ចៅក្រម​បដិសេធ មិន​ឲ្យ ម៉ៅ មុនីវណ្ណ ចូល​ជួប កឹម សុខា

«បំណងចង់ចូលសួរសុខទុក្ខ»លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ របស់លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ និងជាអតីតសមាជិកសភា មិនត្រូវបានចៅក្រមស៊ើបសួរ គី ឫទ្ធី អនុញ្ញាតនោះទេ។
ចៅក្រម​បដិសេធ មិន​ឲ្យ ម៉ៅ មុនីវណ្ណ ចូល​ជួប កឹម សុខា
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មករា ២០១៨
  • កែប្រែចុងក្រោយ: January 18, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ការសុំចូលជួប ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ខាងមុខ នៅក្នុងពន្ធនាគារត្រពាំងថ្លុង ដែលស្ថិតនៅក្បែរ​ព្រំដែន ខ្មែរ-យួន ពីសំណាក់មន្ត្រីជាន់ខ្ពស់គណបក្ស ដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ មិនទទួលបានចម្លើយជាវិជ្ជមាន ពីលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីនោះទេ។

លិខិតឆ្លើយតប របស់ចៅក្រមខាងលើ ចុះថ្ងៃពុធទី១៧ ខែមករា ឆ្នាំ២០១៨ ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បត្តិ៍នេះ បានពន្យល់ថា សំនុំរឿងទាក់ទងនឹងលោក កឹម សុខា ស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្ដុតាង នៅឡើយ។ លិខិតបានបន្តថា៖ «ហេតុនេះ ការចូលជួប ឬសួរសុខទុក្ខ ឲ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទ ដែលមិនទាក់ទិន នៅក្នុងរឿងតែប៉ុណ្ណោះ»។

កាលពីល្ងាចថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨ លោក ម៉ៅ មុនីវណ្ណ បានដាក់លិខិតទៅកាន់លោក គី ឫទ្ធី ដើម្បីស្នើសុំចូលជួបលោក កឹម សុខា នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ខាងមុខ។ ក្នុងលិខិតនោះ លោក មុនីវណ្ណ បញ្ជាក់ថា រូបលោកនិងមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ចំនួន៥នាក់ផ្សេង រួមនឹងសហការីចំនួន១០នាក់ផង ចង់ចូលជួបលោក កឹម សុខា ក្នុង«បំណងចង់ចូលសួរសុខទុក្ខ»។

ការ​ស្នើ​សុំ​ជួបប្រធាន​គណបក្ស​សង្គ្រោះជាតិ ​នៅក្នុងពន្ធនាគារនេះ​ ​​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពេល​ ​លោក​ សម រង្ស៊ី​ ​និង​មន្ត្រី​មួយ​ចំនួន​របស់គណបក្សនេះ ​បាន​ប្រកាស​បង្កើត​ ​«ចលនា​សង្គ្រោះជាតិ»​ មួយ​ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។​ ហេតុការណ៍ ទាំងពីរនេះ ក៏ត្រូវបានប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យកមកភ្ជាប់គ្នា ដោយមានធ្វើអត្ថាធិប្បាយ បន្ថែមបន្ថយនោះផង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់