កូរ៉េខាងជើង ព្រមាន​ចិន​សម្ព័ន្ធ​មិត្ត​ខ្លួន ពី​«ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ»

ទីភ្នាក់​ងារ​ព័ត៌មាន​​ផ្លូវការ របស់ប្រទេសកូរ៉េខាងជើង បានព្រមាន​រដ្ឋាភិបាល​ក្រុង ប៉េកាំង ពី«ផលវិបាក​ដ៏ធ្ងន់ធ្ងរ» ​ថានឹង​កើត​មាន​ឡើង ប្រសិន​ជា​​ប្រទេសចិន ចង់​សាកល្បងម្ដងហើយ​ម្ដងទៀត ពីភាព​អត់ធ្មត់​របស់​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង។
កូរ៉េខាងជើង ព្រមាន​ចិន​សម្ព័ន្ធ​មិត្ត​ខ្លួន ពី​«ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ»
ពីឆ្វេងទៅស្ដាំ៖ លោក ស៊ី ជីងពីង ប្រធានាធិបតីចិន និងលោក គីម ជុង-អ៊ុន អគ្គមគុទេសន៍កូរេខាងជើង។ (រូបថតឯកសារ)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 04, 2017
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» ដែលជាសម្លេង ចេញពីរដ្ឋាភិបាល នៃគណបក្ស​កុម្មុយនីស​កូរ៉េ​ខាង​ជើង​ បាន​តម្លើង​សម្លេងខ្លាំងៗ កាលពីម្សិលម៉ិញ ទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជា​អ្នក​គាំទ្រ​​របស់​ខ្លួន។ ទី​ភ្នាក់ងារ​​នោះ បានផ្សាយ​បទវិចារណកថា ព្រមានក្រុងប៉េកាំង ពី«ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិន​ជា​​ប្រទេស​​ចិន ​ចង់​សាកល្បង​ខ្លាំង​ឡើង ពី​ភាព​​អត់ធ្មត់​របស់​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង។

បទវិចារណកថា ដែលចេញផ្សាយ នៅយប់ថ្ងៃពុធ សប្ដាហ៍នេះ បានបញ្ជាក់ថា គឺរដ្ឋាភិបាលក្រុង ប៉េកាំង ទេ ដែល​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ ពី«ការដឹងគុណ»​​របស់ខ្លួន ចំពោះក្រុងព្យុងយ៉ាង ដែលបាន​​ជួយ​​ការពារ​ប្រទេស​ចិន។

ប្រទេសចិន និងកូរ៉េខាងជើង បានចាប់ដៃចងសម្ព័ន្ធមិត្តនឹងគ្នា នៅក្នុងអំឡុងសង្គ្រាមកូរ៉េ ដែល​បាន​កើត​ឡើង រវាង​ពី​ឆ្នាំ១៩៥០ មកទល់នឹងឆ្នាំ១៩៥៣។ បន្ទាប់ពីពេល​នោះមក ប្រទេសចិនបានក្លាយជា អ្នកផ្ដល់ជំនួយ​ដ៏ធំ​​បំផុត ​សម្រាប់​របប​កុម្មុយនីស​កូរ៉េ ហើយក៏ជាដៃគូ​ពាណិជ្ជកម្ម ដ៏សំខាន់​មួយដែរ។

តែចំណងមេត្រីភាព​​កូរ៉េខាងជើង-ចិន បានរង្គោះរង្គើកាន់តែខ្លាំងឡើង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេស​​ចិន​​​មិន​​សប្បាយ​ចិត្ត​ឡើយ នៅចំពោះ​មហិច្ឆតា​នុយក្លេអ៊ែរ របស់ប្រទេស​កុម្មុយនីស នៅ​ជាប់​​ព្រំដែន​របស់​ខ្លួន​ ដោយ​សារ​តែ​ចិន មិន​ចង់​ឲ្យមាន​វិបត្តិ​ក្នុង​តំបន់​​ផ្ទុះ​ឡើង​ ដែលធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅ​ដល់​នយោបាយ និង​សេដ្ឋកិច្ច​ ប្រកប​ដោយ​សន្ទុះខ្លាំងក្លា របស់ខ្លួន។

«ការកត់សម្គាល់ ដែលគ្មានការទទួលខុសត្រូវ»

ជារឿយៗ ប្រទេសចិនតែងអំពាវនាវ ឲ្យភាគីទាំងអស់ ត្រូវបញ្ជៀសឲ្យបាន នូវការ​តម្លើង​សរសៃ​ក​ដាក់​គ្នា ជា​ពិសេស​ពី​សង្គ្រាមសំដី ដែលធ្វើដាក់គ្នា ទៅ​វិញ​ទៅមក រវាងក្រុង វ៉ាស៊ីនតោន និងក្រុង ព្យុងយ៉ាង។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ចិនបាន​ប្រកាស​ផ្អាក រហូតដល់បំណាច់​ឆ្នាំ២០១៧ នូវការនាំចូល​ធ្យូងថ្ម ពី​ប្រទេស​កូរ៉េ​​ខាង​​ជើង​ ដែល​ជា​ប្រភពចំណូលដ៏ធំ សម្រាប់របបកុម្មុយនីសកូរ៉េ។

