ONE Championship៖ ចាន់ រតនា ចាញ់​​កីឡាករ​​ចិន​​ Xie Bin នៅ​មុន​​នេះ

ដោយទ្រាំទ្រមិនបាន នឹងការចាប់ក្រៀកដ៏ខ្លាំងក្លា ពីសំណាក់កីឡាករចិននោះ កីឡាករ ចាន់ រតនា បាន​គោះ​ដៃ​សុំចុះ​ចាញ់ នៅ​ត្រឹម​វគ្គ​ទី២ ក្នុងការប្រកួត «ONE Championship : KINGS OF DESTINY» តាម​បែប​វិញ្ញាសារ​​យុទ្ធគុន​​ចម្រុះ «MMA» នាវេលាយប់នេះ ក្នុងប្រទេសហ្វីលីពីន។
ONE Championship៖ ចាន់ រតនា ចាញ់​​កីឡាករ​​ចិន​​ Xie  Bin នៅ​មុន​​នេះ
ពីឆ្វេងទៅស្ដាំ៖ កីឡាករ ចាន់ រតនា (កម្ពុជា) និងកីឡាករ ស៊ី ប៊ីន (ចិន)។ (រូបថតក្រុមហ៊ុន)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២១ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 21, 2017
  • ប្រធានបទ: ​យុទ្ធគុន​ចម្រុះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្ដីសុបិន្តរបស់កីឡាករ ចាន់ រតនា មកពីប្រទេសកម្ពុជា ថានឹងយកឈ្នះលើកីឡាករ ចិន ឈ្មោះ «Xie Bin» សម្រាប់ការប្រកួត វិញ្ញាសារយុទ្ធគុន​ចម្រុះ «MMA» នៃ «ONE Championship : KINGS OF DESTINY» ក្នុងយប់ថ្ងៃទី២១ ខែមេសានេះ លើ​សង្វៀន «Mall Of Asia Arena» នៅរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន មិនបានសម្រេចនោះទេ។

នៅក្នុងវគ្គទីពីរ នៃការប្រកួតក្នុងទំងន់ «៦១,២០គីឡូក្រាម» នាយប់នេះ កីឡាករកម្ពុជា បានភ្លាត់ស្នៀត ចូលទៅក្នុងការក្រៀក របស់កីឡាករចិន រហូតដល់ថ្នាក់ពិបាកដកដង្ហើម និងបង្ខំចិត្តគោះដៃ សុំចុះចាញ់។ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលត្រូវបានបង្ហោះផ្សាយ ដោយអ្នករៀបចំកម្មវិធី «ONE Championship»៖


នៅមុនការប្រកួត ចាន់ រតនា បានថ្លែងពីក្ដីសុបិន្តរបស់ខ្លួនថា៖ «ខ្ញុំចង់​បង្ហាញ​ ពី​ភាពខ្លាំង​មួយ​ អំពី​អនាគត​របស់​ខ្ញុំ។ ខ្ញុំ​ចង់ទៅ​ឲ្យបាន​ឆ្ងាយ​ តាម​ដែល​អាច [ធ្វើទៅបាន] និង​ទទួល​បាន​ឱកាស ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់»។

កន្លងមក កីឡាករ ចាន់ រតនា អាយុ៣១ឆ្នាំ ធ្លាប់ប្រកួត ក្នុងវិញ្ញាសារយុទ្ធគុន​ចម្រុះ «MMA» នេះ បាន៦ដង​រួចមកហើយ ក្នុងនោះ៤ដងឈ្នះ និង២ដងចាញ់។ ពីក្នុងចំណោមការឈ្នះ ទាំង៤ដង កីឡាករបានផ្ដួលគូប្រកួតឲ្យសន្លប់ ដោយបច្ចេកទេស បានចំនួន៣ដង។ ការប្រកួត​ចុងក្រោយ របស់​កីឡាករ​រូបនេះ បាន​​កើត​​ឡើង​កាល​ពី​ខែ​សីហាកន្លងទៅ ក្នុង​ព្រឹត្តិការណ៍ «ONE Championship: HEROES OF THE WORLD»។ នៅពេលនោះ កីឡាករ ចាន់ រតនា ​បាន​ចាញ់​កីឡាករ «Ma Hao Bin» មកពីប្រទេសចិន ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។

រីឯកីឡាករចិន ឈ្មោះ «Xie Bin» អាយុ ១៩ ឆ្នាំ មកពី​ក្លិប «Tianjin Top Team» វិញ ធ្លាប់ឈ្នះជាជើងឯក​រង​ ក្នុង​យុទ្ធនាការ​​ដណ្តើម​​ពាន «ONE Hefei Bantamweight Tournament»។ កីឡាកររូបនេះ ទើបនឹងចូល​ប្រកួត ក្នុងវិញ្ញាសារយុទ្ធគុន​ចម្រុះ «MMA» ជាលក្ខណៈ​អាជីព ​កាល​ពី ១០ ខែ​មុននេះប៉ុណ្ណោះ ប៉ុន្តែរូបគេបាន​ចូលរួម​ប្រកួត ចំនួន៤ដង រួចមកហើយ ក្នុងនោះ​ឈ្នះ ២ដង និង​ចាញ់ ២ដង។ ផ្ទុយពីអាយុ ដ៏ក្មេងវ័យរបស់ខ្លួន កីឡាករ «Xie Bin» មានជំនាញយ៉ាងពិសេស ខាងចំបាប់ និងក្បាច់ «BJJ (Brazilian Jiu-Jitsu)»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...