នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី លា​លែង​ពី​តំណែង​បន្ទាប់​ពី​មាន​ឃាតកម្ម​លើ​អ្នក​កាសែត

នាយករដ្ឋមន្ត្រីនៃប្រទេសស្លូវ៉ាគី លោក រ៉ូប៊ែរ ហ្វីកូ (Robert Fico) បានសុំលាលែងចេញពីតំណែង ជាប្រមុខរដ្ឋាភិបាល កាលពីល្ងាចថ្ងៃពុធនេះ នៅចំពោះការទាមទារ របស់ក្រុមប្រឆាំង បន្ទាប់ពីមានអំពើឃាតកម្មមួយ កើតឡើងកាលពីខែកុម្ភៈ ចំពោះលោក ហ្សង់ គូស៊ីយ៉ាក់ (Jan Kuciak) អ្នកកាសែតមួយរូប ដែលបានធ្វើការអង្កេត ទៅលើករណីពុករលួយ។
នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី លា​លែង​ពី​តំណែង​បន្ទាប់​ពី​មាន​ឃាតកម្ម​លើ​អ្នក​កាសែត
លោក រ៉ូប៊ែរ ហ្វីកូ នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលប្រទេសស្លូវ៉ាគី។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 15, 2018
  • ប្រធានបទ: អ៊ឺរ៉ុបខាងកើត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«នៅថ្ងៃពុធនេះ ខ្ញុំបានប្រគល់លិខិតលាលែងពីតំណែងរបស់ខ្ញុំ ជូនទៅលោកប្រធានាធិបតី នៃសាធារណរដ្ឋស្លូវ៉ាគីហើយ» នេះ ជាការអះអាងឡើងរបស់លោក រ៉ូប៊ែរ ហ្វីកូ (Robert Fico) នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលស្លូវ៉ាគី។ លោកបន្តថា៖ «ប្រសិនជាលោកប្រធានាធិបតីយល់ព្រម ចំពោះការស្នើសុំលាលែងរបស់ខ្ញុំ ៗបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាកចេញពីតំណែង នៅថ្ងៃព្រហស្បត្តិ៍ស្អែក»។

ប្រមុខរដ្ឋាភិបាល អាយុ៥៣ឆ្នាំ នៃប្រទេសអ៊ឺរ៉ុបខាងកើតមួយនេះ បានប្រកាសពីដំណឹងខាងលើ នៅចំពោះបណ្ដាប្រធានគណបក្ស ដែលបានចងជាសម្ព័ន្ធភាព ដើម្បីបង្កើតរដ្ឋាភិបាលមួយឡើង បន្ទាប់ពីលោកបានចេញ ពីជំនួបជាមួយប្រធានាធិបតីស្លូវ៉ាគី លោក អង់ឌ្រេច គីស្កា (Andrej Kiska)។

បើតាមលោក ហ្វីកូ បានពន្យល់ឲ្យដឹងថា ប្រទេសស្លូវ៉ាគី អាចនឹងធ្លាក់ទៅក្នុងភាពវឹកវរផ្នែកនយោបាយ ប្រសិនជាក្រុមមនុស្ស មកពីបក្សប្រឆាំងសព្វថ្ងៃ ឡើងកាន់អំណាច។ លោកនាយករដ្ឋមន្ត្រីផ្ទាល់ ចង់បញ្ជៀស មិនឲ្យមានការបោះឆ្នោត មុនអាណត្តិនោះឡើយ។

ភាពតានតឹង រវាងក្រុមគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានកើនឡើងខ្លាំង បន្ទាប់ពីលោក ហ្សង់ គូស៊ីយ៉ាក់ (Jan Kuciak) អ្នកកាសែតម្នាក់ និងស្ត្រីគូដណ្ដឹង ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង កាលពីខែកុម្ភៈ។ កាលពីពេលលោកនៅមានជីវិត លោក ហ្សង់ គូស៊ីយ៉ាក់ បានធ្វើការអង្កេត ទៅលើករណីពុករលួយ និងទំនាក់ទំនងដ៏គួរឲ្យសង្ស័យ រវាងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ជាមួយនឹងក្រុមអ្នកជំនួញជាតិអ៊ីតាលី ដែលគេសង្ឃ័យថា ជាក្រុមម៉ាហ្វីយ៉ា (Mafia) ដ៏ធំមួយ។

ឃាតកម្មទៅលើអ្នកកាសែត បានបណ្ដាលឲ្យបណ្ដាជនស្លូវ៉ាគី រាប់សិបពាន់នាក់ផ្ទុះកំហឹង ចុះដើរនៅតាមដងផ្លូវ ដើម្បីសំដែងការជំទាស់របស់ពួកគេ ប្រឆាំងនឹងអំពើពុករលួយ និងសុំឲ្យលោក រ៉ូប៊ែរ ហ្វីកូ ចាកចេញពីតំណែង។ បើតាមការស្ទង់មតិ កាលពីពេលថ្មីៗនេះ បានប្រាប់ឲ្យដឹងថា ពលរដ្ឋស្លូវ៉ាគី ៦២% ចង់ឲ្យលោក ហ្វីកូ ចេញពីតំណែង ខណៈមានតែ១៣%ប៉ុណ្ណោះ ដែលចង់ឲ្យលោកបន្តដឹកនាំរដ្ឋាភិបាល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...