ចិន​ជឿ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ នឹង​សេរី-​យុត្តិធម៌​ស្រប​តាម​ឆន្ទៈ​រាស្ត្រ

ប្រទេសចិនកុម្មុយនីស មហាអំណាចតំបន់នៅអាស៊ី បានសំដែងការជឿជាក់ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត ​របស់​កម្ពុជា​នា​ ពេល​ខាង​មុខ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌។ នេះ បើតាមការអះអាង របស់អនុរដ្ឋមន្ត្រីការបរទេស​ចិន ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មាន​អង់គ្លេស «Reuters» កាល​ពី​ម្សិលម៉ិញ។
ចិន​ជឿ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ នឹង​សេរី-​យុត្តិធម៌​ស្រប​តាម​ឆន្ទៈ​រាស្ត្រ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ មករា ២០១៨
  • កែប្រែចុងក្រោយ: January 05, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

មិនទាន់បានបោះឆ្នោតផង តែប្រទេសចិនកុម្មុយនីស្ដ៍ ដែលមិនដែលធ្វើការបោះឆ្នោត តាមបែបសេរី និងប្រជាធិបតេយ្យម្ដងសោះ បានចេញមុខមកប្រកាសរួចជាស្រេច ថាការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ នៅក្នុងប្រទេសកម្ពុជា នាឆ្នាំខាងមុខ នឹងមានលក្ខណៈសេរី យុត្តិធម៌ ស្របតាមឆន្ទះប្រជាពលរដ្ឋ។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស «Reuters» កាលពីម្សិលម៉ិញ។

ទីភ្នាក់ងារព័ត៌មាន បានស្រង់យកសំដី របស់លោក គង់ ស៊ាន់យូ (Kong Xuanyou) អនុរដ្ឋមន្រ្តី​ការ​បទេស​ចិន ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បត្តិម្សិលម៉ិញ មកបញ្ជាក់ថា ចិន​គោរព និង​គាំទ្រ​ចំពោះ​ដំណើរ​អភិវឌ្ឍ​ ដែល​ត្រូវបាន​ជ្រើស​រើស ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ជឿ​ជាក់​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ពី​គ្រប់​ភាគី​ អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន និង​ជ្រើស​រើស​បាន ​នូវ​គណបក្ស​និង​អ្នក​ដឹក​នាំ​ ដែល​បំពេញ​តាម​តម្រូវ​ការ ​របស់​ប្រជាពលរដ្ឋ។

ការប្រកាសជំហរជាថ្មី របស់ប្រទេសចិន បានធ្វើឡើងស្របពេល ដែលសហគមន៍អន្តរជាតិ ជាពិសេសស្ថាប័នសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានមិនទទួលស្គាល់ភាពស្របច្បាប់ នៃការបោះឆ្នោតទាំងឡាយណា នាពេលខាងមុខ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងសំខាន់ជាងគេ នៅក្នុងប្រទេសកម្ពុជា ត្រូវបានរំលាយចោល ដោយអំណាចសាលក្រម របស់តុលាការកំពូល ដ៏ចម្រូងចម្រាស កាលពីពាក់កណ្ដាលខែវិច្ឆិកា។

បន្ថែមពីលើការព្រមានខាងលើ សហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក នៅបានសម្រេចផ្ដាច់ជំនួយ សម្រាប់កម្មវិធីទាំងឡាយណា ដែលទាក់ទងនឹងការបោះឆ្នោត និងបានប្រកាស ត្រៀមដាក់ទណ្ឌកម្មផ្សេងទៀត ប្រឆាំងរដ្ឋាភិបាលកម្ពុជា។

ប៉ុន្តែការសម្រេចផ្ដាច់ជំនួយ ពីសំណាក់ប្រទេសមហាអំណាចលោកខាងលិច ទំនងជាមិនប៉ះពាល់ ដល់ដំណើរការបោះឆ្នោត នៅកម្ពុជាឡើយ ដោយហេតុថា រដ្ឋាភិបាលកម្ពុជា បានប្រកាសថា ខ្លួននឹងប្រើប្រាស់ថវិកាជាតិ ៥២លានដុល្លារ ដើម្បីឲ្យការបោះឆ្នោត អាចប្រព្រឹត្តិទៅបាន។ ខណៈប្រទេសចិន ក៏បានប្រកាស ចូលមកជំនួសសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបដែរ ដោយបានបញ្ជូន​ជំនួយ ​កាលពីចុងខែធ្នូ មក​ឲ្យ ​គ.ជ.ប រួចហើយ នូវ​សម្ភារៈ បរិក្ខារ ចំនួន​៣០​មុខ ​សម្រាប់​​ការ​​បោះ​​ឆ្នោត​​ជាតិ​​ឆ្នាំ​​២០១៨។

ក្រៅពីនេះ នៅមានប្រទេសជប៉ុនមួយទៀត ដែលនៅតែបន្តគម្រោងផ្ដល់ជំនួយ ប្រមាណជា៧,២លានដុល្លារ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ យ៉ាងណា ប្រទេសជប៉ុនបានប្រកាសជំហរថា ខ្លួនមានការព្រួយបារម្ភ និងកំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ ចំពោះ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា  និង​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពិតប្រាកដ​របស់​រាស្ត្រ​ម្ចាស់​ឆ្នោត។ នេះ បើតាមលេខា​ទី​មួយ​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អ្នកស្រី តាណាបេ កាអូរី (Kaori Tanabe) ដែលបានថ្លែងកាលពីម្សិលម៉ិញ ប្រាប់វិទ្យុ​អាស៊ីសេរី។

សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានប្រកាសថា លោកមិនខ្វល់ខ្វាយ ចំពោះជំនួយរបស់បរទេស សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ឬក៏ខ្វល់ខ្វាយ ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់ ទៅលើការបោះឆ្នោតនានា នៅកម្ពុជា ក្នុងពេលខាងមុខនេះឡើយ។ លោកថា តាមច្បាប់កម្ពុជា គឺតម្រូវ ឲ្យតែប្រជាជនកម្ពុជាទទួលស្គាល់ វា«​ចប់សព្វគ្រប់ហើយ»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីជួបជាមួយយុវជនអាស៊ាន-ជប៉ុន ចំនួន៣៦២នាក់​ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ដោយបានហៅការព្រមានទាំងឡាយ ពីសំណាក់បរទេសទាំងឡាយ ថាជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកថា៖ «កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើង ទុកឲ្យយើងសម្រេចកិច្ចការរបស់យើង។ គ្មាននរណាស្គាល់យើង ជាងយើងទេ។ យើងនឹងរៀបចំការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ យើងនឹងចាត់តាំងការបោះឆ្នោត ជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។»។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបន្តថា៖ «ទោះបីអ្នកណាជួយ ឬ មិនជួយ វាមិនសំខាន់សម្រាប់យើងទេ។ ទោះបីអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់ ច្បាប់យើងខ្ញុំតម្រូវឲ្យប្រជាជនកម្ពុជាទទួលស្គាល់ គឺចប់សព្វគ្រប់ហើយ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតប្រកាស ក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយបញ្ហាចុងក្រោយ (...) ព្រះមហាក្សត្រកោះប្រជុំ គឺជារឿងរួចរាល់ មិនចាំបាច់អ្នកណា ចោទថា ត្រូវទទួលស្គាល់ ឬអត់ទទួលស្គាល់ យើងអត់ត្រូវការទេ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់