ឌុយតែតេ នឹង​​សម្លាប់​កូន​ប្រុស​​ខ្លួន បើ​ប៉ះ​​ពាល់​គ្រឿង​​ញៀន

កូនប្រុសបង្កើតរបស់ប្រធានាធិបតី ហ្វីលីពីន បានចូលខ្លួនទៅបំភ្លឺ នៅក្នុងការចោទប្រកាន់ជាច្រើន ពីសំណាក់ក្រុមប្រឆាំងហ្វីលីពីន ទាក់ទងនឹងការជួញដូរគ្រឿងញៀន។ ដោយឡែក ឪពុករបស់លោក គឺលោកប្រធានាធិបតី រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានចេញមុខ មកការពារកូនប្រុសខ្លួន តាម«របៀបពិសេស» របស់លោក។
ឌុយតែតេ នឹង​​សម្លាប់​កូន​ប្រុស​​ខ្លួន បើ​ប៉ះ​​ពាល់​គ្រឿង​​ញៀន
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសហ្វីលីពីន។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 27, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីនៃកោះហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានប្រកាសកាលពីចុងសប្ដាហ៍មុន ថាលោកនឹងបញ្ជា ឲ្យសម្លាប់កូនប្រុសរបស់លោក ប្រសិនបើការចោទប្រកាន់ទាំងឡាយ ដែលធ្វើឡើងប្រឆាំងកូនប្រុសរូបនោះ មានភស្ដុតាងត្រឹមត្រូវថា ពិតជាមានការជាប់ទង នៅក្នុងការជួញដូរគ្រឿងញៀន។ លោកបន្តទៀតថា ភ្នាក់ងារនគរបាល ដែលទទួលបញ្ជាឲ្យសម្លាប់កូនប្រុសលោក នឹងទទួលបានការការពារ ពីរាល់ការតាមដាន​ស៊ើប​អង្កេត​ណា​ទាំងអស់។

កូនប្រុសប្រធានាធិបតី ឈ្មោះ ប៉ាឡូ ឌុយតែតេ (Paolo Duterte) អាយុ៤២ឆ្នាំ បានចូលខ្លួនទៅបំភ្លឺ កាលពីពេលថ្មីៗនេះ ដោយគណៈកម្មការស៊ើបអង្កេតពិសេស របស់ព្រឹទ្ធសភាហ្វីលីពីន ពីបទចោទ មានជាប់ទាក់ទងនឹងការជួញដូរថ្នាំញៀន ដែលជាការចោទប្រកាន់ ធ្វើឡើងដោយព្រឹទ្ធសមាជិកមួយរូប មកពីគណបក្សប្រឆាំង។ លោក ប៉ាឡូ បានបដិសេធការចោទប្រកាន់នោះ ដោយអះអាងថា ខ្លួនមិនដែលធ្លាប់ជាសមាជិក របស់ក្រុមជួញដូរគ្រឿងញៀនចិន ដែលតែងនាំចូល នូវថ្នាំញៀនដ៏សន្ធឹកសន្ធាប់ ចេញពីប្រទេស​ចិន ចូលមកក្នុង កោះហ្វីលីពីន នោះឡើយ។

លោកប្រធានាធិបតី ឌុយតែតេ បានរំលឹកមកវិញ នូវពាក្យសំដីរបស់លោក ដែលបានថ្លែង នៅក្នុងពេលធ្វើយុទ្ធនាការ​ឃោសនា បោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦ ថានឹងគ្មានកូនៗរបស់លោកណាម្នាក់ មានជាប់ទាក់ទង នឹងការជួញដូរគ្រឿងញៀននោះឡើយ ហើយនៅពេលនោះ លោកថា នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើពួកគេ (កូនណាម្នាក់ របស់លោក) បានប្រព្រឹត្តិផ្ទុយ ពីការលើកឡើងនេះ។

