អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​មាន​ការ​គម្រាម​អ្នក​បោះ​ឆ្នោត

ក្រសួងការបរទេសអាមេរិក តាមរយៈអ្នកនាំពាក្យរបស់ខ្លួន អ្នកស្រី «Katina Adams» បានថ្លែងអំពាវនាវឱ្យប្រទេសកម្ពុជា ធានាឲ្យបាន កុំឲ្យមានការគំរាមកំហែង និងការបំភិតបំភ័យខាងនយោបាយ ក្នុងខណៈពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ បានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២០ ខែឧសភានេះ។
អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​មាន​ការ​គម្រាម​អ្នក​បោះ​ឆ្នោត
មួកឃោសនារបស់គណបក្សធំពីរ ដែលជាគូប្រជែងប្រកិតគ្នា។ (រូបថតឯកសារ)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 20, 2017
  • ប្រធានបទ: បោះឆ្នោតឃុំ-សង្កាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងការបរទេសអាមេរិក បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតដល់ពេលបោះឆ្នោតរួច។

ស្រង់សំដីដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» អ្នកស្រី «Katina Adams» អ្នកនាំពាក្យក្រសួងការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឲ្យដឹងថា៖ «យើងទទូចឱ្យរដ្ឋាភិបាល[កម្ពុជា ត្រូវ]ចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយ ដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យ ក្នុងប្រទេសកម្ពុជា។ យើងអំពាវនា​វ​ដល់រដ្ឋាភិបាលកម្ពុជា លើកកម្ពស់សិទ្ធិសេរីភាព ខាងការបញ្ចេញមតិ ដែល​មាន​ការ​ទទួលស្គាល់​ជាអន្តរជាតិ សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។»។

ការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២០ ខែឧសភានេះ ខណៈថ្ងៃបោះឆ្នោត នឹងត្រូវធ្វើនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខ។ មានគណបក្សនយោបាយចំនួន ១២ ដែលបានដាក់បេក្ខភាព ដើម្បីដណ្ដើមយកមកគ្រប់គ្រង នូវឃុំ-សង្កាត់ ចំនួន១៦៤៦ នៅទូទាំងប្រទេស។

ក្រុមអ្នកឃ្លាំមើល​បានបរិហារថា បរិយាកាស​នៃការបោះឆ្នោត​ជាសាកល ថ្នាក់តំបន់ នៅឆ្នាំនេះ ត្រូវបានកត់សម្គាល់ ដោយការគម្រាមតាំងពីច្រើនថ្ងៃមកហើយ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។

លោក ហ៊ុន សែន បានព្រមានថា លោកត្រៀមឲ្យផ្ទុះសង្គ្រាម «ក៏ផ្ទុះទៅចុះ» តែលោកត្រូវចាត់កម្លាំង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីបង្ក្រាបចលនាមហាជន ដែលមាននិន្នាការប្រឆាំង និងដែលធ្វើឲ្យខូច ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ការព្រមាននេះ បានបន្ថែមពីលើការគម្រាមកន្លងមក ដែលលោកអះអាងថា បើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត នោះប្រទេសជាតិនឹងធ្លាក់ ទៅក្នុងសង្គ្រាមស៊ីវិលឡើងវិញ។

រីឯរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ វិញ បានថ្លែងនៅប៉ុន្មានថ្ងៃមុនថា បើគណបក្សប្រជាជនកម្ពុជា​ឈ្នះឆ្នោត លោកនឹងត្រៀមកម្លាំង «វាយបំបាក់ធ្មេញ» នរណាក៏ដោយ ដែលហ៊ានងើបតវ៉ា ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត។

យ៉ាងណា មន្ត្រីមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ តែងបានលើកឡើងថា បើគណបក្សខ្លួនឈ្នះឆ្នោត នោះនឹងគ្មានសង្គ្រាមកើតឡើង ហើយក៏គ្មាន«ការវាយបំបាក់ធ្មេញ»​នោះដែរ។ មន្ត្រីគណបក្សប្រឆាំង បានលើកឡើង ពីក្ដីសង្ឃឹមរបស់ផងខ្លួនទៀតថា ការរៀបចំការបោះឆ្នោត ពីសំណាក់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត «គ.ជ.ប» ថ្មី មានលក្ខណៈត្រឹមត្រូវ និងអាចទទួលយកបាន ច្រើនជាងឆ្ងាយ ពី គ.ជ.ប.ចាស់ ដែលគណបក្សប្រឆាំងតែងចោទថា មានលក្ខណៈលំអៀង ទៅរកគណបក្សប្រជាជនកម្ពុជា តាំងពីច្រើនអាណត្តិមកហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...