CIA និង​ចារកម្ម​អាមេរិក​១៦​ស្ថាប័ន​ចាត់ ហ៊ុន សែន ជា​មេដឹកនាំ​បង្ក​ការ​គម្រាម​កំហែង​តំបន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្ថាប័នចារកម្មចំនួន១៧ របស់សហរដ្ឋអាមេរិក ដោយរាប់បញ្ចូលទាំងភ្នាក់ងារចារកម្ម «CIA» ផង ចាត់ចូលទៅក្នុងបញ្ជី នៃក្រុមមេដឹកនាំ ដែល«បង្កការគម្រាមកំហែង» នៅក្នុងតំបន់។
CIA និង​ចារកម្ម​អាមេរិក​១៦​ស្ថាប័ន​ចាត់ ហ៊ុន សែន ជា​មេដឹកនាំ​បង្ក​ការ​គម្រាម​កំហែង​តំបន់
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ប៊ុន រ៉ានី (ភរិយា) និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 24, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របាយការណ៍កម្រាស ២៨ទំព័រ ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយសហព័ន្ធចារកម្មជាតិ (National Intelligence) របស់សហរដ្ឋអាមេរិក បានចាត់ទុកលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅក្នុងបញ្ជីនៃក្រុមមេដឹកនាំ ដែល«បង្កការគម្រាមកំហែងតំបន់» និងបានសរសេរពន្យល់ ដោយសង្ខេបថា បុរសខ្លាំងកម្ពុជា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធានានូវការបន្តកាន់អំណាច ដ៏យូរអង្វែងរបស់លោក និងក្រុមគ្រួសាររបស់លោកទៅមុខទៀត។

របាយការណ៍ ដែលមានដាក់ចំណងជើង «ការ​វាយ​តម្លៃ របស់បណ្ដាភ្នាក់ងារ​ចារកិច្ចអាមេរិក ទៅលើ​ការ​គំរាមកំហែង​ជា​សាកល» និងដែលចុះហត្ថលេខា ដោយនាយកការិយាល័យចារកម្មជាតិ លោក ដានីញ៉ែល ខូតស៍ (Daniel R. Coats) បានសរសេរថា៖ «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ​នឹងធ្វើការបង្ក្រាប ទៅ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល - បង្វិល​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ - ប្រើប្រាស់បក្ខពួក និង​អំពើ​ហិង្សា​ផ្នែក​នយោបាយ ក្នុង​គោលបំណង​ដើម្បី​ធានា ​បន្ត​ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក ​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ ខែ​កក្កដា ខាង​មុខ»។

​របាយការណ៍​បានសរសេរបន្តថា៖ «ជាមួយនឹងការធ្វើ​ឲ្យ​របបដឹកនាំ​របស់​លោក​ នៅ​ឯកោដាច់​ឆ្ងាយ​ ពី​ដៃគូ​បស្ចិម​ប្រទេស​ដទៃ​ទៀត លោក ហ៊ុន សែន នឹង​ត្រូវ​ពឹង​ផ្អែក ​ទៅ​លើ​ការ​គាំទ្រ​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ ពី​សំណាក់​ក្រុង​ប៉េកាំង ដែល​បណ្តាល​ឲ្យប្រទេសកម្ពុជា កាន់​តែ​មាន​ចំណង​ស្អិតល្មួត​ជាមួយ​ចិន កាន់​តែ​ខ្លាំង​ឡើងៗ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំមួយរូប នៅក្នុងចំណោមមេដឹកនាំពីររូប នៃតំបន់អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះ នៅក្នុងរបាយការណ៍ខាងលើ។ ម្នាក់ទៀត គឺលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពី ដែលបើតាមរបាយការណ៍ អះអាងថា មេដឹកនាំរូបនេះ អាចនឹង«ព្យួររដ្ឋធម្មនុញ្ញ» ហើយបង្កើតឲ្យមាន ជា«រដ្ឋាភិបាលបដិវត្តន៍» មួយឡើង ដោយដាក់ឲ្យប្រើប្រាស់ នូវ«ច្បាប់អាជ្ញាសិក» នៅលើកោះហ្វីលីពីន។ 

ក្រៅពីមេដឹកនាំទាំងពីរ របាយការណ៍ចារកម្មអាមេរិក នៅបានលើកឡើង សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ពីវិបត្តិបណ្ដាជនភាគតិច រ៉ូហ្គីយ៉ា នៅក្នុងប្រទេសភូមា និងពីការកំណត់របស់មេដឹកនាំថៃ ដែលសន្យា ឲ្យមានការបោះឆ្នោតជាតិ នៅចុងឆ្នាំ២០១៨ ខណៈរដ្ឋធម្មនុញ្ញថ្មី នៃប្រទេសជិតខាងមួយនេះ អនុញ្ញាតឲ្យរក្សាទុកដដែល នូវឥទ្ធិពលយោធា។

សហព័ន្ធចារកម្មជាតិ របស់សហរដ្ឋអាមេរិក ជាបណ្ដុំភ្នាក់ងារចារកិច្ច ចំនួន១៧ រាប់បញ្ជូលទាំងភ្នាក់ងារចារកម្ម «CIA» នោះផង។ នាយកការិយាល័យ លោក ដានីញ៉ែល ខូតស៍ បានពន្យល់ថា ការវាយតម្លៃនៅក្នុងរបាយការណ៍ខាងលើ បង្ហាញពីការប៉ះពាល់ទាំងឡាយ ដែលជា «ការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក» និងពីភាពចាំបាច់ «ដើម្បីការពារជីវិតពលរដ្ឋ និងផលប្រយោជន៍អាមេរិក នៅគ្រប់ទីកន្លែងក្នុងពិភពលោក»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...