ហើយកាលពីប៉ុន្មានថ្ងៃមុន ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន បានទាមទារ ឲ្យ​មាន​«ទណ្ឌកម្ម​ដ៏តឹង​តែង»​មួយ​ ដាក់​​ទៅ​​លើ​​របប​ក្រុង ព្យុងយ៉ាង ប្រសិនជារបបនេះ សាកល្បងគ្រាប់បែក​នុយក្លេអ៊ែរ ជាថ្មី​ទៀត។ ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ទាំង​នោះ បានលើក​ឡើង​បន្ថែម ពីភាពចាំបាច់ ដែលប្រទេស​កូរ៉េខាងជើង ត្រូវ​បោះបង់​ចោល​ នូវ​កម្មវិធី​នុយក្លេអ៊ែរ និងកម្មវិធី​ផលិត​កាំជ្រួច​អន្តរទ្វីប របស់ខ្លួន។

ប៉ុន្តែការលើកឡើង របស់សារព័ត៌មានផ្លូវការចិន មិនបាន​ធ្វើឲ្យរបប​កុម្មុយនីស​កូរ៉េ សប្បាយចិត្ត​ជាមួយទេ និង​បាន​ចាត់​ទុក​​ការ​ទាមទារ​នេះ ថា​ជា​«ការកត់​សម្គាល់ ដែលគ្មាន​ការ​ទទួលខុសត្រូវ»។ នេះ បើតាមបទ​វិចារណ​កថា របស់​ទីភ្នាក់ងារ «KCNA» ដដែល​នោះ។ អត្ថបទ​បាន​បញ្ជាក់​ថា គ្មានអ្វី​អាច​មក​បញ្ឈប់ ឬ​បង្វែរ​​​ទិស​​កង់​​ប្រវត្តិ​សាស្ត្រ របស់​​ប្រទេស​​កូរ៉េខាងជើង ឲ្យងាក​ចេញ​ពីផ្លូវដើរ របស់ខ្លួន​នោះឡើយ។

«កូរ៉េខាងជើង នឹងមិនសុំឲ្យដាក់ទានដាច់ខាត... »

បទវិចារណកថា បានសរសេរបន្ថែមថា៖ «យើង (កូរ៉េខាងជើង) នឹងមិនសុំការ​ដាក់ទានដាច់ខាត ឲ្យរក្សា​មិត្តភាព​​ជា​មួយ​​ចិន ដើម្បីជាថ្នូរ ឲ្យបោះបង់​ចោល នូវ​កម្មវិធីនុយក្លេអ៊ែរ​ដ៏ថ្លៃថ្លា។ (...) រាប់ចាប់​តាំង​​ពី​សង្គ្រាម​​​កូរ៉េ​​មក ប្រទេស​​កូរ៉េ​​ខាង​ជើង បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ​ការពារសន្តិភាព និង​សន្តិសុខ របស់​​ប្រទេស​​ចិន។ ដូច្នេះ គឺចិន​​ទៅវិញទេ ដែលត្រូវដឹង​គុណ​​កូរ៉េខាងជើង។»។

អត្ថបទរបស់ទីភ្នាក់ងារផ្លូវការ «KCNA» បានសរសេរព្រមានថា ចិនមិនត្រូវសាកល្បងឡើយ នឹង​ភាពអត់ធ្មត់ របស់​កូរ៉េ​ខាង​ជើង​ ហើយ​«ចិនគួរ​សិក្សា​​ឲ្យបានច្បាស់ អំពី​ផលវិបាក​ដ៏ធ្ងន់ធ្ងរ ដែល​អាច​កើត​មាន​ឡើង ប្រសិនជាចិន​កាប់រម្លំ សសរដ៏រឹងមាំ នៃទំនាក់ទំនង​​រវាង​កូរ៉េខាងជើង និងចិន។»។

ពាក្យសំដីឆ្លើយឆ្លងគ្នា រវាងរបបកុម្មុយនីសទាំងពីរ បានកើតឡើង នៅ​ចំពេល​ដែល​ក្រុង​វ៉ាស៊ីនតោន ក្រោម​​រដ្ឋបាល របស់​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​បង្កើនកា​រដាក់​សម្ពាធ ទៅ​លើ​​ប្រទេស​ចិន ដើម្បី​ធ្វើ​យ៉ាងណា ចាប់​សម្ព័ន្ធមិត្ត​របស់ចិន​ គឺប្រទេស កូរ៉េខាងជើង ឲ្យ​ត្រឡប់​ចូល ​មក​​ក្នុង​​ជួរ​​សហគមន៍​​​​អន្តរជាតិ​​វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...