យន្ដហោះ​មួយ​នេះ ហោះ​ចេញ​នៅ​ឆ្នាំ​២០១៨ ទៅ​ចុះ​ចត​ក្នុង​ឆ្នាំ​២០១៧

ហោះងើបខ្លួនចេញពីប្រទេសញ៉ូហ្សេឡែន  នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០០និង៥នាទី យន្ដហោះរបស់ក្រុមហ៊ុន ហាវៃអ៊ែរឡាញ (Hawaian Airline) បានទៅចុះចតនៅព្រលានយន្ដហោះ ក្រុង «Honolulu» លើកោះហាវ៉ៃ (អាមេរិក) ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង១៦នាទីព្រឹក។ បណ្ដាជនជាច្រើន បាននាំគ្នាយករឿងនេះ មកលេងសើចសប្បាយ ហើយហៅព្រឹត្តិការណ៍នេះ ជា«ដំណើរត្រឡប់ទៅរកអតីតកាល»វិញ។ 
យន្ដហោះ​មួយ​នេះ ហោះ​ចេញ​នៅ​ឆ្នាំ​២០១៨ ទៅ​ចុះ​ចត​ក្នុង​ឆ្នាំ​២០១៧
យន្ដហោះ របស់ក្រុមហ៊ុន «Hawaian Airline» និងតារាងបង្ហាញពីពេលវេលា នៃការហោះហើរ។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៥ មករា ២០១៨
  • កែប្រែចុងក្រោយ: January 05, 2018
  • ប្រធានបទ: ប្លែកៗ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ជើងហោះហើរ លេខ «HA446» ដែលភ្ជាប់ក្រុង «Auckland» នៃកោះញ៉ូហ្សេឡេន ទៅកាន់ក្រុង «Honolulu» នៃកោះហាវ៉ៃ បានធ្វើដំណើរឆ្លងឆ្នាំ ពីឆ្នាំនេះ ទៅកាន់ឆ្នាំមុន។ នេះ ដោយសារតែការងើបខ្លួន ហោះចេញពីព្រលានយន្ដហោះ ក្រុង «Auckland» បានយឺតពេលប្រមាណជា១០នាទី ពោលគឺយន្ដហោះត្រូវហោះចេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣និង៥៥នាទី តែបែជាត្រូវតំអក់ រហូតដល់ម៉ោង០០ និង៥នាទី ក្នុងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ទើបយន្ដហោះអាចងើបខ្លួន ហោះចេញបាន។

ហើយដោយសារតែភាពខុសគ្នា នៃពេលវេលា រវាងប្រទេសញ៉ូហ្សេឡែន ដែលទទួលពន្លឺព្រះអាទិត្យមុនគេ និងកោះហាវ៉ៃ ដែលទទួលពន្លឺព្រះអាទិត្យ នៅ២៣ម៉ោងក្រោយ ទើបជើងហោះហើរ របស់យន្ដហោះ ហាវ៉ៃអ៊ែរវែស (Hawaian Airline) នេះ ទៅចុះចតនៅក្នុងកោះអាមេរិក ដែលស្ថិតក្នុងភាគលិច នៃពិភពលោកមួយនេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៦នាទី​ព្រឹកវិញ។

រឿងរ៉ាវនេះ បានបង្កភាពសប្បាយរីករាយមិនស្ទើឡើយ ទៅដល់បណ្ដាជនទាំងឡាយ ដែលស្គាល់ជើងហោះហើរខាងលើ និងជាពិសេសបណ្ដាជន ដែលចូលចិត្តភាពយន្ដនិយាយពី «ដំណើរវិលត្រឡប់ ទៅរកអតីតកាល»។ ពួកគេនាំគ្នាបង្ហោះជាវីដេអូ នៅពាសពេញបណ្ដាញសង្គម ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកផ្សាយជូនដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់