«ពាក្យ“បាក់​ធ្មេញ គល់​ឫស្សី ឬ​ មឈូស” ជា​ភាសា​សាមញ្ញ»

ពាក្យពេជន៍ប្រើប្រាស់ ដោយ«ឥស្សរជន»កម្ពុជា ក្នុងសម័យនេះ ដូចយ៉ាង «វ៉ៃបាក់ធ្មេញ» «វាយក្បាលម៉ាគល់ឫស្សី» ឬ«ត្រៀម​ក្ដា​មឈូស»ជាដើមនោះ គឺគ្រាន់តែ​ជាភាសា​«សាមញ្ញ»ទេ។ នេះ បើតាមការអះអាង របស់លោក ផៃ ស៊ីផាន មន្ត្រី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា។ តែការព្យាយាម​បកស្រាយ របស់មន្ត្រីជាន់ខ្ពស់រូប​នេះ បាន​រង​ប្រតិកម្ម​តប​វិញ​ថា «វាមិនដែល! ចេះនិយាយអញ្ចឹងទៅកើត!»។
«ពាក្យ“បាក់​ធ្មេញ គល់​ឫស្សី ឬ​ មឈូស” ជា​ភាសា​សាមញ្ញ»
ពីឆ្វេងទៅស្ដាំ៖ លោក ផៃ ស៊ីផាន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលលោក​នៅជាទាហាន​ខ្មែរក្រហម។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 10, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសំដី ដែលបានកើតឡើង ប្រតិកម្មទៅនឹងការប្រើប្រាស់ភាសា ដ៏«គ្រីតគ្រាត» របស់​មេ​ដឹកនាំ​ខ្មែរ​ជា​ច្រើន​នាក់ រាបតាំងពីមន្ត្រីរដ្ឋាភិបាល រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវ​បាន​លោក ផៃ ស៊ីផាន ព្យាយាមជួយទប់ និងជួយបកស្រាយមកវិញថា វាគ្រាន់តែ​ជា​ការ​ប្រើប្រាស់​«ភាសា​សាមញ្ញ»​ធម្មតា​ប៉ុណ្ណោះ។ មន្ត្រី​អ្នក​នាំ​ពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានរំលឹកគេឯង ឲ្យយល់ថា៖ «ពាក្យទាំងអស់នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើ ក្នុងកិច្ចព្រមាន​រំលឹកប្រាប់ជាទូទៅ និងសាមញ្ញបំផុត (Slang Language)»។

សម្រាប់ក្រុមអ្នកឃ្លាំមើល និងអ្នកវិភាគមួយចំនួនវិញ បានចាត់ទុក​ការពន្យល់​របស់លោក ផៃ ស៊ីផាន ថា​ជា​ការ​មិនអាច​​ទទួល​​យក​បានទេ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាន​ព្យាយាម​បកស្រាយសំដីរបស់មេដឹកនាំខ្មែរ ដែលលើកឡើង​ដោយប្រើពាក្យ «វ៉ៃបាក់ធ្មេញ» «វាយក្បាលម៉ា​គល់​ឫស្សី» ​និង​«ឲ្យ​ត្រៀម​ក្ដាមឈូស»ជាដើមនោះ នៅក្នុងសំណេរ​ដ៏វែងអន្លាយ​របស់លោក នៅលើបណ្ដាញ​សង្គម កាលពី​ម្សិល​ម៉ិញ។ លោក ផៃ ស៊ីផាន ដែល​ទំនង​​ជា​យល់ ​ភាសា«អង់គ្លេស» ច្រើនជាង​ភាសា​ខ្មែរនោះ បាន​យក​ពាក្យ​​«អង់គ្លេស»​មួយ​ចំនួន មកពន្យល់​បញ្ជាក់ ​នៅក្នុង​នោះ​ផង។

ដូចជានៅត្រង់ឃ្លាដំបូង លោកបាន​សរសេរថា អ្នក​មាន​​និន្នាការ​​មិន​ស្រប​​នឹង​រដ្ឋាភិបាល ក៏ដូចជាអ្នក«តាំងខ្លួនអង្គឯង» ជាអ្នកវិភាគ​នយោបាយ ដែលមាន​ចរិត​តតាំង ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានយកពាក្យប៉ុន្មានម៉ាត់ខាងលើ​នេះ មក«បំភ្លៃ»​ចេញ​ពីន័យ និង​បំណង​ដើម ហើយ​«កែឆ្នៃ លាបពណ៌» ធ្វើ​ឲ្យ​សាធារណ​ជន​យល់​ច្រឡំ​ថា ការប្រើប្រាស់ពាក្យទាំងនោះ ដែលធ្វើឲ្យមាន​«ការភិតភ័យ» ដោយ​ភ្ជាប់​មក​ជា​មួយ នូវពាក្យ​អង់គ្លេស​មួយម៉ាត់ នៅក្បែរនោះ​ថា «Threat»។ 

