អាមេរិក និង​ស្ថាប័ន​ផ្សេង​ៗ ស្វាគមន៍​ការ​ដោះ​លែង​មន្រ្តី​ទាំង​៥

ការដោះលែងឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នូវមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប មួយរូប ទទួលបានការស្វាគមន៍ សឹងតែពីគ្រប់មជ្ឈដ្ឋាន។ ស្ថានទូតអាមេរិក សមាជិកអាស៊ាន គណបក្សនយោបាយ ឬក្រុមអង្គការសង្គមស៊ីវិល សុទ្ធតែបានបញ្ចេញ ប្រតិកម្មរបស់ពួកគេ ហៅការដោះលែងនេះ ជាជំហានជាវិជ្ជមានមួយ សម្រាប់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។
អាមេរិក និង​ស្ថាប័ន​ផ្សេង​ៗ ស្វាគមន៍​ការ​ដោះ​លែង​មន្រ្តី​ទាំង​៥
ផ្ទាំងបដា ដែលស្នើសុំឲ្យដោះលែងមន្ត្រីទាំង៥រូប និងដែលមានបញ្ជាក់ពីចំនួនថ្ងៃ ដែលពួកគេបានជាប់ឃុំ (ថ្ងៃដែលឃើញនេះ គឺថ្ងៃដែលថតរូប ខណៈមន្ត្រីទាំង៥ បានជាប់ឃុំសរុប ចំនួន ៤២៨ថ្ងៃ)។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: July 01, 2017
  • ប្រធានបទ: យុត្តិធម៌-សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មុនគេបំផុតនោះ គឺសមាគមការពារសិទ្ធិមនុស្ស អាដហុកខ្លួនឯង ដែលបានសំដែងការសាទរ ចំពោះការដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយហៅការសម្រេចចិត្ត របស់ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានីភ្នំពេញ ថាជា«ជំហានដ៏វិជ្ជមាន»មួយ។ លោក ធន សារាយ ប្រធានសមាគមនេះ បានមានប្រសាសន៍ដូច្នេះ ពីប្រទេសកាណាដាមក និងបានបញ្ជាក់ថា ការសម្រេចនេះ មិនទាន់បានធ្វើឲ្យបុគ្គលិក​របស់​លោក ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ​ទាំង​ស្រុង​នៅ​ឡើយ​។

លោក ធន សារាយ បានថ្លែងបន្ត​ នៅក្នុងវីដេអូឃ្លីបមួយថា លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​សុវត្ថិភាព​ផ្ទាល់ ​របស់​បុគ្គលិក​លោក​ទាំង​នេះ ដោយ​សារ​ពួកគេ ​ស្ថិត​ក្នុង​ការ​ជាប់​ចោទ ​នៅ​ឡើយ។ លោក​ថា ពួកគេ​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ ចាប់​ខ្លួន​ឃុំឃាំង​ឡើង​វិញ នៅ​ពេល​រដ្ឋាភិបាល​ មិន​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​តស៊ូ​មតិ​របស់​ពួកគេ ហើយបានអំពាវនាវ ទៅកាន់តុលាការ ស្នើសុំឲ្យទម្លាក់ចោល នូវរាល់​ការចោទប្រកាន់ ទៅលើក្រុមមន្ត្រីរបស់លោក។

រីឯស្ថានទូតអាមេរិក ​ប្រចាំនៅកម្ពុជា បានហៅការសំរេចចិត្តតាមផ្លូវច្បាប់ ពីសំណាក់តុលាការកម្ពុជា នឹងកាត់បន្ថយបន្ទុក ដែលមានទៅលើចុងចោទ និងគ្រួសាររបស់គេ ក្នុងពេលដែលពួកគេ ប្រឈមដោះស្រាយ ចំពោះបណ្តឹងចោទប្រកាន់ចំពោះរូបពួកគេ។ នេះ បើតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូត ដែលចេញផ្សាយ នៅព្រឹក ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ។

» វីដេអូរបស់លោក ធន សារាយ៖

 

ចំពោះសមាជិកសភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្សវិញ ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្វាគមន៍មួយដែរ ចំពោះការដោះលែងនេះ និងបានកោត​សរសើរ​ ចំពោះ​ការ​ប្រឹងប្រែង​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​ក្នុង​តំបន់​ ដែល​ធ្វើ​ការ​មិន​ខា្លច​នឿយហត់ ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​ទាំងប្រាំរូប នៅ​ពេល​នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ នៅវេលារសៀលថ្ងៃសុក្រ បានស្រង់ប្រសាសន៍ របស់លោក ឆាលស៍ សានទីយ៉ាហ្គោ (Charles Santiago) ប្រធាន​សមាជិក​សភា​អាស៊ាន ​ដើម្បី​សិទ្ធិមនុស្ស និង​ជា​សមាជិកសភា​ម៉ាឡេស៊ី (Malaysia) មកបញ្ជាក់ថា មន្ត្រីទាំង៥​ មិន​គួរ​ត្រូវ​គេ​ឃុំ​ខ្លួន​នោះ​ទេ តាំង​ពី​ដំបូងមក ហើយ​ថា បើ​ទោះជា​មាន​ការ​ដោះលែង​ នៅ​ពេល​នេះ​ក្តី ពួកគេ​នៅ​តែ​អាច​ប្រឈម ​នឹង​ការ​ឃុំ​ខ្លួន​ជា​ថ្មី​ទៀត។

លោក ឆាលស៍ សានទីយ៉ាហ្គោ បានសង្កត់ធ្ងន់​ថា ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នេះ គឺ​ជា​ការ​ព្រមាន​ ទៅ​លើ​សង្គម​ស៊ីវិល ហើយ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ ​ដល់​សេរីភាព​បញ្ចេញ​មតិ​ របស់​ពលរដ្ឋ​ក្នុង​ការ​រិះគន់ ​សកម្មភាព​រដ្ឋាភិបាល។

ដោយឡែក គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា និងដែលបានចូលរួម ក្នុងយុទ្ធនាការឲ្យដោះលែង មន្ត្រីទាំង៥រូបដែរនោះ បានចូលរួមសំដែង​សេចក្ដីត្រេកអរ ជាមួយក្រុមគ្រួសាររបស់ពួកគេ។ ក្នុងសេចក្តីថ្លែងការណ៍ របស់គណបក្ស ដែលផ្សព្វផ្សាយនៅរសៀល ថ្ងៃសុក្រ គណបក្សប្រឆាំង បានបង្ហាញក្ដីសង្ឍឹមថា នេះជាជំហានមួយ ដេីម្បីឈានទៅរកស្ថានភាពនយោបាយ កាន់តែល្អប្រសើរឡើង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ខាងមុខនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...