បើ CNRP ឈ្នះ​ឆ្នោត​២០១៨ ស ខេង នឹង​នៅ​ជា​ឧប​នាយក​រដ្ឋមន្រ្តី?

បើគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត​សកល ឆ្នាំ២០១៧ នោះគណបក្សប្រឆាំងមួយនេះ នឹងទុកតំណែងសម្រាប់លោក ស ខេ ជាឧបនាយករដ្ឋមន្ត្រី ឲ្យនៅដដែល? ទោះពិត ឬមិនពិតក៏ដោយ ក៏ការលើកឡើងនេះ ត្រូវបានខុទ្ទកាល័យលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់ថា ជាប្រសាសន៍របស់លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលធ្វើឡើង នៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១ ខែមិថុនានេះ។
បើ CNRP ឈ្នះ​ឆ្នោត​២០១៨ ស ខេង នឹង​នៅ​ជា​ឧប​នាយក​រដ្ឋមន្រ្តី?
ជួរខាងមុខ ពីឆ្វេងមកស្ដាំ៖ លោក ស ខេង និងលោក សម រង្ស៊ី នៅវិមានរដ្ឋសភាជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 03, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទុកតំណែង សម្រាប់អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ជាឧបនាយករដ្ឋមន្ត្រី ឲ្យនៅ​ដដែល ​បើ​សិន​ជា​គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ខាងមុខ? តើដំណឹងនេះ ជា​ការ​ពិត ដែល​ចេញ​ពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជាឬ? មន្ត្រី​ម្នាក់ របស់​គណបក្ស​ប្រឆាំង បាន​ថ្លែង​ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាគណបក្ស​មិនចាប់អារម្មណ៍ នឹងករណីនេះទេ។

យ៉ាងណាក៏ដោយ ក៏ដំណឹងនេះ ត្រូវបានខុទ្ទកាល័យ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ និង​​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ជាការលើកឡើង របស់របស់​លោក គង់ គាំ ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ ដែលបានថ្លែង​នៅចំពោះ អ្នកគាំទ្ររបស់ខ្លួន ក្នុងយុទ្ធនាការឃោសនា រក​សំឡេង​ឆ្នោត​ នៅ​សង្កាត់​អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។

សេចក្ដីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យលោក ស ខេង ដែលចេញផ្សាយ​កាលពីម្សិលម៉ិញ បាន​ស្រង់​សំដី​របស់​លោក គង គាំ មក​បញ្ជាក់​ថា៖ «បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ឆ្នាំ២០១៨ ដឹកនាំ​រាជរដ្ឋាភិបាល​​ធ្វើ​នាយក​រដ្ឋមន្រ្តី ទុក​សម្តេច​ក្រឡាហោម ធ្វើ​ឧបនាយករដ្ឋមន្រ្តី​ដដែល តែសង្រ្គោះជាតិ​ធ្វើរដ្ឋមន្រ្តីក្រសួង​មហា​ផ្ទៃ»។

ខុទ្ទកាល័យរដ្ឋមន្ត្រីមហាផ្ទៃ បានចាត់ទុក ការលើកឡើងខាងលើនេះ ថា«ការយល់សប្ដិ» និងជា​ប្រមាថ​មាក់​ងាយ​​ធ្ងន់ធ្ងរ មកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ស ខេង។ ខុទ្ទកាល័យបានអំពាវនាវ ដល់​សាធារណ​ជន​ទាំង​អស់ កុំឲ្យ«ចាញ់បោកឧបាយកល​ដ៏ពិសពុល បម្រើមហិច្ឆតា​ផ្ទាល់ខ្លួន និង​ផល​ប្រយោជន៍​នយោបាយ​របស់​លោក គង់ គាំ និង​គណបក្ស​សង្រ្គោះ​ជាតិ»។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «សម្តីរបស់លោក គង់ គាំ ក៏ជាការប្រមាថ​មាក់ងាយ​យ៉ាង​ធ្ងន់ធ្ងរ មក​លើ​កិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់សម្តេច​ក្រឡាហោម ស ខេង ក្នុងនាម​ជាថ្នាក់ដឹកនាំ​​ជាន់ខ្ពស់​​មួយរូប របស់​រាជ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជនកម្ពុជា ដែលតែងទទួលបាន នូវការ​គោរព​ស្រឡាញ់ ពី​សំណាក់​មន្រ្តី​រាជ​ការ​ស៊ីវិល កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទៅ គ្រប់ស្រទាប់ក្នុងសង្គម»។

លោក ស ខេង ត្រូវបានគេស្គាល់ថា ជាមន្ត្រីមួយរូប ពីក្នុងចំណោមមន្ត្រី ដ៏កម្រផ្សេងទៀត ដែល​មាន​ជាប់​សែ​ស្រឡាយ យ៉ាង​ជិតស្និត ជាមួយលោក ជា ស៊ីម អតីតប្រធានគណបក្ស​ប្រជាជនកម្ពុជា និង​ដែល​នៅតែ​មាន​តំណែង​ជាន់​ខ្ពស់ (ជាឧបនាយករដ្ឋមន្ត្រី) នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន អតីតអនុប្រធាន​គណបក្ស។ បន្ទាប់​ពី​លោក ជា ស៊ីម បានទទួល​មរណភាពទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជា​ប្រធាន​​គណបក្ស ពីក្នុង​ការបោះឆ្នោត​ផ្ទៃក្នុង ដែលមានបេក្ខជន​ប្រធាន​គណបក្ស​តែមួយ ខណៈ​លោក ស ខេង និង​លោក សាយ ឈុំ បាន​ក្លាយ​ជាអនុប្រធាន​គណបក្ស៕

» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង របស់ខុទ្ទកាល័យលោក ស ខេង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...