លោកថា៖ «ខ្ញុំបាននិយាយរួចហើយ នៅក្នុងបញ្ជារបស់ខ្ញុំកន្លងមក៖ បើសិនជាខ្ញុំមានកូន ដែលជាប់ពាក់ព័ន្ធ ជាមួយគ្រឿងញៀន សូមសម្លាប់វាចោលទៅ ដើម្បីកុំឲ្យមនុស្ស មានពាក្យសំដីអ្វីច្រើន។ (...) ខ្ញុំក៏បាននិយាយផ្ទាល់ ទៅកាន់ ប៉ាឡូ (កូនប្រុស​របស់លោក) ដូចគ្នា ពីបញ្ជារបស់ខ្ញុំ ថានឹងសម្លាប់កូនឯងចោល បើកូនឯងមានជាប់ពាក់ព័ន្ធមែន។ ហើយបន្ទាប់មក ខ្ញុំថា នឹងចេញមុខ ការពារភ្នាក់ងារនគរបាលណា ដែលបានសម្លាប់កូនឯង។»។ 

លោក រ៉ូឌ្រីចូ ឌុយតែតេ អាយុ៧២ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតី នៃប្រទេសហ្វីលីពី នៅក្នុងឆ្នាំកន្លងទៅនេះ ដោយសារយុទ្ធនាការឃោសនា ដែលសង្កត់ធ្ងន់ពីបញ្ហាសន្តិសុខជាតិ ជាពិសេសពាក់ព័ន្ធនឹងគ្រឿងញៀន ដែលបានញាំញ៉ីប្រទេសនេះ ពីទីក្រុងធំៗ រហូតដល់តំបន់ដាក់ស្រយ៉ាល។ បុរសខ្លាំងហ្វីលីពីនរូបនេះ បានសន្យាថា នឹងបង្ក្រាបឲ្យរាប់ដល់ដី នូវបណ្ដាញជួញដូរ និងអ្នកសេពគ្រឿងញៀន ដែលលោកអះអាង អាចមានចំនួនរហូតដល់ ១សែននាក់។

រាប់ចាប់តាំង ពីលោកបានចូលកាន់អំណាច ក្នុងខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នគរបាលនៃប្រទេសហ្វីលីពីន បានអះអាងជាផ្លូវការ នៅពេលនេះថា ជនជួញដូរគ្រឿងញៀន ប្រមាណជា ៣៨០០នាក់ ត្រូវបានសម្លាប់។ តែរបាយការណ៍ជាច្រើន បានអះអាងដែរថា មនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ត្រូវបានសម្លាប់​ក្រៅប្រព័ន្ធច្បាប់ នៅក្នុងក្របខណ្ឌ នៃយុទ្ធនាការនេះដូចគ្នា។

ក្រុមសមាជិកសភា និងព្រឹទ្ធសមាជិក មកពីគណបក្សប្រឆាំង រួមនឹងក្រុមអ្នករិះគន់ផ្សេងទៀត តែងបានចោទលោក រ៉ូឌ្រីចូ និងក្រុមគ្រួសារថា បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ នៅក្នុងរយៈពេល នៃការកាន់អំណាចរបស់លោក ជាអភិបាលក្រុង «Davao» ដែលជាក្រុងដ៏ធំមួយ ស្ថិតនៅភាគខាងត្បូង នៃកោះហ្វីលីពីន។ លោក ប៉ាឡូ ឌុយតែតេ ដែលជាអភិបាលរងក្រុងនេះ រួមនឹងកូនប្រសារមួយរូបទៀត របស់លោក រ៉ូឌ្រីចូ ឌុយតែតេ បានរងការចោទប្រកាន់ ពីសំណាក់គណៈកម្មការស៊ើបអង្កេត របស់ព្រឹទ្ធសភា ថាបានជាប់ទាក់ទង នឹងបណ្ដញជួញដូរគ្រឿងញៀន ប៉ុន្តែនៅក្នុងការចូលខ្លួនទៅបំភ្លឺ អ្នកទាំងពីរបានបដិសេធការចោទប្រកាន់ទាំងនេះ យ៉ាងដាច់អហង្កា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...