អង្គការសហជីពចំនួន៦ សរសេរលិខិតចំហរទៅរដ្ឋាភិបាល សុំកម្មករទៅបោះឆ្នោត

យ៉ាងហោច ក្រុមសហជីព សមាគម និងអង្គការសង្គមសុីវិលចំនួន៦ បានចេញលិខិត«ចំហរ»មួយ ទៅកាន់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យជួយសម្រួល ធ្វើយ៉ាងណាឲ្យកម្មករ នយោជិត បានឈប់សម្រាក ដោយមានប្រាក់ឈ្នួល ដើម្បីអាចទៅបោះឆ្នោត រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាតំណាងតាមមូលដ្ឋាន របស់ពួកគេ។
អង្គការសហជីពចំនួន៦ សរសេរលិខិតចំហរទៅរដ្ឋាភិបាល សុំកម្មករទៅបោះឆ្នោត
ក្រុមកម្មករ-កម្មការិនី នៃរោងចក្រមួយ ក្បែររាជធានីភ្នំពេញ។ (រូបថតឯកសារ)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 02, 2017
  • ប្រធានបទ: បោះឆ្នោតឃុំសង្កាត់
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

សូមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីណែនាំ ដល់នយោជក អនុញ្ញាតឲ្យកម្មការនយោជិត បានឈប់សម្រាក ដោយមានប្រាក់ឈ្នួល ចំនួន២ថ្ងៃ គឺថ្ងៃទី ៣ និងថ្ងៃទី ៥​ ខែមិថុនានេះ ព្រមទាំងប្រាក់ឈ្នួលមួយចំណែក សម្រាប់ជាសោហ៊ុយ ក្នុងការធ្វើដំណើរ ដើម្បីឲ្យកម្មករនយោជិតទាំងនោះ អាចចេញទៅបោះឆ្នោត រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ខាងមុខ។

នេះ ជាខ្លឹមសារចុងក្រោយ នៃលិខិតចំហរ ចេញនៅរសៀលថ្ងៃទី២ ខែមិថុនានេះ ដោយក្រុមសហជីព សមាគម និងអង្គការសង្គមសុីវិល ធំៗចំនួន៦ ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះបន្តិច។

ក្រុមអង្គការសហជីព ទាំង៦នោះ រួមមាន សហភាពការងារកម្ពុជា ដឹកនាំដោយលោក អាត់ ធន់ - សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេចកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយលោក វន់ ពៅ - សហព័ន្ធសហជីពកម្មការសំណង ដឹកនាំដោយលោក សុខ គីន - មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ដឹកនាំដោយលោក មឿង តុលា - សម្ព័ន្ធសហជីពកម្ពុជា ដឹកនាំដោយលោក យ៉ាង សុភ័ណ្ឌ និងសហព័ន្ធសហជីពកម្មករចំណីអាហារ ដឹកនាំដោយលោក ស មូរា។

ក្រុមអង្គការសហជីពទាំងនោះ បានសំដែងក្ដីបារម្ភ នៅក្នុងលិខិតរបស់ផងខ្លួនថា ប្រសិនជាកម្មករ-នយោជិត មិនទទួលបានការឈប់សម្រាក ដោយមានប្រាក់ឈ្នួល នោះចំនួនអ្នកបោះឆ្នោត អាចនឹងថយចុះ ដោយហេតុថា កម្មករ-នយោជិត សឹងតែទាំងអស់ បានចាកចេញពីភូមិ-ឃុំឆ្ងាយៗ មកធ្វើការ​នៅតាមទីប្រជុំជន ឬតាម​ទីក្រុងធំ ហើយមិនអាច​ចំណាយ​ពេល ត្រឹមតែមួយថ្ងៃ ដើម្បីធ្វើ​ដំណើរ​ទៅ-មក សម្រាប់​បោះឆ្នោត​នោះ​ឡើយ។

លិខិតចំហរ ក៏បានលើកមកនិយាយដែរ នូវរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងពីសិទ្ធិរបស់ពលរដ្ឋ ក្នុងការចូលរួមជីវិតនយោបាយ និងក្នុងភាពជាម្ចាស់វាសនាប្រទេស ហើយរដ្ឋត្រូវមានកាតព្វកិច្ច ជួយសម្រួលដល់ពលរដ្ឋ ដើម្បីចូលរួមដោយសេរី និងដោយ​គ្មាន​ការរំខាន។ ជាពិសេស សិទ្ធិនៃការបោះឆ្នោត របស់ពលរដ្ឋនេះ ត្រូវបានព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្ដម សីហមនី លើកទឹកចិត្ត នៅក្នុងព្រះរាជសារបស់ទ្រង់ កាលពីប៉ុន្មានខែមុននេះថែមទៀត។

កាលពីម្សិលម៉ិញ សមាគម​[ថៅកែ]រោងចក្រ​កាត់ដេរ​ នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បានបញ្ជាក់​ជំហរ​ថា ពុំ​មាន​គោលការណ៍​ណា​មួយ​ តម្រូវ​ឲ្យ​កម្មករ​ឈប់​សម្រាក​បន្ថែម ​នៅ​ថ្ងៃ​បោះឆ្នោត​ ជ្រើសរើស​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់​នោះ​ឡើយ។ អគ្គលេខាធិការ​ នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា បានទម្លាក់ការទទួលខុសត្រូវនេះ ទៅលើ​ពី​រដ្ឋាភិបាល ដែលមិនបានចេញសេចក្ដីប្រកាស ឬសេចក្ដីណែនាំ ​តម្រូវ​ឲ្យ​កម្មករ​បាន​ឈប់​បន្ថែម ​ក្រៅ​ពី​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​អាទិត្យខាងមុខ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់