បវរកញ្ញា​ប៊ែលហ្សិក ជា​កូនកាត់​ហ្វីលីពីន

គឺកញ្ញា អង់ជឺលីន ផ្លរ ពុយអា (Angeline Flor Pua) អាយុ២២ឆ្នាំ ដែលមានដើមកំណើត នៅក្រុងអង់វែរ (Anvers) ដែលបានជាប់ជាបវរកញ្ញាឆ្នាំ២០១៨ របស់ប្រទេសប៊ែលហ្សិក នៅក្នុងការប្រលងជ្រើសរើសមួយ កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន។ កញ្ញាមានឪពុកជាជនជាតិប៊ែលហ្សិក និងម្ដាយជាជនជាតិហ្វីលីពីន។
បវរកញ្ញា​ប៊ែលហ្សិក ជា​កូនកាត់​ហ្វីលីពីន
បវរកញ្ញាប៊ែលហ្សិកឆ្នាំមុន បានឡើងមកបំពាក់ម្កុជ «រាជនីសម្ផស្ស» ឲ្យដល់កញ្ញា អង់ជឺលីន ផ្លរ ពុយអា ដែលបានជាប់ជាបវរកញ្ញាប៊ែលហ្សិក ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មករា ២០១៨
  • កែប្រែចុងក្រោយ: January 16, 2018
  • ប្រធានបទ: រាជនីសម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសប៊ែលហ្សិក ដែលមានរាជធានី ស្ថិតនៅជាបេះដូងរបស់អ៊ឺរ៉ុប បានជ្រើសរើសបវរកញ្ញារបស់ខ្លួន ប្រចាំឆ្នាំ២០១៨នេះហើយ។ នារីដ៏ស្រស់ប្រិមប្រិយ មានអាយុ២២ឆ្នាំ មកពីក្រុងអង់វែ (Anvers - ស្ថិតនៅភាគខាងជើង) និងដែលជាកូនកាត់ហ្វីលីពីន បានឈ្នះជ័យលាភី ពីក្នុងការប្រលងជ្រើសរើស ដ៏ធំសម្បើមមួយ កាលពីយប់ថ្ងៃសៅរ៍ ដោយមានការចូលរួម ពីបេក្ខនារីប្រមាណជា៣០នាក់។

បវរកញ្ញា ដែលមានរូបសម្បត្តិឈ្នះដាច់គេនេះ មានឈ្មោះ អង់ជឺលីន ផ្លរ ពុយអា (Angeline Flor Pua) ជានិស្សិតមួយរូប ផ្នែកបើកបរយន្ដហោះ។ ចាប់កំណើត នៅក្នុងប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥ កញ្ញា អង់ជឺលីន មានឪពុកជាជនជាតិប៊ែលហ្សិក និងមានម្ដាយ ជាជនជាតិ មានដើមកំណើតហ្វីលីពីន។

នៅចំពោះដើមកំណើត ជាកូនកាត់របស់នាង រាជនីសម្ផស្សថ្មីថ្មោងរូបនេះ ប្រាកដជាប្រឈម នឹងការលើកឡើងទាំងឡាយ ដែលមានលក្ខណៈ ជាការរើសអើង និងប្រកាន់ពូជសាសន៍។ ការលើកឡើងខ្លះទៀត ថែមទាំងបានរិះគន់រូបនាង ដែលធ្លាប់បានរស់នៅ ក្នុងសង្កត់មួយឈ្មោះ «Borgerhout» ដែលមានរស់នៅពោរពេញ ដោយបណ្ដាជនអន្តោប្រវេសនោះផង។

