អេង ឆៃអ៊ាង រំលឹក​ពី​ប្រវត្តិ​ថ្ងៃ៧​មករា ព្រោះ«​យួន​ឆ្លាត»

នៅចំពោះការលើកឡើង ដោយមិនដាច់សូរ ចំពោះគុណូបការៈថ្ងៃ៧មករា ដែលគេយល់ថា ជាថ្ងៃរំដោះប្រជាជនកម្ពុជា ឲ្យចេញផុតពីរបបប្រល័យពូជសាសន៍នោះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចេញមកអះអាងថា មានថ្ងៃ៧មករា ព្រោះ«យួនឆ្លាត ដឹងនយោបាយពិភពលោកច្បាស់ ក៏ឆក់ឱកាសលើកទ័ពចូលត្រួតត្រាស្រុកខ្មែរ យកលេសជួយសង្គ្រោះ»។
អេង ឆៃអ៊ាង រំលឹក​ពី​ប្រវត្តិ​ថ្ងៃ៧​មករា ព្រោះ«​យួន​ឆ្លាត»
លោក ហ៊ុន សែន និយាយជាមួយទាហានយួន នៅក្នុងឆ្នាំ១៩៨៣ នៅពេលលោក នៅជារដ្ឋមន្ត្រីការបរទេស។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ មករា ២០១៨
  • កែប្រែចុងក្រោយ: January 12, 2018
  • ប្រធានបទ: ប្រវត្តិមួយ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

វិនាសកម្ម នៃការកាប់សម្លាប់ពលរដ្ឋខ្លួន នៅក្នុងប្រទេសកម្ពុជា រវាងពីឆ្នាំ១៩៧៥ មកទល់១៩៧៩ មិនមែនមិនត្រូវបានពិភពលោក ទទួលដឹងឮនោះទេ និងថែមទាំង ត្រូវបានដាក់ចូល ទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នៅចុងខែកញ្ញា ឆ្នាំ១៩៧៨ នោះទៀតផង។ នេះ ជាការអះអាងបញ្ជាក់ របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស។ 

ការអះអាងរបស់អនុប្រធាន គណបក្សប្រឆាំង បានធ្វើឡើងតប ទៅនឹងការអះអាងមួយ ពីក្នុងចំណោមការអះអាងជាច្រើន ដែលលើកឡើងថា «បើថ្ងៃនោះ គ្មានការរំដោះ តើពលរដ្ឋខ្មែរត្រូវស្លាប់បន្ត ឬត្រូវទុកឲ្យគេសម្លាប់ចោល ផ្តាច់ពូជ?» និងទីបំផុត ផ្ដល់គុណូបការៈ ទៅដល់ថ្ងៃ៧មករា ដែលគណបក្សប្រជាជនកម្ពុជា តែងយកមករំលឹកខួប ជារៀងរាល់ឆ្នាំ។

លោក អេង ឆៃអ៊ាង បានពន្យល់តប ទៅការលើកឡើងខាងលើថា៖ «ករណី របបប៉ុល ពត សម្លាប់មនុស្ស ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដាក់ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំប្រចាំឆ្នាំ នាចុងខែកញ្ញា ឆ្នាំ១៩៧៨ ហើយនៅក្នុងកិច្ចប្រជុំនោះ តំណាងប្រទេសវៀតណាម និងប្រទេសចិនប៉េកាំង បានការពាររបបខ្មែរក្រហម»។

លោកបន្តថា៖ «បានន័យថា ពិភពលោក បានដឹងពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅកម្ពុជា ហើយចាប់ផ្តើមគិតគូរជួយខ្មែរ តែយួនឆ្លាត ដឹងនយោបាយពិភពលោកច្បាស់ ក៏ឆក់ឱកាសលើកទ័ព ចូលត្រួតត្រាស្រុកខ្មែរ យកលេសជួយសង្គ្រោះ»។

ព្រឹត្តិការណ៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលកងទ័ពវៀតណាម បានវាយចូលដល់រាជធានីភ្នំពេញ ដើម្បីទម្លាក់របបកម្ពុជាប្រជាធិបតេយ្យ ចេញពីអំណាចនោះ មិនទទួលបានការគាំទ្រ ពីសាធារណៈមតិទូទៅ នៅក្នុងប្រទេសកម្ពុជានោះទេ ជាពិសេសសាធារណៈមតិ របស់យុវជនជំនាន់ក្រោយ ដែលចាប់កំណើតក្រោយសម័យសង្គ្រាម។ ផ្ទុយទៅវិញ ក្រុមអ្នកគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថ្ងៃនេះ ថាជាថ្ងៃកំណើតទីពីរ របស់ប្រជាជនកម្ពុជា។

សម្រាប់ក្រុមប្រវត្តិវិទូឯករាជ្យវិញ បានពន្យល់ថា ការវាយលុក ចូលឈ្លានពានប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម ធ្វើឡើងក្រោមហេតុផលពីរសំខាន់៖ ទីមួយ វៀតណាមត្រូវឆ្លើយតប ទៅនឹងការប៉ះទង្គិចជារឿយៗ នៅតាមព្រំដែនកម្ពុជា-វៀតណាម បង្កឡើងដោយកងទ័ពខ្មែរក្រហម រាប់ចាប់តាំងពីក្រុមនេះ បានឡើងកាន់អំណាច នៅខែមេសា ឆ្នាំ១៩៧៥នោះមក និងទីពីរ វៀតណាមត្រូវរក្សា​ឥទ្ធិពលរបស់ខ្លួន ជាមេដឹកនាំកុម្មុយនីស្ដ៍នៅឥណ្ឌូចិន ដើម្បីក្ដោបក្ដាប់ គ្រប់គ្រងទៅលើប្រទេសឡាវ និងកម្ពុជា។

យ៉ាងណា លោក អេង ឆៃអ៊ាង បានពន្យល់ថា៖ «ថ្ងៃទី៧ មករា ១៩៧៩ មិនមែនជាទិវាជ័យជំនះ សំរាប់ខ្មែរទេ គ្រាន់តែជាថ្ងៃ នាំប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ចេញពីរបបកុម្មុយនីស្ត ប៉ុលពត ចូលទៅក្នុងរបបកុម្មុយនីស្តមួយទៀត ដែលបានធ្វើឲ្យកម្ពុជាបាត់បង់ឯករាជ្យ និងអធិបតេយ្យភាព ហើយប្រជាជាតិខ្មែរបែកបាក់ និងកាប់សម្លាប់គ្នាជាបន្ត មិនខុសពីទិវា ១៨ មិនា ឆ្នាំ១៩៧០ និង ១៧ មេសា ឆ្នាំ១៩៧៥ ឡើយ»។

អនុប្រធានគណបក្សប្រឆាំង បានបន្តថា៖ «ទិវា ដែលជាជ័យជំនះ សំរាប់ខ្មែរទាំងមូល គឺទិវា ដែលកម្ពុជាបានឯករាជ្យ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ប្រជារាស្ត្រខ្មែរទទួលបានភាពរីករាយ ភាពសុខដុមរមនា ដូចជា ទិវា៩ វិច្ឆិកា ឆ្នាំ១៩៥៣ និង ២៣ តុលា ឆ្នាំ១៩៩១»៕ 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់