នៅ​ចំពោះ​ការ​រិះគន់ ក្រុុមហ៊ុន​ទឹក​បរិសុទ្ធ​ត្រៀម​បក​ស្រាយ​រឿង​«អំណោយ​មឈូស»

ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ ដែលមានភាគហ៊ុន របស់កូនស្រីច្បងនាយករដ្ឋមន្ត្រី បានចេញមុខមកប្រកាសថា នឹងត្រៀមចេញមកបកស្រាយ ចំពោះទិដ្ឋភាពនៃការចែកអំណោយ ជាក្ដារមឈូស ទៅដល់ជនចាស់ជរា នៅក្នុងស្រុកបល្ល័ង្ក ខេត្តកំពង់ធំ។ តែសមាជិកម្នាក់ របស់សហភាពសហព័ន្ធយុវជកម្ពុជា បានអះអាងថា ទង្វើចែកក្ដារមឈូស គឺជាការស្នើសុំរបស់លោកតា លោកយាយទាំងនោះ។
នៅ​ចំពោះ​ការ​រិះគន់ ក្រុុមហ៊ុន​ទឹក​បរិសុទ្ធ​ត្រៀម​បក​ស្រាយ​រឿង​«អំណោយ​មឈូស»
ទិដ្ឋភាពចែកអំណោយ ជាក្ដារមឈូស ទៅដល់ជនចាស់ជរា នៅក្នុងស្រុកបល្ល័ង្គ ខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មករា ២០១៨
  • កែប្រែចុងក្រោយ: January 05, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទិដ្ឋភាពនៃការចែកអំណោយ ជាក្ដារមឈូស ជាមួយនិង​សម្ភារ​ប្រើប្រាស់ គ្រឿង​ឧបភោគ​បរិភោគ ទៅដល់ជនជរាជាច្រើនរូប ពីសំណាក់ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ នៅក្នុងស្រុកបល្ល័ង្គ ខេត្តកំពង់ធំ បានបង្កឲ្យមានព្យុះ នៃការរិះគន់នៅពាសពេញបណ្ដាញសង្គម។ នោះ គឺរូបថតជាច្រើនសន្លឹក ត្រូវបានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៥ ខែមករានេះ មុននឹងរូបថតដ៏សែនកម្រ ត្រូវបានយកទៅចែករំលែកបន្ត យ៉ាងព្រោងព្រាត។ 

នៅចំពោះហេតុការណ៍នេះ មន្ត្រីមួយរូបពីក្រុមហ៊ុនទឹកបរិសុទ្ធ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនកំពុងត្រៀមចេញមកបកស្រាយ ជាផ្លូវការនៅពេលខាងមុខនេះ។ មន្ត្រីរូបនោះ បានបញ្ជាក់ថា ការចែកអំណោយ ដែលមានទាំងក្ដារមឈូសនោះ មិនមែនជារឿងអាក្រក់ និងការប្រមាណជីវិត ដល់មនុស្សចាស់ជរា ដូចការលើកឡើង របស់​អ្នកលេងហ្វេសប៊ុក នោះទេ។

ចំណែកសមាជិកម្នាក់ទៀត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួម នៅក្នុងពិធីចែកអំណោយនេះ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឲ្យដឹងថា ក្ដារ​មឈូស​ទាំង​អស់​នោះ​ គឺ​ជា​ការ​ស្នើ​សុំ ​ពី​លោក​តា លោក​យាយ នៅ​ភូមិ​ស្រុក​ខាង​លើ​នេះ​ តែ​ម្ដង។ ដូច្នេះ​ ទើប​ក្រុម​ការងារ​ក្រុម​ហ៊ុនទឹក​បរិសុទ្ធ​​វីតាល សម្រេច​តាម​បំណង​ជូន​លោក​តា លោក​យាយ ដោយ​ពុំ​មាន​ចេតនា​អាក្រក់​ណា​មួយ​ទេ។

យ៉ាងណា ក៏សកម្មភាពចែកអំណោយរបៀបនេះ មិនត្រូវបានស្វាគមន៍ជាទូទៅឡើយ។ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បាន​ឲ្យដឹង ​នៅ​រសៀល​ថ្ងៃទី៥ ខែ​មករា​ ឆ្នាំ​២០១៨​ថា ការចែកអំណោយ ជាក្ដារមឈូសរបៀបនេះ ជា​រឿង​មិនល្អ ហើយ​លោក​បាន​បញ្ជា​ ទៅ​អភិបាល​ស្រុក​​បល្ល័ង្គ ឲ្យពិនិត្យ​ករណីខាងលើនេះ។ លោកថា៖ «រឿង​នេះ ពិតជា​មិន​ល្អ​មែន។ ខ្ញុំបាន​សួរ​ទៅស្រុក ក៏មិន​បាន​ដឹង​រឿង​នេះដែរ។ នេះជា​ពិសោធន៍​មួយ។ ខ្ញុំ​កំពុង​ឲ្យ​លោក​អភិបាល​ស្រុក​ ពិនិត្យ​ករណី​នេះ។»។

នៅលើបណ្ដាញសង្គមវិញ ប្រតិកម្មបានផ្ទុះឡើងចម្រុះ។ ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ បានពន្យល់ថា ករណីនេះដែលអាចកើតមាន នៅក្នុងប្រទេសផ្សេង តែមិនគួរកើតមាន នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ជាពិសេសប្រទេសកម្ពុជា នៅពេលទទួលមរណភាព សាកសពត្រូវបានយកទៅបូជា ដែលផ្ទុយស្រឡះ ពីប្រពៃណីរបស់ប្រទេសផ្សេង។ ក្រុមខ្លះទៀត បានរៀបរាប់ថា គេគួរលើកទឹកចិត្ត តាមរបៀបផ្សេង ឲ្យជនចាស់ជរាទាំងនោះ ដើម្បីឲ្យពួកគាត់ មានជីវិតរស់នៅ ដោយសុខដុមរមនា  ជាជាងជូនក្ដារមឈូស ដើម្បីឲ្យពួកគាត់ទន្ទឹងពីសេចក្ដីស្លាប់។

ដោយឡែក ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម មួយចំនួនធំផ្សេង មិនបានរិះគន់ក្រុមហ៊ុនវីតាល់ដោយផ្ទាល់ទេ តែបានតម្រង់ការវាយប្រហារ​ដោយត្រង់ ឆ្ពោះទៅក្រុមគ្រួសារនាយករដ្ឋមន្ត្រីតែម្ដង។ នោះ ដោយសារតែក្រុមហ៊ុនទឹកបរិសុទ្ធមួយនេះ មានភាគហ៊ុនរបស់មន្ត្រី និងក្រុមគ្រួសារ របស់អ្នកមានអំណាចនៅកម្ពុជា ជាពិសេសគឺអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង។ សូមអានការរិះគន់ របស់អ្នកទាំងនោះ មួយចំនួនដូចខាងក្រោម៖ 

 

 

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...