ការ​ឃោសនា​របស់ CNRP នៅ​ខេត្ត​ឧត្ដរមាន​ជ័យ រង​«ការ​រំខាន»

ការដាក់ប៉ុស្ដ៍​ត្រួតពិនិត្យ ការធ្វើដំណើរនៅតាមដងផ្លូវ... ការដាក់ធុងបាស់ ដោយសម្លេងខ្លាំងៗ នៅក្បែរទីលានជួបជុំ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ សុទ្ធសឹងជាករណី ដែលក្រុមមន្ត្រីគណបក្សប្រឆាំង​អះអាងថា ជាការរំខាន ទៅដល់ដំណើរការ​ឃោសនា​​បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលធានា​ឡើង​ដោយច្បាប់។
ការ​ឃោសនា​របស់ CNRP នៅ​ខេត្ត​ឧត្ដរមាន​ជ័យ រង​«ការ​រំខាន»
ពិធីជប់លៀង ដែលគ្មានមនុស្ស នៅក្នុងផ្ទះមួយ ដែលបើកធុងបាស់ខ្លាំង នៅក្បែរពិធីជួបជុំ របស់គណបក្សសង្គ្រោះ​ជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 26, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីព្រឹកព្រហាមមក ក្នុងថ្ងៃសុក្រ ទី២៦ ខែឧសភានេះ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវបានរំខាន ដោយអាជ្ញាធរ និងមន្ត្រីយោធា ក្រោមរូបភាព ជាការដាក់ប៉ុស្ដ៍ត្រួតពិនិត្យ និងដាក់ធុងបាស់ចាក់ចម្រៀង​ខ្លាំងៗ នៅក្បែរកន្លែងជួបជុំរបស់គណបក្ស។ នេះ ជាការអះអាងឡើង របស់មន្ត្រីដឹកនាំគណបក្សប្រឆាំង ក្នុងរសៀលថ្ងៃនេះ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឲ្យដឹងថា កម្មវិធីជួបជុំរបស់គណបក្ស នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានរំខានដោយសំឡេងតន្ត្រី ដែលចាក់តាមធុងបាស់ខ្លាំងៗ ចេញពីផ្ទះមួយ។ មន្ត្រីគណបក្សប្រឆាំងមួយរូប បានអះអាងបន្ថែមថា ផ្ទះនោះ ជាផ្ទះរបស់សមាជិកគណបក្សប្រជាជនកម្ពុជា។

ចំណែកឯលោក ស្រី ណារ៉េន មន្ដ្រីសម្រួបសម្រួល​អង្គការ​អាដហុក នៅខេត្ត​ឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា ផ្ទះនោះ ជារបស់មន្ដ្រីយោធាម្នាក់។ លោកថា ទោះមានការណែនាំ ពីគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតយ៉ាងណា ក៏ពួកគេនៅតែបន្ដសកម្មភាព​ដដែល។​

ក្នុងវីដេអូមួយ របស់ព្រះសង្ឃ លួន សុវ៉ាត ដែលបានថតពីគេហដ្ឋាន ដែលគ្មានមនុស្សនោះ គេឃើញបុរសម្នាក់ ចេញពីខាងក្នុង​​មក​ទូល​ឆ្លើយនឹងសំនួរ របស់ព្រះសង្ឃថា ផ្ទះខ្លួនរៀបចំធ្វើពិធីជប់លៀង។ បន្ទាប់មក គេឃើញមន្ត្រីម្នាក់ទៀត ដែលប្រកាសថា លោកមកពី គ.ខ.ប (គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត) បានថ្លែងអះអាងថា លោកគឺជាអ្នកប្រាប់ ឲ្យផ្ទះដែលចាក់តន្ត្រីនោះ ឲ្យបន្ថយសម្លេងធុងបាស។

ក្រោយការជួបជុំនោះ ព្រះសង្ឃយ៉ាងហោច ៤អង្គ ត្រូវបានឃាត់ព្រះកាយ និងដកហូតយកទូរស័ព្ទ ពីសំណាក់អាជ្ញាធរ មុននឹងដោះលែងមកវិញ នៅវេលាម៉ោង ១៣ ថ្ងៃនេះដដែល។ ការឃាត់ព្រះកាយនោះ មិនត្រូវបានអះអាង ឲ្យដឹងពីមូលហេតុណាមួយនោះទេ។

លោក ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា គ.ជ.ប នឹងពិនិត្យលើករណីនេះ បើសិនមានបណ្ដឹង ពីគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោកថា គ.ជ.ប ទុកលទ្ធភាពឲ្យគណបក្ស និងគណបក្សចរចាគ្នាសិន បើទោះជាស្ថាប័នជាតិសម្រាប់ការបោះឆ្នោត ទទួលបានពាក្យបណ្ដឹង នោះក៏ដោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...