រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការ​បង្ហោះ​សារ ថា​មាន​មេទ័ព​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

មន្ត្រីរដ្ឋាភិបាល បានធ្វើប្រតិកម្មធ្ងន់ៗ តបទៅនឹងការបង្ហោះសារ របស់ទំព័រហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះខ្លួនឯងថា ជា«សារព័ត៌មានជំនាន់ថ្មី» អះអាងថា មេទ័ពម្នាក់បានគាំទ្រចលនាសង្គ្រោះជាតិ ដែលទើបត្រូវបានបង្កើតថ្មីថ្មោង និងដែលមានលោក សម រង្ស៊ី ជាប្រធាន។ សារបង្ហោះនេះ ក៏ត្រូវបានមេទ័ព ដែលជាម្ចាស់ខ្លួន ចេញមុខធ្វើការបដិសេធដែរ។
រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការ​បង្ហោះ​សារ ថា​មាន​មេទ័ព​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ
រូបកណ្ដាល៖ លោកឧត្ដមសេនីយ៍ត្រី នាក់ វង្ស និងពលទាហានដទៃទៀត។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 04, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់អ្នកតាមដានស្ថានការណ៍កម្ពុជាវិញ បានពន្យល់ថា ការសរសេរលើកឡើង របស់ទំព័រហ្វេសប៊ុកនោះ មិនមានទំងន់ យកជាការអ្វី មិនបានឡើយ ខណៈប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា បានចាត់ទុកការបង្ហោះសារនេះ មានចេតនាទុចរិត ក្នុងបំណងញុះញង់ បំបែកបំបាក់ មកលើកងទ័ព។

ទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «សារព័ត៌មានជំនាន់ថ្មី» បានបង្ហោះសារប៉ុន្មានឃ្លា តាំងពីម្សិលម្ងៃកន្លងមក ដោយអះអាងថា ឧត្ដមសេនីយ៍ត្រី (ផ្កាយមួយ) យោធាមួយរូប ឈ្មោះ នាក់ វង្ស បានគាំទ្រចលនាសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន។ ទំព័រហ្វេសប៊ុកខាងលើនេះ នៅមានដំណើរការនៅឡើយ ប៉ុន្តែសារបង្ហោះដ៏ចម្រូងចម្រាសនេះ មិនឃើញបន្តមាន នៅលើទំព័រខ្លួនទៀតទេ។

ប៉ុន្តែរូបផ្តិតចេញពីអេក្រង់ (PrintScreen) ដែលនៅតែបន្តមានវត្តមាន នៅលើបណ្ដាញសង្គម និងត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន យកទៅផ្សាយបន្ត បានបង្ហាញឲ្យឃើញ ពីសំណេរដ៏ខ្ជីខ្ជា គ្មានវិជ្ជាជីវៈ និងពោរពេញដោយកំហុសអក្ខរាវិរុទ្ធ របស់ទំព័រ «សារព័ត៌មានជំនាន់ថ្មី» ចំនួនយ៉ាងហោចណាស់ ក៏ពីរដងដែរ។

នៅចំពោះរឿងរ៉ាវនេះ មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច វែកមុខរកម្ចាស់សំណេរ ឬអ្នកនៅពីក្រោយម្ចាស់ទំព័រហ្វេសប៊ុកខាងលើ ដើម្បីចាប់យកអ្នកទទួលខុសត្រូវ យកមកផ្ដន្ទាទោសតាមច្បាប់។ លោក ផៃ ស៊ីផាន បានចាត់ទុកការបង្ហោះសារខាងលើ ថាបានបង្ក​ភាព​ញុះញង់ ​ឲ្យ​សាមគ្គី​ផ្ទៃក្នុង​របស់​កង​យោធពលខេមរភូមិន្ទ បែកបាក់ ​បង្ក​ភាព​មិន​ទុកចិត្ត និង​ប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់ ដែលលោកថា បានកើតចេញ ពី​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។

ចំពោះម្ចាស់ខ្លួន គឺលោក នាក់ វង្ស ដែលជាមេ​បញ្ជាការរង កងពលតូចថ្មើរជើង លេខ៤២វិញ បានប្រកាសច្រានចោល ការបង្ហោះសារខាងលើ និងបានបង្ហាញជាថ្មី និងជាច្រើនដង ពីភក្ដីភាពរបស់លោក ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន។ លោកបានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «ការពិតជំហររបស់ខ្ញុំ គឺស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ស្មោះត្រង់ចំពោះជាតិ ប្រឆាំងដាច់ខាត ចំពោះបក្សសង្រោះជាតិ រឺជាចលនាសង្រោះជាតិ ស្អីគេនោះ ដែលជាបក្សក្បត់ជាតិ ត្រូវបានតុលាការសំរេច រំលាយចោលទៅហើយ»។

 

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងដែរថា ក្រសួងកំពុងរួមសហការ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស៊ើបអង្កេត លើករណី«ប្រឌិតព័ត៌មាន»មួយនេះ។ មន្ត្រីអ្នកនាំពាក្យបានអះអាងថា ចលនាសង្គ្រោះជាតិ ដែលលោកហៅថា ជា«ចលនាឧទ្ទាម» បង្កើតឡើងដោយ «ទណ្ឌិត សម រង្ស៊ី»នោះ មិនមានឥទ្ធិពលអ្វី សម្រាប់កងទ័ពទេ។

មន្ត្រីម្នាក់ស្និតនឹងចលនាសង្គ្រោះជាតិ បានថ្លែងពីប្រទេសបារាំង ឲ្យដឹងក្នុងយប់នេះថា ការបង្ហោះសារនេះ អាចជាអន្ទាក់ ឬជាគម្រោងដ៏ខ្មៅកខ្វក់មួយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងបំណងធ្វើការចាប់ចង ទៅលើក្រុមអ្នកនយោបាយប្រឆាំងផ្សេងទៀត ដែលមានវត្តមាននៅក្នុងស្រុក។ មន្ត្រីរូបនោះ ដែលសុំថ្លែងដោយមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា វាជាអន្ទាក់ ព្រោះការបង្ហោះសារ របស់ទំព័រហ្វេសប៊ុកខាងលើ មានលក្ខណៈជាការលេងសើច តែត្រូវបានរដ្ឋាភិបាលកម្ពុជា យកមកពង្រីក​«ឲ្យធំជាងភ្នំ»។

មន្ត្រីដដែលបានថ្លែងបន្តថា ចលនាសង្គ្រោះជាតិ ជាចលនាដែលមានលក្ខណៈ ជាស្មារតី និងជាឧត្ដមគតិ ហើយធ្វើការតស៊ូ ដោយអហិង្សា និងដោយសន្តិវិធី ប៉ុន្តែមិនបានអំពាវនាវ ឲ្យទម្លាក់រដ្ឋាភិបាលស្របច្បាប់នោះទេ។ លោកថា ចលនាសង្គ្រោះជាតិ មានបំណងត្រឹមតែធ្វើការតស៊ូមតិ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីប្រឆាំងអំណាចផ្ដាច់ការ ហើយទាមទារ ឲ្យមានការដោះលែងអ្នកទោសមនសិការ - ឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការដូចធម្មតា ដើម្បីឈានទៅរកការបោះឆ្នោត ដោយត្រឹមត្រូវ និងយុត្តិធម៌ នាពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...