យ៉ាងណា អង់ជឺលីន បានឆ្លើយតបមកវិញ ដោយសុទិដ្ឋិនិយមថា៖ «ខ្ញុំមានមោទនភាពណាស់ ដោយបានក្លាយ ជាបវរកញ្ញាប៊ែលហ្សិក លើកដំបូងបង្អស់ ដែលមានដើមកំណើរ មកពីប្រទេសអាស៊ី។ ពិតហើយ ថាខ្ញុំបានអាន នូវការលើកឡើងជាច្រើន ដ៏គួរឲ្យតក់ស្លុត ទាក់ទងនឹងរូបខ្ញុំ ប៉ុន្តែ​វាមិនបានធ្វើឲ្យរាថយ នៅក្នុងកិច្ចការរបស់ខ្ញុំ និងសុបិន្ដរបស់ខ្ញុំនោះទេ។ ខ្ញុំបានដឹងថែមទៀតថា ការលើកឡើងដ៏អាក្រក់ទាំងនេះ បានធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួស។»។

កញ្ញា អង់ជឺលីន បានពន្យល់នៅលើបណ្ដាញសង្គម នៅមុនពេលនាងបានជាប់ជាបវរកញ្ញា ថានាងមិនបានគិតថា នាងមានសម្ផស្សស្អាតដាច់គេ នៅក្នុងព្រះរាជាណាចក្រនោះទេ។ តែអ្វីដែលនាងចង់បង្ហាញនោះ គឺរូបភាពថ្ងៃនេះ នៃប្រទេសប៊ែលហ្សិកមួយ ដែលមានលក្ខណៈជា សង្គមចម្រុះ ដូចដែលស្ត្រីមុនៗ ដែលជាកូនកាត់អាហ្វិក ឬកូនកាត់ម៉ារ៉ុក ធ្លាប់បានជាប់ជាបវរកញ្ញារួចហើយ។

កញ្ញាកូនកាត់​ដ៏ស្រស់ប្រិមប្រិយ ថែមទាំងទទួលបានការគាំទ្រ ពីបណ្ដាថ្នាក់ដឹកនាំ និងអ្នកនយោបាយ សឹងតែគ្រប់ជាន់ថ្នាក់ របស់ប្រទេសប៊ែលហ្សិកនោះផង។ អ្នកនយោបាយខ្លះ បានថ្លែងការពារកញ្ញា អង់ជឺលីន ថាការដែលនាងបានជាប់ ជាបវរកញ្ញាប៊ែលហ្សិក គឺជាការអះអាងខ្លាំងថែមទៀត ពី«ការបើកបេះដូង» របស់សង្គមប៊ែលហ្សិក។ 

មេដឹកនាំប៊ែលហ្សិកមួយចំនួន បានជំរុញឲ្យកញ្ញា អង់ជឺលីន ដាក់ពាក្យបណ្ដឹង ឡើងទៅតុលាការ ដោយយោងលើច្បាប់ ប្រឆាំងការប្រកាន់ពូជសាសន៍ ដ៏តឹងតែង របស់ប្រទេសប៊ែលហ្សិក ដើម្បីផ្ដន្ទាទោសជនទាំងឡាយ ដែលជាអ្នកទទួលខុសត្រូវ ចំពោះការលើកឡើង ប្រកបដោយការរើសអើងទាំងនោះ។ ប៉ុន្តេរាជនីសម្ផស្ស​ថ្មីថ្មោង មិនបានគិតថា នាងនឹងត្រូវធ្វើបែបនេះទេ។

សម្រាប់អ្នកស្រី «Bianca Debaets» រដ្ឋលេខាធិការមួយរូប នៃរដ្ឋាភិបាលប៊ែលហ្សិកវិញ បានចេញមុខ មកធ្វើប្រតិកម្មខ្លាំងៗ ដោយហៅការលើកឡើង ទាំងឡាយនោះ ថាមានលក្ខណៈ«ដ៏អាស្រូវ»។ អ្នកស្រីថា៖ «អង់ជឺលីន ផ្លរ ពុយអា ដែលជានារីដ៏ឆ្លាតវៃ ចេះច្រើនភាសា និងពោរពេញដោយមហិច្ឆតារូបនេះ គឺជាជនជាតិប៊ែលហ្សិក ដ៏ពិតប្រាកដម្នាក់ ហើយនាងមានមោទនភាពណាស់ ដែលខ្លួននាង ជាជនជាតិប៊ែលហ្សិក»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...