តុលាការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ព្រះសង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃាត់ខ្លួន មន្ត្រីសង្គមស៊ីវិលបីអង្គ/នាក់ ដោយគ្រាន់តែយោងតាមអង្គហេតុ នៃការលើកឡើង របស់ដើមបណ្ដឹង និងតាម«ការឲ្យដឹង»ប៉ុណ្ណោះ។ នេះ បើតាមដីកាសន្និដ្ឋាន របស់ព្រះរាជអាជ្ញារងរូបនេះ នៅក្នុងសំនុំរឿងពាក្យបណ្ដឹង របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រឆាំងនឹងសមាជិកបីអង្គ/រូប នៃគណកម្មការរៀបចំបុណ្យសពលោក កែម ឡី។
តុលាការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ព្រះសង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់
ទិដ្ឋភាព នៃការដង្ហែបុណ្យសពលោក កែម ឡី ដើម្បីយកទៅបញ្ចុះ នៅក្នុងស្រុកកំណើតរបស់លោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មករា ២០១៨
  • កែប្រែចុងក្រោយ: January 18, 2018
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីសង្គមស៊ីវិល​ទាំងបីអង្គ/នាក់ ដែលរងបណ្ដឹង«រំលោភទំនុកចិត្ត» របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រួមមាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម - លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» នៅខណៈពេលដែលអ្នកទាំងបីអង្គ/នាក់ ធ្វើជាសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី កាលពីអំឡុងខែកក្កដា - សីហា និងខែតុលា ឆ្នាំ២០១៦។

ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីសង្គមស៊ីវិល ទាំងបីអង្គ/នាក់ខាងលើ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង សម្រេចចោទប្រកាន់ពីបទ «រំលោភទំនុកចិត្ត» តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោយអង្គហេតុមួយចំនួន ដែលបានមកពី«ដើមបណ្ដឹង» និង«ការឲ្យដឹង»។ ការបង្គាប់ឲ្យចាប់មនុស្ស ដាក់ពន្ធនាគារ ពីសំណាក់ព្រះរាជអាជ្ញារងរូបនេះ ធ្វើឡើងក្រោមហេតុផល «ដើម្បីបង្ការ ឬបញ្ចប់បទល្មើស កុំឲ្យកើតមានជាថ្មី និងធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការ តាមនីតិវិធី»។

ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ របស់លោក គុជ គឹមឡុង បានសរសេរថា៖​ «លោក ពេជ្រ ស្រស់ និងក្រុមការងារ (...) បាននាំយកបច្ច័យចំនួន ៣ ០២០ ០០០រៀល ជូនក្រុមគ្រួសារសព របស់លោកបណ្ឌិត កែម ឡី ហើយពេលនោះ ក្រុមគ្រួសារសពបានរៀបរាប់ ពីទុក្ខលំបាករបស់ពួកគាត់ថា បច្ច័យដែលគណៈកម្មការបុណ្យសព ប្រមូលពីសប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីយកមកធ្វើចេតីយ៍ មកដល់ពេលនេះ ពួកគាត់ពុំទាន់ទទួលបាននោះទេ រួមទាំងបច្ច័យផ្សេងៗ ដែលបានមកពីបុណ្យសពដំបូង រហូតមកដល់បុណ្យ១០០ថ្ងៃ ក៏ពួកគាត់ពុំបានដឹងដែរ»។

ដីការបានបន្តលើកឡើង ពីអង្គហេតុ នៃ«ការឲ្យដឹង»របស់លោក គុជ គឹមឡុង ទៀតថា៖ «បើតាមការឲ្យដឹងថា បច្ច័យដែលទទួលបាន ពីបុណ្យសពដំបូង រហូតមកដល់បុណ្យ១០០ថ្ងៃ សរុបយ៉ាងតិចប្រហែល ៣០០ ០០០ដុល្លារ។ តែមកដល់ពេលនេះ ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី ពុំទាន់ទទួលបានបញ្ជីឈ្មោះអ្នកចូលបច្ច័យ និងបច្ច័យពីគណៈកម្មការបុណ្យនោះឡើយ។»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង មិនមានវត្តមាន នៅក្នុងប្រទេសកម្ពុជាទេ។ នៅវេលានេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមសុំប្រតិក​ម្ម ពីលោក ប៉ា ងួនទៀង តាមរយៈសារអេឡិចត្រូនិក តែនៅមិនទាន់ទទួល បានចម្លើយនៅឡើយ។ ចំពោះលោក មឿន តុលា វិញ ដែលមានវត្តមាននៅក្នុងស្រុក មិនអាចទាក់ទងបានទេ ក្នុងពេលភ្លាមៗ។ សារចុងក្រោយ ដែលលោកបានបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញ គឺរូបថតជាមួយកូនប្រុស របស់លោក ដោយអមដោយសំណេរថា៖ «Miss him (នឹកកូនណាស់) !»។

ផ្ទុយពីអង្គហេតុ របស់លោក គុជ គឹមឡុង ខាងលើ ប្អូនប្រុស​បង្កើត​​របស់​លោក កែម ឡី គឺលោក កែម រិទ្ធិសិត បានប្រកាសមិនគាំទ្រ ចំពោះ​ការ​ប្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រឆាំងនឹងគណៈកម្មការបុណ្យសពខាងលើនេះទេ។ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី លោក កែម រិទ្ធិសិត បានបង្ហាញជំនឿថា ក្រុម​សមាជិក​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព មិនបាន​កិបកេង​លុយកាក់ ពី​ការ​ចូល​បុណ្យ​នោះ​ឡើយ​។

ចំពោះ​​អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក បណ្ឌិត កែម ឡី វិញ ក៏បាន​ជំទាស់​ចំពោះ​បណ្ដឹង របស់លោក ពេជ្រ ស្រស់ ដូចគ្នា។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ជាការរករឿង អ្នកចូលរួម រៀបចំធ្វើបុណ្យសពជូនស្វាមីអ្នកស្រីនេះ អ្នកស្រី ប៊ូ រចនា បាន​ទាមទារ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល តាមរក​ឃាតក​ពិត​សម្លាប់ លោក បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ នោះ យមកមកផ្ដន្ទាទោសឲ្យបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...