សួន សេរីរដ្ឋា និយាយ​ពី​អ្នក​នយោបាយ​«ឆ្កួត» ដែល​តាំង​ខ្លួន​ជា​អ្នក​ផ្ដល់​ឱកាស

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានលើកឡើង ពីអ្នកនយោបាយ «ឆ្កួត មិនគ្រប់ទឹក និងល្ងង់» ដែលជេរប្រមាថមើលងាយពលរដ្ឋ នៅពេលពលរដ្ឋ មិនបោះឆ្នោតឲ្យខ្លួន។ ប្រធានគណបក្សរូបនេះ មិនបានលើកឡើងឲ្យចំឈ្មោះ របស់អ្នកនយោបាយណាទេ តែមនុស្សជាច្រើន បានគិតថា ជាការចង្អុលទៅរកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
សួន សេរីរដ្ឋា និយាយ​ពី​អ្នក​នយោបាយ​«ឆ្កួត» ដែល​តាំង​ខ្លួន​ជា​អ្នក​ផ្ដល់​ឱកាស
ពីឆ្វេងទៅស្ដាំ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺបន្តសង្គ្រាមសំដី! លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានហៅអ្នកនយោបាយណា ដែលជេរប្រមាថ មើលងាយពលរដ្ឋ ដែលមិនបោះឆ្នោតឲ្យខ្លួន និងតាំងខ្លួនជាឪ ជាព្រះ... ថាជាអ្នកនយោបាយ «ឆ្កួត មិនគ្រប់ទឹក និងល្ងង់»។

ប្រធានគណបក្សរូបនេះ មិនបានលើកឡើង ឲ្យចំឈ្មោះរបស់អ្នកនយោបាយណាម្នាក់ទេ តែពាក្យសំដីរបស់លោក ត្រូវបានគេមើលឃើញថា លោកកំពុងសំដៅទៅរកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ដែលទើបនឹងថ្លែងឡើង កាលពីម្សិលម៉ិញ ប្រហាក់ប្រហែលនឹងការអះអាងនេះ។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯង ថា«បក្សជួង» និងគណបក្សអំណាចខ្មែរ មិនទទួលបានអសនៈណាមួយ នៅក្នុងចំណោមអសនៈឃុំសង្កាត់ ទាំង១៦៤៦ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះទេ។ ប៉ុន្តែលទ្ធផល នៃការចាញ់ឆ្នោតដូច្នេះ ទំនងជាត្រូវលោក ខឹម វាសនា ពិបាកនឹងទទួលយក រហូតត្រៀមដកខ្លួនចេញ ពីឆាកនយោបាយនៅក្រោយការបោះឆ្នោតសកល ជ្រើសរើសតំណាងរាស្ត្រ ក្នុងឆ្នាំ២០១៨នោះផង។

ប្រធានបក្ស​«ជួង» បានពន្យល់ថា៖ «ការធ្វើនយោបាយប៉ុន្មានឆ្នាំនេះ​ ខ្ញុំត្រូវបានជនរងគ្រោះ (?) ​ប្រមាថច្រើន​ហួសពេកហើយ​ ចុងក្រោយនេះ ខ្ញុំអាចនឹងស្លាប់ ឬជាប់គុកទៀតផង។​ (...) ខ្ញុំសួរខ្លួនឯងជាញឹកញាប់ថា​ តើខ្ញុំលះបង់បែបនេះ​ ដើម្បីមនុស្សដែលសមនឹងលះបង់អោយ​ ឬគ្រាន់តែមានចិត្តជាប់ជំពាក់ នឹងពាក្យថា ជនជាតិខ្លួនឯង តែជាមនុស្សគ្មានតំលៃ គួរអោយសង្គ្រោះសោះនោះ?​»។

លោក ខឹម វាសនា បានបន្តថា៖ «ជីវិតខ្ញុំត្រូវតែផ្តល់ឲ្យមនុស្ស ដែលមានតំលៃ សមនឹងទទួលបានការជួយ​ ម្តេចបានទៅជាឆ្កួត​ បូជាជីវិតសំរាប់មនុស្សគ្មានតំលៃទៅវិញ។​ ជីវិតដែលមានតំលៃ ត្រូវបូជាចំពោះមនុស្សដែលគ្មានតំលៃ​ ច្បាស់ណាស់ថា នោះគឺជាការងារ ឬការលះបង់ដ៏គ្មានតំលៃមួយតែប៉ុណ្ណោះ។​ វាជាការលះបង់ដ៏ឆ្កួតលីលា នៃមនុស្សដ៏ឆ្កួតលីលាតែប៉ុណ្ណោះ​។ តើមនុស្សដូចខ្ញុំ អាចធ្វើរឿងឆ្កួតលីលាបែបនេះនោះទេ?»

