ម៉ៅ មុនីវណ្ណ សុំ​តុលាការ​ចូល​ជួប កឹម សុខា ក្នុង​ពន្ធនាគារ

នៅថ្ងៃអង្គារនេះ លោក ម៉ៅ មុនីវណ្ណ បានដាក់លិខិតជូនចៅក្រមសើុបសួរ នៃសាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំជួបលោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ដែលកំពុងជាប់ឃុំ​ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។
ម៉ៅ មុនីវណ្ណ សុំ​តុលាការ​ចូល​ជួប កឹម សុខា ក្នុង​ពន្ធនាគារ
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស និងលោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មករា ២០១៨
  • កែប្រែចុងក្រោយ: January 16, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ចំនួន៥នាក់ ដែលមានសមាសភាព ជាអតីតសមាជិករដ្ឋសភា និងដែលដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ បានដាក់លិខិតទៅកាន់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ដើម្បីស្នើសុំចូលជួប ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ខាងមុខ នៅក្នុងពន្ធនាគារត្រពាំងថ្លុង ដែលស្ថិតនៅក្បែរ​ព្រំដែន ខ្មែរ-យួន។

មន្ត្រីទាំងប្រាំរូប មានឈ្មោះ លោក ម៉ៅ មុនីវណ្ណ - លោក អ៊ូ ចាន់រ័ត្ន - លោក ជាម ចន្នី - លោក កង គឹមហាក់ និងអ្នកស្រី តែ ច័ន្ទមុនី។ អ្នកទាំងប្រាំ ដែលមានអតីតភាព ជាអ្នកតំណាងរាស្ត្រ បន្ទាប់ពីការបោះឆ្នោតជាតិ ឆ្នាំ២០១៣នោះ សុទ្ធតែត្រូវបានតុលាការកំពូល ដកហូតសិទ្ធិ ធ្វើនយោបាយចំនួនប្រាំឆ្នាំ។ ដូច្នេះ ការស្នើសុំចូលជួបលោក កឹម សុខា នៅពេលនេះ មន្ត្រីទាំងប្រាំរូប មិនមានលក្ខខណ្ឌអ្វីប្រសើរ ជាងការស្នើសុំ បែបជាពលរដ្ឋសមញ្ញនោះឡើយ។

លិខិតស្នើសុំ ដែលបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន ក្នុងវេលាយប់ថ្ងៃអង្គារនេះ បានបញ្ជាក់ថា មន្ត្រីទាំងប្រាំរូបខាងលើ រួមនឹងសហការី១០រូបផ្សេងទៀត «មានបំណងចង់ចូលសួរសុខទុក្ខ» លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារ។

ការស្នើសុំចូលជួបលោក កឹម សុខា បានធ្វើឡើង នៅស្របពេលដែលលោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំងជាច្រើនរូបទៀត បានប្រកាសបង្កើត «ចលនាសង្គ្រោះជាតិ» ដ៏ប្រទាំងប្រទើសមួយឡើង ដើម្បីអ្វីមួយ ដែលអតីតប្រធានគណបក្សប្រឆាំង ហៅថា ជា«ក្របខណ្ឌថ្មីមួយ» ដែលគ្មាននរណាអាចប៉ះពាល់ ឬអាចរំលាយបាន សូម្បីតែនៅលើក្រដាស និងមានគោលបំណង «ជំរុញឲ្យមានការដោះលែង លោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ»។

ប៉ុន្តែគម្រោងបង្កើតចលនាថ្មីនេះ បានរងការជំទាស់ខ្លាំងក្លា ពីសំណាក់មន្ត្រីជាច្រើន របស់គណបក្សសង្គ្រោះជាតិខ្លួនឯង ជាពិសេស ពីសំណាក់មន្ត្រី ដែលធ្លាប់មានកូតា មកពីគណបក្សសិទ្ធិមនុស្ស។ នៅចំពោះការជំទាស់នេះ លោក សម រង្ស៊ី បានថ្លែងតាមរយៈកិច្ចសម្ភាស ជាមួយវិទ្យុអាស៊ីសេរី ស្នើសុំឲ្យអ្នកជំទាស់ទាំងនោះ បើកចិត្តឲ្យទូលាយ និងស្ដាប់ការយល់ឃើញ របស់លោក កឹម សុខា ប្រធានគណបក្សដែលមិនអាច«បញ្ជា» ឬ«សម្រេច»អ្វីបាន ពីពន្ធនាគារមកនោះ។

ភ្លាមៗនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្ម ពីអ្នកនាំពាក្យសាលាដំបូងរាជធានី ក៏ដូចជាលោក គី ឬទ្ធី ចៅក្រមស៊ើបសួរ ចំពោះលិខិតស្នើសុំខាងលើ បាននៅឡើយ។ ប៉ុន្តែការសុំចូលជួបប្រធានគណបក្ស កាលពីពេលកន្លងមក ពីសំណាក់មន្ត្រីគណបក្សមួយចំនួន ដែលនៅមានតំណែង ជាសមាជិកសភាផងនោះ មិនត្រូវបានតុលាការអនុញ្ញាតឡើយ។

សូមរំលឹកជូនដែរថា លោក ម៉ៅ មុនីវណ្ណ ធ្លាប់ត្រូវបានលោក សម រង្ស៊ី ចង្អុលដោយចំឈ្មោះ ថាបានប្រព្រឹត្តិ «ទង្វើក្បត់បក្ស» នៅប៉ុន្មានសប្ដាហ៍ ក្រោយលោក កឹម សុខា ត្រូវបានអាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​យ​កទៅឃុំ។ តែការចោទប្រកាន់ នៅពេលនោះ ត្រូវបានលោក ម៉ៅ មុនីវណ្ណ ខ្លួនលោក ប្រកាសច្រានចោល និងចាត់ទុកអ្នក​ដែលលើកឡើងដូច្នេះ ថាជាអ្នកលាបពណ៌ ដែលនឹងទទួលវិប្បដិសារី នៅថ្ងៃណាមួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...