើស្ថិតិ ទៅលើគ្រោះថ្នាក់យន្ដហោះ បានប្រកាសកាលពីថ្ងៃចន្ទថា ឆ្នាំ២០១៧កន្លងទៅនេះ ជាឆ្នាំដែល​វិស័យ​អាកាសចរណ៍​ស៊ីវិល​ពិភពលោក មានសុវត្ថិភាពបំផុត មិនដែលកើតមាន បើរាប់តាំងពីឆ្នាំ១៩៤៦មក។

ក្នុងពេញមួយឆ្នាំ២០១៧ គ្រោះថ្នាក់យន្ដហោះ បានកើតមានត្រឹមតែ១០ដងប៉ុណ្ណោះ នៅជុំវិញពិភពលោក ដែលបានធ្វើឲ្យអ្នកដំណើរ និងអ្នកបម្រើការ នៅលើយន្ដហោះ ៤៤នាក់ស្លាប់។ ស្ថាប័ន «Aviation Safety Network» ដដែល បានរំលឹកឡើងវិញថា កាលពីឆ្នាំ២០១៦ គ្រោះថ្នាក់យន្ដហោះបានកើតមាន ១៦ដង ហើយបណ្ដាលឲ្យមនុស្សស្លាប់ ៣០៣នាក់។

ស្ថាប័ន «Aviation Safety Network» ជាផ្នែកមួយ នៃមូលនិធិ «Flight Safety Foundation»  ដែលជាសមាគមមួយឯករាជ្យ មិនគិតកម្រៃ និងមានទីតាំងស្ថិតក្នុងក្រុង «Alexandria» នៃរដ្ឋ «Virginia» សហរដ្ឋអាមេរិក។ សមាគមនេះចាប់កំណើត តាំងពីឆ្នាំ១៩៤៧ ក្នុងបុព្វហេតុដើម្បីលើកកម្រិតសុវត្ថិភាព នៃការដឹកជញ្ជូនតាមផ្លូវអាកាស។

ស្ថិតិសរុបរបស់ «Aviation Safety Network» ដែលត្រូវបានផ្សាយចេញ កាលពីថ្ងៃចន្ទ បានរាប់បញ្ជូល​ត្រឹមតែការហោះហើរ ទាំងឡាយណា ដែលមានលក្ខណៈស៊ីវិល និងមានអ្នកដំណើរ ចាប់ពីមនុស្ស១៤នាក់ ឡើងទៅប៉ុណ្ណោះ។ ដូចជាគ្រោះថ្នាក់ នៃយន្ដហោះយោធាមួយ នៅក្នុងប្រទេសភូមា កាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅ ដែលមានមនុស្សស្លាប់រហូតដល់ទៅ ១២២នាក់ មិនត្រូវបានស្ថាប័នខាងលើនេះ រាប់បញ្ចូលក្នុងស្ថិតិរបស់ខ្លួនឡើយ។

រីឯគ្រោះថ្នាក់ក្នុងឆ្នាំទៅម៉ិញ ដែលមានមនុស្សស្លាប់ច្រើនជាងគេ គឺគ្រោះថ្នាក់យន្ដហោះ ក្នុងប្រទេសកូស្ដារីការ ក្នុងថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃចុងក្រោយ ហៀបឆ្លងចូលឆ្នាំថ្មី ដែលធ្វើមនុស្សបាត់បង់ជីវិត ១២នាក់។

ផ្ទុយទៅវិញ បើសិនជាគេត្រូវរាប់បញ្ចូលគ្រោះថ្នាក់ទាំងអស់ ទាំងស៊ីវិល ទាំងយោធា ទាំងឯកជន... សម្រាប់ឆ្នាំ២០១៧នេះ ចំនួនគ្រោះថ្នាក់យន្ដហោះ បានកើនឡើង រហូតដល់២៤ករណី ដែលបណ្ដាលឲ្យមនុស្សស្លាប់ សរុប២៣០នាក់។ ប៉ុន្តែតួលេខនេះ នៅតែត្រូវបានស្ថាប័ន «Aviation Safety Network» ដដែលអះអាងថា ឆ្នាំ២០១៧ ជាឆ្នាំដែលមានសុវត្ថិភាពបំផុត សម្រាប់វិស័យអាកាសចរណ៍ មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រពិភពលោក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់