លោកបន្តថា៖ «(ការយល់ច្រឡំ)នោះ រាប់ទាំង មន្ត្រីអង្គការ​សហប្រជាជាតិ ក៏យល់​ខុស វង្វេង តាម​អ្នកបកប្រែ ដែល​មាន​និន្នាការ នៃ​បណ្តា​អ្នក​សារព័ត៌មាន​តតាំង​មួយ​ចំនួន ​“Bias Reporters” ផង​ដែរ​នោះ គឺរឹត​តែ​បង្កើត ឲ្យ​មាន​ស្ថានការណ៍​អាក្រក់ ដែលអាចចាត់ទុក​ថា​ជាយុទ្ធនាការ ធ្វើអោយមតិ​សាធារណៈ​មើលឃើញ​កម្ពុជា​អាក្រក់»។

លោក ផៃ ស៊ីផាន បានរៀបរាប់ថា៖ «សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏ដូចជាឥស្សរៈជន​ជាន់ខ្ពស់ ដែល​លោក​បាន​លើក​ឡើង នូវពាក្យទាំងនោះជា សាធារណៈ គឺមិនមានគោលដៅ នៃបំណង​បំភិតបំភ័យ អ្នកណា​ម្នាក់​នោះ​ឡើយ អាស្រ័យ​ដោយ​ឥរិយាបថ និងការពិសោធន៍ របស់ឥស្សរៈជន​ទាំងនោះ ជាអ្នក​លះបង់ រំដោះ និង​ការពារ​ជីវិត របស់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ អោយមាន​ជីវិតរស់រាន រហូតមកដល់​បច្ចុប្បន្ននេះ គឺ​ផ្ទុយ ​និង​ខុស​គ្នា​ស្រឡះ ពីសកម្មភាព និងការប្រើប្រាស់​ពាក្យពេចន៍ របស់បន​ប្រល័យ ប៉ុល ពត»។

មន្ត្រីអ្នកនាំពាក្យ បានសរសេរពន្យល់ថា៖ «ការប្រើប្រាស់ពាក្យរបស់ឥស្សរៈ ជន​ដូច​ជា “បាក់ធ្មេញ” “គល់ឫស្សី” ឬ “មឈូស” ជាដើម​នោះ គឺជាភាសាសាមញ្ញ​តែប៉ុណ្ណោះ ដែលប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់​គ្រប់​ស្រទាប់ នៃ​ជីវិត ដែលមិនគួរ​បំភ្លៃ ញុះញង់ ចោទប្រកាន់​នោះទេ។ ពាក្យទាំង​អស់នេះ ជាពាក្យ​សាមញ្ញ ក្នុង​កិច្ច​ “ព្រមាន” ប្រាប់ ឬ​រំលឹក អោយដឹង​ជាមុន ក្នុងកិច្ចបញ្ជៀស នៅក្នុងការប្រព្រឹត្ត​ល្មើស ដែល​ស្មើ​នឹងពាក្យ​អង់គ្លេស “ Warning”។ ត្បិតរឿង​ដែលត្រូវតែ​លើក​ឡើង រំឭកខាន​ពុំនោះ គឺវាមានសកម្មភាព​បាន​ប្រព្រឹត្តល្មើស​កាល​ពីមុន ហើយក៏មិនអនុញ្ញាត​អោយមានករណីនេះ​ច្រំដែលទៀត​បានឡើយ។ ហេតុដូចនេះ ពាក្យ​ដែល​បាន​ប្រើប្រាស់​ទាំងអស់នោះ គឺពុំមានន័យ ឬបំណង ក្នុងការបំភិតបំភ័យ​នោះឡើយ ដែល​ស្រប​និង​ពាក្យ​អង់គ្លេស​ ថា “Threat”។»។​

តែការព្យាយាម​បកស្រាយ របស់លោក ផៃ ស៊ីផាន មិនទទួលបាន​ការយល់ស្រប ពីសំណាក់​ក្រុម​អ្នក​តាម​ដាន វិភាគ​ស្ថានការណ៍​នយោបាយ​ខ្មែរ និងសាស្ត្រាចារ្យអក្សរសាស្ត្រ​ខ្មែរ មួយចំនួន​ឡើយ។ លោក អ៊ូ វីរៈ ដែល​គេស្គាល់​ថា ជាអ្នកវិភាគ​នយោបាយដ៏ល្បីមួយរូបនោះ បាន​លើក​ឡើងយ៉ាងខ្លី​ទៅ​វិញ​ថា៖ «វាមិនដែល។ ចេះនិយាយ​ទៅរួច។»។

ខណៈលោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាងហ្វាងការផ្សាយ របស់វិទ្យុសម្លេង​ប្រជាធិបតេយ្យ (VOD) និងជាអតីត​សាស្ត្រចារ្យ​មួយរូបនោះ បានលើក​ឡើង​យ៉ាង​ខ្លី​ដែរ​ថា៖ «មិនសមទេ។ ខ្មែរ ជាពូជពង្សមានអរិយធម៌ខ្ពង់ខ្ពស់​ណាស់។»។

អ្នកស្រុកហៅ«ភាសាពាល»

អ្នកស្រី វ.អ. អតីតសាស្ត្រចារ្យផ្នែកអក្សរសាស្ត្រ នៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលបាន​ចេញ​មក​​រស់​នៅ​ក្នុងប្រទេស​បារាំង តាំងពីច្រើនឆ្នាំមកហើយ បានពន្យល់​ករណីនេះ ប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ​​ថា ពិតហើយថា ពាក្យទាំងនេះ ជាភាសាខ្មែរ។ តែវាជា«ភាសាសាមញ្ញ» (ហៅ​ម្យ៉ាង​ទៀត ​ជា​«គ្រាម​ភាសា») ឬយ៉ាងណានោះ គេគប្បីមើល​ពីបម្រើបម្រាស់ របស់ពាក្យទាំងនេះ នៅ​ក្នុង​ប្រយោគ ដែល​​លើក​ឡើង។

អ្នកស្រីបានលើកមកបញ្ជាក់ នូវឧទាហរណ៍ចំនួនពីរ។ ទីមួយ៖ «តាចាស់ម្នាក់នេះ កំពុងត្រៀមក្ដាមឈូស ដើម្បីដាក់ខ្លួនគាត់ហើយ  ព្រោះគាត់ដូចជាដឹងខ្លួនមុន (...)» នេះ ជា​«គ្រាមភាសា»។ ខណៈឧទាហរណ៍ទីពីរ៖ «ហ្អែងហ៊ាន​ប្រឆាំង​អញ ហ្អែង​ត្រៀម​ក្ដាមឈូសទៅ កម្លាំង​ទ័ព​អញ​មាន គ្រាប់កាំភ្លើង​អញ​មាន ឬនិយាយ​ថា ហ្អែងហ៊ាន​ប្រឆាំង​កង់​ប្រវត្តិសាស្ត្រ ហ្អែង​ត្រៀម​ក្បាល ម៉ាគល់​ឫស្សី ឲ្យហើយ​ទៅ» នេះ ជាភាសា​មួយ ដែលអ្នកស្រុក​ហៅ​ថា​ ជា​ភាសា​«ពាល»។

អ្នកស្រី​ថា តែដោយអស់លោក​ទាំងនោះ សុទ្ធសឹងជាថ្នាក់ដឹកនាំ​​នយោបាយ គេ​មិន​ហៅ​ថា​«ពាល»​ទេ ព្រោះអាច​នឹងធ្វើឲ្យ «ច្រឡោត» កាន់​តែខ្លាំង។ តែគេគ្រាន់​តែនិយាយ តាមបែប​ការទូតថា ជា​«ការ​គម្រាម​កំហែង» ឬជា​ការ«បំភិតបំភ័យ»។​

ប្រតិកម្មតបទៅលោក ផៃ ស៊ីផាន ខ្លាំងជាងគេ លោក ប៉ាង សុខឿន ដែលជាម្ចាស់​ទំព័រ​ហ្វេសប៊ុក «សុវណ្ណភូមិ​ខ្មែរ» ដ៏​ល្បី បានសរសរ​ឡើង​ថា៖ «បើធ្វើដល់​ថ្នាក់​ជាឥស្សរជន និយាយពាក្យនឹង ថារឿងសាមញ្ញទៅ​ហើយ នោះ​ក៏​មាន​ន័យថា ពួកគេសំលាប់​មនុស្ស ក៏ជារឿងសាមញ្ញរបស់ពួកគេដែរ! ដោយឡែក ពួកយើង​ជារាស្រ្តសូមបន្តប្រើសេចក្តីថ្លៃថ្នូរតទៅទៀត ព្រោះយើងគ្មានឋានៈ គ្មានបុណ្យស័ក្តិ និង​ក៏មិនត្រូវការ​ពួកឥស្សរជន​សាមញ្ញក្បាល​គល់ប្ញស្សី ត្បូងចប...ទាំងអស់​ហ្នឹងដែរ!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...