ឆែលស៊ី​ ហ៊ានអោយ ឡូរ៉ង់ ប្លង់ ១លានអ៊ឺរ៉ូ ក្នុងមួយខែ

  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 27, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតប្រចាំថ្ងៃ បារាំង ​​leparisien.fr បានចេញផ្សាយថ្ងៃនេះ អំពី កិច្ចសន្យាដែលកំពុងតែធ្វើរវាង ក្រុមបាល់ទាត់អង់គ្លេស ឆែលស៊ី និងគ្រូបង្វឹកជនជាតិបារាំង លោកឡូរ៉ង់ ប្លង់​ Laurent Blanc បច្ចុប្បន្នជាគ្រូបង្វឹក របស់ក្រុមជំរើសជាតិបារាំង ។ លោកឡូរ៉ង ប្លង់ ស្ថិតនៅលើគេ នៅក្នុងការជំរើសរបស់ ក្រុមបាល់ទាត់ នៃទីក្រុង ឡុងដ៍ មួយនេះ បើប្រៀបធៀបទៅនឹង បេក្ខជនពីរនាក់ផ្សេងទៀត ។

កាសែតបានបញ្ជាក់ថា ការក្លាយខ្លួនជាគ្រូបង្វឹករបស់ ក្រុមបាល់ទាត់អង់គ្លេស គឺជាក្ដីស្រមៃរបស់ លោកឡូរ៉ង់ ប្លង់ ។ កាសែតក៏បានស្រង់ ប្រភពច្បាស់ការណ៍មួយ ដែលនិយាយអំពី ក្រុមបាល់ទាត់ឆែលស៊ី ត្រៀមខ្លួនរួចជាស្រេច ក្នុងការអោយប្រាក់ខែទៅ លោកឡូរ៉ង ប្លង់ មួយលានអ៊ឺរ៉ូ ក្នុងមួយខែ ។ រឺឯលោកឡូរ៉ង់ ប្លង់ក៏បានឆ្លើយតបផងដែរ ទៅជាមួយនឹងប្រភពជិតស្និតនោះ ដោយនិយាយថា ៖ «វាគឺជា គោលបំណងដ៏ចំបងរបស់ខ្ញុំ ។ ប្រទេសអង់គ្លេស ជាប្រទេសដែលមានប្រវត្តិសាស្រ្ត គួរអោយទាក់ទាញ ក្នុងវិស័យបាល់ទាត់ ហើយប្រមូលផ្ដុំដោយ កីឡាករដ៏ល្អ ៗ និង មានមធ្យោបាយហិរញ្ញវត្ថុ យ៉ាងក្រាស់ក្រែល ។ ក្រុមបាល់ទាត់ ឆែលស៊ី ជាក្រុមយ៉ាងធំមួយ ក្នុងចំណោម ក្រុមបាល់ទាត់ដ៏ទៃទៀត នៅអ៊ឺរ៉ុប ។»

ជិត៤ឆ្នាំហើយ ដែលក្រុមបាល់ទាត់ ឆែលស៊ី បានជួបស្ថានភាពនែផ្លូវរបត់មួយ ក្រោយការចាកចេញ របស់ គ្រូបង្វឹក លោក André Villas-Boas​ ហើយជំនួសដោយ លោក Roberto Di Matteo វិញនោះ ។ ក្រុមបាល់ទាត់ ឆែលស៊ី ក្នុងពេលឥឡូវនេះ ត្រូវការជាចាំបាច់ នូវសន្ទុះមួយជាថ្មី ។ សំរាប់ក្រុមបាល់ទាត់ ឆែលស៊ី លោក ឡូរ៉ង់ ប្លង់ គឺជាមនុស្សដែលចេះ ធ្វើខ្លួនតាមស្ថានភាព  មានរបៀបដឹកនាំបាល់តាមរបៀបការពារ មានភាពជោគជ័យខ្លាំង កាលគាត់នៅជាគ្រូបង្វឹក របស់ក្រុមបាល់ទាត់របស់ទីក្រុងប៊រដូស Bordeaux និង​ការប្រកួតចំនួន ១៨ដង ដែលមិនដែលចាញ់ នៅជាមួយក្រុមបាល់ទាត់ ជំរើសជាតិបារាំង ។ ហើយគេត្រូវនិយាយរួមជាមួយផងដែរ ពីអតីតកាលដ៏ល្អផូរផង របស់គាត់ កាលគាត់នៅជាកីឡាករ ជាពិសេស​ ពេលដែលគាត់បានទៅទាត់ នៅប្រទេសអង់គ្លេស ។

កិច្ចសន្យារបស់លោក ឡូរ៉ង់ ប្លង់ ជាគ្រូបង្វឹក របស់ក្រុមបាល់ទាត់ជំរើសជាតិបារាំង នឹងចប់នៅថ្ងៃ ១​កក្កដាខាងមុខ ខណៈពេលដែលការប្រកួត បាល់ទាត់ សំរាប់ពានរង្វាន់ អ៊ឺរ៉ុប ត្រូវបានចប់សព្វគ្រប់ ។ ក្នុងអំឡុងពេលនេះ លោកឡូរ៉ង់ ប្លង់ មានសិទ្ធិអាចចុះកិច្ចសន្យា ជាមួយក្រុមបាល់ទាត់ណាក៏បានដែរ ។

បើសិនជាពត៌មានដែល លោកឡូរ៉ង ប្លង់ នឹងចាកចេញពីក្រុមបាល់ទាត់ ជំរើសជាតិបារាំងនេះ ជាការពិត វាអាចជាបន្ទុកមួយថ្មីទៀត សំរាប់សហព័ន្ធបាល់ទាត់បារាំង ក្នុងការរើសរកអ្នកមកជំនួស ហើយក៏ជាកង្វល់ខ្លាំងណាស់ដែរ សំរាប់អ្នកគាំទ្រទាំងឡាយ ។

ដោយ ៖ សេក មនោរកុមារ​​ -​ ប៉ារីស ថ្ងៃទី ២៧ មិនា​ ២០១២
Crédit​ Photo : flickr.com/cvrcak1

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...