មន្ត្រីស្និត កឹម សុខា ជំទាស់​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ»

ទោះជាមិនបានបញ្ជាក់ ឲ្យចំឈ្មោះចលនានោះក៏ដោយ តែលោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារម្ដងជាពីរដង ជំទាស់នឹង«ចលនាថ្មី»មួយ ដែលលោកបានបរិហារថា ជា«យុទ្ធសាស្រ្តស៊ីឈ្នួលចាញ់ បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងធ្វើអត្តឃាតនយោបាយ»។
មន្ត្រីស្និត កឹម សុខា ជំទាស់​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ»
រូបខាងមុខពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា។ (រូបថត MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មករា ២០១៨
  • កែប្រែចុងក្រោយ: January 14, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ទំនងជាកំពុងប្រឈម នឹងការរង្គោះរង្គើជាថ្មីទៀត នៅចំពោះចលនាថ្មីមួយ ឈ្មោះ​«ចលនាសង្គ្រោះជាតិ» ដែលទើបនឹងត្រូវបានបង្កើតឡើង ដោយមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រឆាំង៩នាក់ រាប់ទាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនោះផង។ ចលនាថ្មីនេះ ទំនងជាមិនទទួលបានការស្វាគមន៍ ពីក្រុមមន្ត្រីបក្សប្រឆាំង ដែលស្និតនឹងលោក កឹម សុខា ឬនិយាយម្យ៉ាងទៀត ដែលមានកូតា មកពីគណបក្សសិទ្ធិមនុស្សនោះឡើយ។

នៅលើបណ្ដាញសង្គម លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា គឺជាមន្ត្រីបក្សប្រឆាំងដំបូងគេ ដែលបានសំដែងការជំទាស់ ទៅនឹង«ចលនាថ្មី»ណាមួយនោះ ដោយចោទសួរពីចលនានេះ ថាតើវាជា«យុទ្ធសាស្ត្រស៊ីឈ្នួលចាញ់ បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងធ្វើអត្តឃាតនយោបាយ»ឬ? សាររបស់លោក មុត ចន្ថា ត្រូវបានបង្ហោះ នៅល្ងាចថ្ងៃទី១២ ខែមករា ខណៈទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានប្រកាសនៅវេលាយប់រំលងអាធ្រាត ចូលមកថ្ងៃទី១៣ ខែមករា អំពីការបង្កើត«ចលនាសង្គ្រោះជាតិ»មួយ។

 

សារខាងលើ របស់នាយកខុទ្ទកាល័យប្រធានគណបក្សប្រឆាំង ក៏ទទួលបានការ«ចូលចិត្ត (Like)» ពីកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោក កឹម សុខា នោះដែរ។

បន្តមកទៀត លោក មុត ចន្ថា ដែលធ្លាប់ធ្វើជានាយកខុទ្ទកាល័យ របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅក្នុងគណបក្សហ្វុនស៊ីនប៉ិចនោះ បានយកសេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ដែលបានចេញផ្សាយ ក្រោយការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា មកបង្ហោះសារជាថ្មី។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ មានសរសេរបញ្ជាក់ ពីជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការរក្សា និងការពាររចនាសម្ព័ន្ធគណបក្ស ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ព្រមទាំងនៅតែចាត់ទុកលោក កឹម សុខា ថាជាប្រធានគណបក្សដដែល។

អ្វីដែលសំខាន់ជាងនេះ គឺក្នុងព្រឹកថ្ងៃទី១៤ ខែមករានេះ លោក មុត ចន្ថា បានបង្ហោះបន្ថែមទៀត នូវសេចក្ដីប្រកាសព័ត៌មានមួយ ដែលមនុស្សស្និតប្រធានគណបក្សប្រឆាំងរូបនេះ អះអាងថា ផ្សាយចេញពី«តំណាងគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក» ហើយមានគោលបំណង «បញ្ជាក់ជំហររក្សា និងការពារគណបក្សសង្រ្គោះជាតិ ហើយនិងបន្តការតស៊ូ ក្នុងក្របខណ្ឌ និងដំបូលគណបក្សសង្រ្គោះជាតិ ដោយគ្មានការផ្លាស់ប្តូរ»។

សេចក្ដីប្រកាសព័ត៌មាន ដែលគ្មានហត្ថលេខា ឬត្រាសម្គាល់នោះ មានសរសេរជាអាទិ៍ថា៖ «យើងខ្ញុំ ដែលមានរាយនាម និងហត្ថលេខាខាងក្រោម (...) មិនចូលរួមជាមួយចលនា ឬក្រុមអ្នកនយោបាយណាមួយ ក្រៅពីគណបក្សសង្គ្រោះជាតិនោះឡើយ»។

កាលពីប៉ុន្មានម៉ោងមុន លោក សម រង្ស៊ី អតីតប្រធានគណបក្ស បានចេញមកពន្យល់ តាមរយៈទំព័រហ្វេសប៊ុករបស់លោក ពីបុព្វហេតុនៃចលនាសង្គ្រោះជាតិ ថាជា«ក្របខណ្ឌថ្មីមួយ» ដែលគ្មាននរណាអាចប៉ះពាល់ ឬអាចរំលាយបាន សូម្បីតែនៅលើក្រដាស។ លោក សម រង្ស៊ី បានបញ្ជាក់ថា ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ។

មេដឹកនាំប្រឆាំងរូបនេះ បានសរសេរនៅក្នុងចំណុចទី៥​ នៃការពន្យល់របស់លោក ដូច្នេះថា៖ «ចលនាសង្គ្រោះជាតិ មានគោលបំណង ជំរុញឲ្យមានការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។ ពេលយើងបានសម្រេចគោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា។»។

ក្នុងជំនួបជាមួយក្រុមអ្នកគាំទ្រ ក្នុងថ្ងៃទី១៣ ខែមករានេះ នាក្រុងញ៉ូយក សហរដ្ឋអាមេរិក លោក សម រង្ស៊ី បានថ្លែងទទួលស្គាល់ ពីផលវិបាកជាច្រើន ដែលបានកើតឡើង ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។ ខាងក្រោមនេះ ជាការថ្លែងទាំងស្រុង របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ៖

រាប់ចាប់តាំងពីពេលលោក កឹម សុខា ប្រធានគណបក្សត្រូវបានចាប់ខ្លួននោះមក ការរង្គោះរង្គើផ្ទៃក្នុងគណបក្ស បានផ្ទុះឡើងម្ដងហើយ កាលពីចុងខែតុលា ឆ្នាំ២០១៧។ កាលនោះ តាមរយៈវីដេអូបង្ហោះ នៅលើបណ្ដាញសង្គម លោក សម រង្ស៊ី បានចង្អុលដោយចេញឈ្មោះ ទៅលោក ម៉ៅ មុនីវណ្ណ ដែលជាតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្ស ថាបានកំពុងប្រព្រឹត្តិ«ទង្វើក្បត់បក្ស»។ ការចោទប្រកាន់នេះ ត្រូវបានលោក ម៉ៅ មុនីវណ្ណ ខ្លួនលោក ប្រកាសច្រានចោល និងចាត់ទុកអ្នក​ដែលលើកឡើងដូច្នេះ ថាជាអ្នកលាបពណ៌ ហើយនឹងទទួលវិប្បដិសារី នៅថ្ងៃណាមួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...