អ៊ឺរ៉ុបបន្តរម្លឹក​រដ្ឋាភិបាលកម្ពុជា ឲ្យស្ដារលក្ខខណ្ឌសម្រាប់ការបោះឆ្នោតត្រឹមត្រូវ

ជាថ្មីម្ដងទៀត សហភាពអ៊ឺរ៉ុបបានបញ្ជាក់ជំហររបស់ផងខ្លួន នៅចំពោះការបោះឆ្នោតជាតិ ក្នុងពេលខាងមុខ ដែលគ្មានការចូលរួម ពីគណបក្សប្រឆាំងដ៏ធំជាងគេ នៅកម្ពុជា ដោយហៅចំណាត់ថ្មីៗ ក្នុងការរំលាយគណបក្ស ដ៏សំខាន់មួយនេះ បានបំផ្លាញចោល នូវលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សា ឃុំសង្កាត់ កាលពីពេលថ្មីៗ និងធ្វើឲ្យប៉ះពាល់ ដល់ការបោះឆ្នោតជាតិខាងមុខ ថែមទៀត។
អ៊ឺរ៉ុបបន្តរម្លឹក​រដ្ឋាភិបាលកម្ពុជា ឲ្យស្ដារលក្ខខណ្ឌសម្រាប់ការបោះឆ្នោតត្រឹមត្រូវ
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការ​ នៃសហភាពអ៊ឺរ៉ុប និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 09, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សហភាពអ៊ឺរ៉ុប នៅតែបន្តជំរុញ ទៅកាន់អាជ្ញាធរកម្ពុជា ឲ្យចាត់វិធានការ ដែលចាំបាច់ ដើម្បីស្ដារលក្ខខណ្ឌនានា សម្រាប់ការបោះឆ្នោត ដែលអាចទទួល​យកបាន មានតម្លាភាព និងមានភាពចម្រុះ» នេះ ជាការអះអាងសារជាថ្មី របស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ប្រមុខការទូត នៃសហភាព​អ៊ឺរ៉ុប ដែលជាការឆ្លើយតប ក្នុងដើមខែកុម្ភៈនេះ ទៅនឹងសំនួររបស់សមាជិកសភាអ៊ឺរ៉ុប ជុំវិញស្ថានការណ៍នយោបាយចុងក្រោយ នៅក្នុងប្រទេស​កម្ពុជា។

អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី ដែលមានតំណែងជា អនុប្រធានគណៈកម្មការអ៊ឺរ៉ុបផង និងជាតំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខនោះផង បានឆ្លើយតបជាលាយលក្ខណ៍អក្សរ ទៅនឹងសំនួរលេខ «E-006998/2017» របស់តំណាងរាស្ត្រអ៊ឺរ៉ុប លោក «Ramon Tremosa» ថាសហភាពអ៊ឺរ៉ុប បានបំពេញបេសកកម្មជាច្រើន សម្រាប់ការបោះឆ្នោត នៅកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំ​ រហូតមកដល់ឆ្នាំ២០១៧ កន្លងមកនេះ។

អ្នកស្រីបានបន្តសរសេរ សង្កត់ធ្ងន់ថា៖ «ប៉ុន្តែ ការរំលាយដោយបង្ខំ នូវគណបក្សប្រឆាំងដ៏សំខាន់ (CNRP) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មកនោះ បានបំផ្លាញចោល នូវលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីពេលថ្មីៗ និងបានបង្កការប៉ះពាល់ ទៅដល់ភាពទទួលយកបាន នៃដំណើរការរៀបចំការបោះឆ្នោត ដែលនាំទៅដល់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨។ សហភាពអ៊ឺរ៉ុប បានសម្រេចចិត្តផ្អាកជំនួយរបស់ខ្លួន សម្រាប់គណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (NEC)។»។

កាលពីចុងឆ្នាំទៅម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា លោក​និងរដ្ឋាភិបាលរបស់លោក មិនខ្វល់ខ្វាយ ចំពោះជំនួយរបស់បរទេស សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ឬក៏ខ្វល់ខ្វាយ ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់ ទៅលើការបោះឆ្នោតនានា នៅកម្ពុជា ក្នុងពេលខាងមុខនេះឡើយ។ លោកថា តាមច្បាប់កម្ពុជា គឺមិនបានតម្រូវ ឲ្យប្រធានាធិបតី​នៃប្រទេសដទៃ ឬអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនោះទេ តែតម្រូវឲ្យតែប្រជាជនកម្ពុជា ទទួលស្គាល់ វា«ចប់សព្វគ្រប់ហើយ»។ 

កាលពីម្សិលម៉ិញ ឯកអគ្គអង្គទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) បានថ្លែង​ក្នុង​បទសម្ភាសន៍ ​ជាមួយ​សារព័ត៌មាន «Southeast Asia GLOBE» ថា ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​ស្រប​ច្បាប់​អាច​ទទួល​យក​បាន គឺ​ទាល់តែ​អនុញ្ញាត ​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ចូលរួម​ដែរ។ លោកថា ការ​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​បោះឆ្នោត​គាំទ្រ​រហូត​ដល់​ជិត ៤៤% បែប​នេះ គឺ​ជា​បញ្ហា​ដ៏ធំ​មួយ។

​លោកឯកអគ្គអង្គទូត បានរម្លឹកថា ចំណុច​សំខាន់ ​នៃ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ គឺ​ការ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ជា​អ្នក​សម្រេច​ជ្រើស​រើស​​មេដឹកនាំ ​ដែល​នឹង​តំណាង​ពួកគាត់​នៅ​រដ្ឋ​សភា ស្រប​តាម​ឆន្ទៈ​ពិត​ប្រាកដ​ របស់​ពួកគាត់។ លោក ច្សច អេដហ្គា បានបន្តថា គណបក្ស​ប្រឆាំង ទោះ​ប្រទេស​ណា ​ក៏​គេ​ចង់​ផ្លាស់ប្តូរ​របប​ដឹកនាំ ​របស់​បក្ស​កាន់​អំណាច ដើម្បី​ឲ្យ​បក្ស​ប្រឆាំង​ឡើង​កាន់​អំណាច​ ជំនួស​នោះ​ដែរ។ ដូច្នេះ​ហើយ ទើប​គេ​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ ដែល​មាន​របៀប​រៀប​រយ​ត្រឹមត្រូវ មាន​តម្លាភាព ដោយ​សន្តិវិធី និង​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង និង​ភាគី​ពាក់ព័ន្ធ។ បើ​មិន​ដូច្នេះ​ទេ លទ្ធផល​បោះ​ឆ្នោត​ នឹង​គ្មាន​ភាព​ស្រប​ច្បាប់​នោះ​ឡើយ៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...