ការ​ប្រកួត​មួយ​របស់​ក្រុម​ប៉ារីស ត្រូវ​រៀបចំ​ឡើង​​ដើម្បី​តម្រូវ​ទីផ្សារ​អាស៊ី

ការប្រកួតមួយ រវាងក្រុម នីស (OGC Nice) និងក្រុម ប៉ារីស (Paris Saint Germain) នឹងត្រូវរៀបចំឡើង ខុសពីពេលវេលាក្នុងប្រទេស​បារាំង ដែលធ្លាប់ធ្វើកន្លងមក គឺនៅម៉ោង១៣រសៀល ថ្ងៃទី១៨ ខែមីនាខាងមុខ។ ការររៀបចំពេលវេលាប្រកួត រវាងក្រុមធំទាំងពីរ ដែលខុសពីធម្មតានេះ គឺដើម្បីតម្រូវទៅនឹងទីផ្សារ នៅក្នុងទ្វីបអាស៊ីខាងកើត។
ការ​ប្រកួត​មួយ​របស់​ក្រុម​ប៉ារីស ត្រូវ​រៀបចំ​ឡើង​​ដើម្បី​តម្រូវ​ទីផ្សារ​អាស៊ី
ពីឆ្វេងទៅស្ដាំ៖ កីឡាករ ម៉ារីយ៉ូ បាឡូតឺលី (នីស) - កីឡាករ អេឌីសុន កាវ៉ានី (ប៉ារីស) និងកីឡាករ ណីម៉ា (ប៉ារីស)។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 13, 2018
  • ប្រធានបទ: បាល់ទាត់អាស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខុសគ្នាឆ្ងាយ ពីក្រុមបាល់ទាត់ជាច្រើន នៅប្រទេសអង់គ្លេស ឬនៅប្រទេសអេស្ប៉ាញនោះ អ្នកនិយមបាល់ទាត់រាប់លាននាក់ នៅក្នុងទ្វីបអាស៊ី មិនសូវជាស្គាល់ ក្រុមបាល់ទាត់ នៅក្នុងប្រទេសបារាំងទេ បើទោះជាពួកគេ បានស្គាល់យ៉ាងច្បាស់ នូវកីឡាករល្បីៗជាច្រើននាក់ ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ទាំងនោះក៏ដោយ។ កីឡាករដ៏ល្បី និងមានកម្រិតពិភពលោកផងនោះ មានដូចជា កីឡាករ ណីម៉ា (Neymar) កាវ៉ានី (Edinson Cavani) ហ្វាល់កាអូ (Radamel Falcao) ឬដូចជាកីឡាករ ម៉ារីយ៉ូ បាឡូតឺលី (Mario Balotelli) ជាដើម។

នៅចំពោះទីផ្សារដ៏មានសក្ដានុពល នៅក្នុងទ្វីបអាស៊ី សម្ព័ន្ធបាល់ទាត់អាជីពរបស់ប្រទេសបារាំង (Ligue de Football Professionnel) ដែលជាស្ថាប័នរៀបចំការប្រកួត សម្រាប់ក្របខណ្ឌបូកពិន្ទុដណ្ដើមជើងឯក ដល់ក្រុមបាល់ទាត់ចំនួន៤០នោះ ហាក់កំពុងហុចដៃ ទៅរកបណ្ដាអ្នកនិយមបាល់ទាត់ នៅក្នុងមជ្ឈឹមទ្វីប ដែលមានចំនួនច្រើនលាននាក់។

ការហុចដៃដំបូងនោះ គឺការរៀបចំការប្រកួតមួយ ដើម្បីតម្រូវម៉ោងពេល ដែលអ្នកទស្សនានៅទ្វីបអាស៊ី អាចទស្សនាបាន នៅវេលាល្ងាច បន្ទាប់ពីសម្រាកពីការងារ ហើយវានឹងជាជំនួបរវាងក្រុម នីស (OGC Nice) ដែលមានកីឡាករ ម៉ារីយូ បាឡូតឺលី ទល់នឹងក្រុមប៉ារីស (Paris Saint Germain) ដែលសម្បូរពោរពេញ ដោយកំពូលកីឡាករ កម្រិតពិភពលោកជាច្រើននាក់។

ក្រុម នីស នឹងទទួលក្រុមប៉ារីស នៅក្នុងកីឡាដ្ឋាន «Allianz Riviera» ដ៏ធំរបស់ខ្លួន នៅថ្ងៃទី១៨ ខែមីនាខាងមុខ វេលាម៉ោង១៣រសៀល ម៉ោងនៅក្នុងប្រទេសបារាំង ដែលត្រូវនឹងម៉ោង ១៩ ថ្ងៃដដែល ម៉ោងនៅអាស៊ីខាងកើត (ដូចគ្នា នឹងម៉ោងនៅកម្ពុជា)។ សម្ព័ន្ធបាល់ទាត់អាជីព បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ខ្លួនចេញផ្សាយ ក្នុងថ្ងៃនេះថា ការរៀបចំការប្រកួតខុសពីធម្មតាខាងលើ គឺដើម្បី«ដាក់បង្ហាញ ឲ្យកាន់តែប្រសើរឡើង នូវក្របខណ្ឌប្រកួតបាល់ទាត់នានា នៃប្រទេសបារាំង សម្រាប់ជូនទៅទ្វីបអាស៊ី»។

បណ្ដាអ្នកជំនាញសេដ្ឋកិច្ច ខាងបាល់ទាត់ បានគិតថា នេះជាជំហានថ្មីមួយទៀត ដើម្បីប្រាប់ទៅពិភពលោកទាំងមូល អំពីការប្រកួតប្រជែង ដណ្ដើមយកទីផ្សារ តែរៀងខ្លួន រវាងប្រទេសមហាយក្សខាងបាល់ទាត់ ទាំងប្រាំនៅអ៊ឺរ៉ុប៖ អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី និងបារាំង។

ការដណ្ដើមយកទីផ្សារ ឬការដណ្ដើមយកប្រជាប្រិយភាព កាន់តែខ្លាំងនេះ នឹងធ្វើឲ្យតម្លៃរូបភាព និងសិទ្ធិផ្សាយផ្ទាល់ (តាមស្ថានីយទូរទស្សន៍) សម្រាប់ការប្រកួត រវាងក្រុមបាល់ទាត់ខ្លាំងៗមួយចំនួននោះ ឡើងខ្លាំងទៅដែរ។ ហើយបើសិនជាតម្លៃរូបភាព និងសិទ្ធិផ្សាយផ្ទាល់នេះ មានកម្រិតកាន់តែខ្ពស់ វានឹងជាគុណប្រយោជន៍ ទៅដល់ក្រុមបាល់ទាត់នានា នៅក្នុងប្រទេសទាំងនោះ ដើម្បីអាចទិញកីឡាករ ឬគ្រូបង្វឹក មកទាត់ឲ្យក្រុមខ្លួន កាន់តែខ្លាំង និងកាន់តែសម្បូរបែបដូចគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...