សម រង្សុី ពន្យល់​ពី​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​«រូបភាព​ថ្មី​មួយ»

នៅចំពោះចម្ងល់ជាច្រើន ជុំវិញ«ចលនាសង្គ្រោះជាតិ» ដែលទើបត្រូវបានបង្កើត កាលពីថ្ងៃទី១១ ខែមករាកន្លងមកនោះ នៅយប់ថ្ងៃទី១៣ ខែមករានេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចេញមុខមកបកស្រាយ អំពីចលនាខាងលើ ដោយអះអាងថា វាគ្រាន់តែជាក្របខណ្ឌថ្មី ដែលគ្មាននរណាម្នាក់ អាចប៉ះពាល់ ឬរំលាយបានឡើយ។ សម្រាប់គណបក្សប្រជាជនកម្ពុជាវិញ បានហៅចលនាថ្មីនេះ ថាជា«ចលនាឧទ្ទាម»។
សម រង្សុី ពន្យល់​ពី​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​«រូបភាព​ថ្មី​មួយ»
ពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា។ (រូបថត MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មករា ២០១៨
  • កែប្រែចុងក្រោយ: January 14, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

នៅក្នុងសេចក្ដីពន្យល់ របស់លោក សម រង្ស៊ី នៅមុននេះបន្តិច តាមរយៈទំព័រហ្វេសប៊ុករបស់លោក បានឲ្យដឹងថា សម្រាប់បរិបទសព្វថ្ងៃ វាជារឿងចាំបាច់ ដែល«ត្រូវផ្ដួចផ្ដើម» នូវ«គំនិតថ្មី» និង«ដំណោះស្រាយ»មួយ ដើម្បី«លើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូ» របស់គណបក្សសង្គ្រោះជាតិ។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា ចលនាថ្មីដែលមានឈ្មោះថា «ចលនាសង្គ្រោះជាតិ» នឹងផ្តល់ផលប្រយោជន៍ចំនួន ៥ ឲ្យគណបក្សសង្គ្រោះជាតិ តាមការដកស្រង់ទាំងស្រុង (នៃការពន្យល់នេះ) ដូចខាងក្រោម៖

១- ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឲ្យឈរខាងជនផ្តាច់ការ។

២- ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរូបភាពថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រសើរជាងមុនទៅទៀត។

៣- ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនា អាចទទួលសមាជិក ពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិល ដែលមិនអាចធ្វើជាសមាជិកគណបក្សនយោបាយណាមួយបានទេ។

៤- ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។

៥- ចលនាសង្គ្រោះជាតិ មានគោលបំណង ជម្រុញ ឲ្យមានការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។ ពេលយើងបានសម្រេចគោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ហើយសង្គ្រោះជាតិយើង ឲ្យទាល់តែបាន។

ចលនាសង្គ្រោះជាតិ ដែលហៅកាត់ជាភាសាអង់គ្លេស «CNRM» ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយក្រុមស្ថាបនិកចំនួន៩នាក់ ដែលភាគច្រើន ជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ។ សេចក្ដីថ្លែងការណ៍ របស់ចលនាថ្មីនេះ ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃទី១២ ខែមករា បានឲ្យដឹងថា ចលនាសង្គ្រោះជាតិ មានគោលបំណង «ធានាឲ្យមានការឯកភាព នៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយណាមួយឡើយ និងដោយមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកប្រធាន កឹម សុខា»។

ដោយឡែក សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចវិញ បានហៅ«ចលនាសង្គ្រោះជាតិ» ថាជា«ចលនាឧទ្ទាម» ដោយសារតែចលនានេះ ត្រូវបានបង្កើតឡើង ខុសច្បាប់របស់ប្រទេសកម្ពុជា។ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​នេះ ​បានថ្លែងថា៖ «សកម្មភាពនយោបាយណា ដែលចេញពីអតីតគណបក្សប្រឆាំង សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់។ អង្គការចាត់តាំង ដែលបង្កើត នាពេលនេះគឺគ្រាន់តែមានលក្ខណៈជា ក្រុមឧទ្ទាមទេ មិនត្រូវច្បាប់ទេ»។

លោក សុខ ឥសាន នៅបានព្រមាន ដល់អ្នកចូលរួមបង្កើតចលនាខាងលើថា នឹងរងការចាប់ខ្លួន បើសិនជាបង្ហាញវត្តមាន នៅកម្ពុជា ហើយចំពោះប្រទេសណាមួយ ដែលគាំទ្រដល់ចលនាឧទ្ទាមនេះ នឹងមានបញ្ហាការទូត ជាមួយកម្ពុជាផងដែរ ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់