ប្រធាន​បក្ស​អំណាច​ខ្មែរ ប្ដឹង​អតីត​ប្រធាន​បក្ស​ ពី​បទ​បរិហារកេរ្តិ៍

ដូចដែលបានអះអាងជាមុន កាលពីម្សិលម៉ិញរួច លោក សួង សុភ័ណ្ឌ ប្រធានបច្ចុប្បន្ន នៃគណបក្សអំណាចខ្មែរ បានដាក់ពាក្យប្ដឹងលោក សួន សេរីរដ្ឋា អតីតប្រធាន នៃគណបក្សនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីលោក សួន សេរីរដ្ឋា បានថ្លែងចោទប្រកាន់លោក សួង សុភ័ណ្ឌ ថាបានក្លែងបន្លំ លិខិតលាលែងពីគណបក្ស របស់លោក។
ប្រធាន​បក្ស​អំណាច​ខ្មែរ ប្ដឹង​អតីត​ប្រធាន​បក្ស​ ពី​បទ​បរិហារកេរ្តិ៍
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ នៅក្នុងសន្និសីទសារព័ត៌មានមួយ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 14, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដឹងពីបទបរិហារកេរ្តិ៍ ត្រូវបានប្រធានបច្ចុប្បន្ន នៃគណបក្សអំណាចខ្មែរ ដាក់ឡើងទៅស្ថាប័នអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ប្ដឹងអតីតប្រធាន នៃគណបក្សនេះ។ លោក សួង សុភ័ណ្ឌ ជាប្រធានគណបក្ស បានដាក់ពាក្យបណ្ដឹងនេះ នៅព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្តឹងលោក សួន សេរីរដ្ឋា បន្ទាប់ពីអតីតប្រធានគណបក្សរូបនេះ បានចោទប្រធានបច្ចុប្បន្ន ថាជាអ្នកក្លែងបន្លំលិខិតលាលែង ពីប្រធានគណបក្សរបស់លោក (សួន សេរីរដ្ឋា) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃម្សិលមិញ។

លោក សួង សុភ័ណ្ឌ បានអះអាងថា ការដាក់បណ្ដឹងនេះ ធ្វើឡើងដោយបង្ខំចិត្ត។ លោកបានលើកយកមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា មកបញ្ជាក់ថា៖ «គ្រប់ការអះអាងបំផ្លេីស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលេីអំពេីណាមួយ ដែលនាំអោយប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទនៃបុគ្គល ឬ នៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍»។

កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្ស បានធ្វើសន្និសីទសារព័ត៌មានមួយ នាសណ្ឋាគារក្បែរវត្តភ្នំដូនពេញ លើកឡើងថា លោកនឹងដាក់លិខិត ទៅក្រសួងមហាផ្ទៃ ឲ្យបើកការស៊ើបអង្កេត និងពិនិត្យលើលិខិតលាលែង ពីប្រធានគណបក្សអំណាចខ្មែរ របស់រូបលោក (សួន សេរីរដ្ឋា) ដែលលោក សួង សុភ័ណ្ឌ បានដាក់ជូនក្រសួង នៅពេលលោក (សួន សេរីរដ្ឋា) កំពុងជាប់ឃុំ ក្នុងពន្ធនាគារ។

 

ការចោទប្រកាននេះ ត្រូវបានលោក សួង សុភ័ណ្ឌ សួរបកវិញ តាមសារព័ត៌មានក្នុងស្រុកថា ​តើលិខិតក្លែងបន្លំហ្នឹង នៅទីណា? លោកថា ខណៈ​ដែល​លោក​ សេរីរដ្ឋា ក្លាយ​ជា​អ្នកទោស ក្រសួង​មហាផ្ទៃ​បាន​បង្ខំ​ ឲ្យ​គណបក្ស​រៀបចំ​ក្បាល​ម៉ាស៊ីនដឹកនាំ​ថ្មី​ ដោយ​គណបក្ស​បានរៀបចំ​ប្រជុំ​ ធ្វើ​សមាជ​ដែល​មាន​ការចូលរួម ​​ពី​សមាជិក​គ្រប់​ខេត្ត-ក្រុង និង​មាន​អ្នក​សារព័ត៌មាន ​ចូលរួម​ជាច្រើន ដើម្បី​ធ្វើ​ជា​សាក្សី​ ក្នុង​ការ​ឯកភាព​គ្នា​ ជ្រើសរើស​យក​លោក ​ធ្វើ​ជា​ប្រធាន​គណបក្ស​ថ្មី​ពេញសិទ្ធិ និង​តាម​ច្បាប់​ត្រឹមត្រូវ​ ដោយ​គ្មាន​ការបន្លំ​អ្វី​ទាំងអស់​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...