យន្ដហោះ​ចុះចត​ធ្លាក់​ច្រាំង​សមុទ្រ នៅ​ទួរគី

នៅសល់តែប៉ុន្មានម៉ែត្រទៀតប៉ុណ្ណោះ យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ «Pegasus Airlines» នឹងធ្លាក់​ចូលក្នុងសមុទ្រ «ខ្មៅ» ជាពុំខាន!
យន្ដហោះ​ចុះចត​ធ្លាក់​ច្រាំង​សមុទ្រ នៅ​ទួរគី
ទិដ្ឋភាពយន្ដហោះ ចុះចតខុសព្រលាន និងជ្រុលធ្លាក់ទៅទើរ នៅលើចង្កេះច្រាំងសមុទ្រ ក្នុងប្រទេសទួរគី។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មករា ២០១៨
  • កែប្រែចុងក្រោយ: January 16, 2018
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

នៅក្នុងសេក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន​អាកាសចរណ៍ «Pegasus Airlines» ដែលចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន បានសរសេរឲ្យដឹងថា យន្ដហោះប្រភេទ «Boeing 737» ដែលភ្ជាប់ការហោះហើរក្នុងស្រុក ចេញពីរដ្ឋធានី អង់ការ៉ា (Ankara) ឆ្ពោះទៅកាន់ក្រុង ត្រាហ្សុង (Trabzon ស្ថិតនៅភាគខាងកើតប្រទេស) បានចុះចត ខុសពីផ្លូវព្រលាន នៅវេលាព្រលប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រធូរថ្លៃមួយនេះ បានបញ្ជាក់ថា៖ «អ្នកដំណើរទាំង១៦២នាក់ ដែលស្ថិតនៅលើយន្ដហោះ រួមនឹងអ្នកបើកបរពីរនាក់ និងអ្នកបម្រើការ៤នាក់ទៀត ត្រូវបានជម្លៀសចេញពីយន្ដហោះ ដោយសុវត្ថិភាព។ មិនមាននរណាម្នាក់ រងគ្រោះអ្វីឡើយ។»។

រូបថត និងវីដេអូជាច្រើន ត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ ហើយបានបង្ហាញថា យន្ដហោះបានងាកចេញ ពីផ្លូវចុះចតរបស់យន្ដហោះ ដែលស្ថិតនៅជាប់​មាត់សមុទ្រ ហើយបានធ្លាក់នៅនៅទើរ លើចង្កេះច្រាំងសមុទ្រ។ ក្បាលយន្ដហោះបានសំយ៉ុងចុះ ទៅរកសមុទ្រ ដោយនៅសល់ តែប៉ុន្មានម៉ែត្រទៀតប៉ុណ្ណោះ។

អាជ្ញាធរតំបន់នៃប្រទេសទួរគី នៅមិនទាន់អះអាងឲ្យដឹង ពីមូលហេតុ​នៃការចុះចតខុសព្រលាន នេះនៅឡើយ មកដល់ពេលនេះ។ រីឯព្រលាន​យន្ដហោះ ដែលត្រូវបានបិទ លែងឲ្យដំណើរការ នៅក្រោយគ្រោះថ្នាក់ខាងលើ ត្រូវរង់ចាំរហូតព្រឹកថ្ងៃអាទិត្យ ទើបត្រូវបានបើក និងអនុញ្ញាត​ឲ្យយន្ដហោះទាំងឡាយ អាចហោះហើរឡើង ឬចុះចតឡើងវិញបាន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់