លោក បានថ្លែងបញ្ជាក់ទៀតថា៖ «ខ្ញុំបានផ្តល់ឱកាសឲ្យពួកគេហើយ​ តែបើគេមិនចាប់យក​ ខ្ញុំក៏គ្មានអ្វីត្រូវស្តាយជាងសាមីខ្លួនគេដែរ។​ ឆ្នាំ២០១៨ ជាឆ្នាំសំរេចចិត្តចុងក្រោយ​ ថាត្រូវបន្តឬចាកចេញ ដើម្បីផ្តល់ឱកាសឲ្យអ្នកដទៃផ្សេងទៀត។ (...) ខ្ញុំជាសមាជិកនៃមនុស្សក្នុងលោក​ ខ្ញុំមិនជាប់ចិត្ត នៅត្រឹមខ្ញុំជាខ្មែរនោះទេ។»។

សម្រាប់លោក សួន សេរីរដ្ឋា វិញ បានហៅការលើកឡើងខាងលើ ថាមានលក្ខណៈ«មិនគ្រប់ទឹក»។ ប្រធានគណបក្សអំណាចខ្មែរ បានសរសេរនៅលើបណ្ដាញសង្គម ចាត់ទុកថា៖ «មានតែអ្នកនយោបាយ ឆ្កួត មិនគ្រប់ទឹក និងល្ងង់តែប៉ុណ្ណោះ ដែលជេរប្រមាថ មើលងាយ ពលរដ្ឋ នៅពេលដែលពលរដ្ឋ មិនបោះឆ្នោតឲ្យខ្លួន ហើយតាំងខ្លួនជាឪ ជាព្រះ ដោយលើកដំកើងខ្លួនឯង ទាំងល្ងង់ខ្លៅថា ខ្លួនជាអ្នកផ្តល់ឱកាស ឲ្យពលរដ្ឋជ្រើសរើសខ្លួន!»។

«ពលរដ្ឋជាអ្នកផ្ដល់ឱកាស...»

លោក រដ្ឋា បានពន្យល់បន្តថា៖ «ក្នុងប្រទេស ដែលមានអ្នកនយោបាយ ស្គាល់ច្បាស់ នូវភាពជាអ្នកនយោបាយ និងអ្នកនយោបាយ ដែលមានគុណធម៌ គេមិនដែលជេរប្រមាថដោយកំហឹង ទៅលើពលរដ្ឋ ដែលជាម្ចាស់ប្រទេស និងជាអ្នកសម្រេចវាសនា របស់អ្នកនយោបាយនោះទេ។ ហើយក្នុងសៃវៀននយោបាយ គឺពលរដ្ឋ ជាអ្នកផ្តល់ឱកាស ឲ្យអ្នកនយោបាយ បម្រើពួកគាត់ មិនមែនអ្នកនយោបាយ ជាអ្នកផ្តល់ឱកាស ឲ្យពលរដ្ឋជ្រើសរើសពួកគេទេ។»។

ឆ្លៀតក្នុងឱកាសនោះ ប្រធានគណបក្សអំណាចខ្មែរ បានប្រកាស​ពីនយោបាយថ្មីមួយ ​របស់គណបក្សលោក ដើម្បីតាមដានមើល ការអនុវត្តន៍គោលនយោបាយ របស់មេឃុំសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ ដែលមកពីគណបក្សឈ្នះឆ្នោត។ លោកបានសរសេរថា៖ «ឥឡូវនេះថ្នាក់ ឃុំ សង្កាត់ ទូទាំងប្រទេស គឺពលរដ្ឋផ្តល់ឱកាសឲ្យមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ! ដូច្នោះ គណបក្សអំណាចខ្មែរ នឹងបើក "ការិយាល័យទីប្រឹក្សាពលរដ្ឋ" នៅតាមឃុំ សង្កាត់ ដើម្បី បង្រៀន និងដឹកនាំពលរដ្ឋតាមឃុំ សង្កាត់ ធ្វើចលនាទាមទារ ការអនុវត្តន៍ គោលនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានសន្យា ក្នុងកំឡុងពេល​​យុទ្ធនាការបោះឆ្នោត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...