មេនស៊ីធី ភ័យបុកពោះមុននឹងយកឈ្នះ ម៉ូណាកូ នៅចុងបញ្ចប់

នាំមុខដោយក្រុមបាល់ទាត់ ម៉ូណាកូ (AS Monaco) មកពីប្រទេសបារាំង ក្រុមមែនឆេស្ទ័រ ស៊ីធី (Manchester City) បាន​យក​ជ័យជំនះ នៅ​ទី​បញ្ចប់ ដោយ​ពិន្ទុ​៥ទល់នឹង៣ នៅក្នុង​ការ​ប្រកួត​វគ្គ១ភាគ៨ នៃ​ក្របខណ្ឌ​ប្រកួត​ជើងឯក​អ៊ឺរ៉ុប (champions league) ក្នុង​យប់​ថ្ងៃ​អង្គារ​នេះ។ ជ័យជំនះនេះ ជារបស់​ក្រុម​មេនស៊ីធី ក៏​ពិតមែន តែ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ក្រុម ម៉ូណាកូ អស់​សង្ឃឹម​ទាំង​ស្រុង​នោះដែរ ដោយសារ គ្រាប់បាល់ទាំង ៣ ដែល​ខ្លួន​រក​បាន​នៅ​ខាង​ក្រៅ​ផ្ទះ។
មេនស៊ីធី ភ័យបុកពោះមុននឹងយកឈ្នះ ម៉ូណាកូ នៅចុងបញ្ចប់
ក្រុមមេនឆេស្ទ័រស៊ីធី អបអរគ្រាប់បាល់របស់ខ្លួន នៅចំពោះភាពរាយមាយ របស់ខ្សែការពារ របស់ក្រុម ម៉ូណាកូ។ (រូបថត UEFA)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២១ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 22, 2017
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់រកបាន ដូចក្បង់គ្រាប់ភ្លៀង ដែលកំពុងធ្លាក់ ដែលជាសរុប មានទាំងអស់៨គ្រាប់ នៅ​ក្នុង​ការ​ប្រកួត វគ្គ១​ភាគ៨ នៃ​ក្របខណ្ឌ​ប្រកួតជើង​ឯក​អ៊ឺរ៉ុប (Champions League) ក្នុងយប់​ថ្ងៃអង្គារ​នេះ រវាង​ក្រុម​បាល់​ទាត់ ម៉ូណាកូ (AS Monaco) របស់​បារាំង និងក្រុម​មេនឆេស្ទ័រ ស៊ីធី (Manchester City) របស់​អង់គ្លេស។ ក្រុម​ មេនស៊ីធី រក​បាន​គ្រាប់បាល់​មុនក្រុម ម៉ូណាកូ មែន តែគ្រាប់​បន្តបន្ទាប់​មក គឺ​ក្រុម ម៉ូណាកូ ជាអ្នកនាំមុខ​ក្រុម​បាល់ទាត់​អង់គ្លេស (៣-២) នៅក្នុងកីឡាដ្ឋាន «City of Manchester Stadium (ផ្​ទះរបស់​ក្រុម មេនស៊ីធី)» រហូត​ដល់​៧០នាទី​ដំបូង នៃ​ការ​ប្រកួត។

ប៉ុន្តែ ចាប់ពីនាទីទី៧០ នោះមក ការប្រកួតបានក្រឡាប់ចាក់។ ក្រុមម៉ូណាកូ បានបាក់​កម្លាំង ធ្លាក់​ជើង បែក​ការគ្រប់​គ្រង ទៅ​លើ​បាល់ បើសូម្បីតែទាត់​បញ្ជូន ឲ្យកីឡាករ​គ្នាឯង​ក៏ដោយ។ ដោយ​ហេតុនេះ​ហើយ ទើប​​ក្រុម មេន​ស៊ីធី បាន​ឆ្លៀត​ឱកាស​នេះ ​បើក​ការ​វាយលុក យ៉ាងសន្ធាប់ រកបាន​គ្រាប់​បាល់ ៣​គ្រាប់​ផ្ទួនៗគ្នា ត្រឹម​តែ​រយៈ​ពេល​១១នាទី​ប៉ុណ្ណោះ។ គ្រាប់បាល់​ទាំងបីនោះ រកបាន​ដោយ​កីឡាករ «Agüero» នៅ​នាទី​ទី ៧១ កីឡាករ​ «John Stones» នៅ​នាទីទី ៧៧ និងដោយកីឡាករ «Leroy Sané» នៅនាទីទី ៨២។

ជ័យជំនះរបស់ក្រុមមេនស៊ីធី ដោយពិន្ទុ ៥ទល់នឹង៣នេះ មិនបានធ្វើឲ្យក្រុម ម៉ូណាកូ អស់សង្ឃឹមទេ ព្រោះ​គ្រាប់​បាល់​ទាំង ៣ ដែល​ក្រុមនេះ​រកបាន នៅខាង​ក្រៅ​ផ្ទះ ជាកម្លាំងផ្គួប​ដ៏ខ្លាំង​មួយ សម្រាប់​ការ​ប្រកួត «ត្រឡប់​ ឬជុំ​ទី២» នៅ​ថ្ងៃ​ទី១៥ ខែ​មីនា​ខាងមុខ នៅក្នុងកីឡាដ្ឋាន របស់ក្រុម​ម៉ូណាកូ (ក្នុងរាជាណាចក្រម៉ូណាកូ ខាង​ត្បូង​ប្រទេស​បារាំង)។

គ្រាប់បាល់ដ៏សន្ធឹកសន្ធាប់ របស់ក្រុម មែនស៊ីធី ក្នុងផ្ទះខ្លួនឯង មិនបានកើតឡើង ដោយភាពស្វិតស្វាញ ឬ​ការ​លេង​យ៉ាង​ល្អ ពីសំណាក់​កីឡាករ របស់លោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) នោះឡើយ។ ភាគ​ច្រើន​នៃ​គ្រាប់​បាល់ ដែល​ក្រុម មែនស៊ីធី រកបាន សុទ្ធសឹងតែ​បាន​កើតឡើង ដោយសារ​កំហុស​​របស់​ក្រុម ម៉ូណាកូ ក្រោម​ការ​ដឹកនាំ របស់​គ្រូ​បង្វឹក «» មក​ពី​ប្រទេស ព័រទុយហ្គាល់។ ហើយ នៅមាន​បាល់​​ពិន័យ ១១ម៉ែត្រ មួយ​គ្រាប់ ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​ដ៏ល្បី របស់ក្រុម ម៉ូណាកូ គឺកីឡាករ «Radamel Falcao» ទាត់​មិន​ចូល (ត្រូវ​អ្នក​ចាំទី របស់​ក្រុម មែនស៊ីធី លោត​ទៅ​ចាប់​បាន) នោះ​ទៀត។

គេត្រូវចាំមើល នៅការប្រកួតជុំក្រោយនេះម្ដងទៀត ដើម្បីដឹងពីលទ្ធផល​ចុង​ក្រោយ ថាតើក្រុម​ណា​មួយ ពិត​ជា​មាន​សមត្ថភាព សម្រាប់​ឡើងទៅវគ្គ ១ភាគ៤ ផ្ដាច់ព្រ័ត្រ នៃការប្រកួតដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប ឆ្នាំ​នេះ៕

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម មែនស៊ីធី និងក្រុមម៉ូណាកូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...