សួន សេរីរដ្ឋា៖ អ្នក​នយោបាយ​-ព្រះ គឺ​អ្នក​នយោបាយ​ព្រលឹង​ព្រាយ

បន្ថែមពីលើរឿងរ៉ាវ របស់អ្នកនយោបាយ-ព្រះ ដែលបាន​ចេញផ្សាយ ក្នុងពេល​កន្លងមករួច នៅ​ពេល​នេះ លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាចខ្មែរ បានបន្តរឿងរ៉ាវនេះ បន្ថែមទៀត ដោយ​សង្កត់​ធ្ងន់​ទៅ​លើ ​អ្នក​នយោបាយ​ណា ដែលតាំង​ខ្លួន​ជាព្រះ ជាឪ និង​ជាពិសេស អ្នកនយោបាយ ដែលពូកែសំដែង ធ្វើ​យំ​ហៀ​សំបោរ ទាំង​កន្ថោរៗ នៅ​មុខ​ពលរដ្ឋ។
សួន សេរីរដ្ឋា៖ អ្នក​នយោបាយ​-ព្រះ គឺ​អ្នក​នយោបាយ​ព្រលឹង​ព្រាយ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសំដី ទាក់ទងនឹង«អ្នកនយោបាយ-ព្រះ» នៅមិនទាន់ចប់ នៅឡើយ។ បន្ទាប់ពី​នាយក​វិទ្យុ​បារាំង-​អន្តរជាតិ ផ្សាយជាខេមរភាសារួច ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏បាន​បន្ថែម​ទស្សនៈ នៃ​ការ​យល់​ឃើញ​របស់​លោក ទៅក្នុងករណី​នេះ​ដែរ។ ប៉ុន្តែលោក បានសង្កត់​ធ្ងន់​ច្រើន នៅលើ​ក្រុម​អ្នក​នយោបាយ​ណា ដែល​តាំង​ខ្លួន ជា​ព្រះ ជា​ឪ និង​ពួក​អ្នកនយោបាយ ដែលពូកែ​ខាង​សំដែង ធ្វើយំ​ហៀ​សំបោរ ​ទាំង​កន្ថោរៗ នៅ​ចំពោះ​មុខ​ពលរដ្ឋ។

លោក សួន សេរីរដ្ឋា បានបង្ហើរសំណេរ​របស់ខ្លួន ទាក់ទង​នឹងរឿងនេះ នៅលើ​បណ្ដាញ​សង្គម​ថា៖ «ប្រទេស​ខ្មែរ ​ដែល​កើត​របប​ខ្មែរ​ក្រហម សម្លាប់រង្គាល​អាយុ​ជីវិត​ពលរដ្ឋខ្មែរ អស់រាប់​លាន​នាក់ គឺដោយសារ​តែ​ពលរដ្ឋ​ខ្មែរ នាំ​គ្នា​ជឿ លើ​អ្នក​នយោបាយ ដែលតាំង​ខ្លួន ជាព្រះ ជាឪ និង​ពួក​អ្នកនយោបាយ ដែលពូកែ​ខាង​សំដែង ធ្វើ​យំ​ហៀ​សំបោរ នៅមុខ​ពលរដ្ឋ​នេះ​ឯង!» ។

លើកឡើង ដោយមិនចំមុខ ប្រធានគណបក្សអំណាចខ្មែរ បានសរសេរ​ពន្យល់​ថា៖ «ពួកអ្នក​នយោបាយ​ដែល​តាំង​ខ្លួន ជា​ព្រះ ជា​ឪ និង​ពូកែ​សំដែង យំ​ទឹកភ្នែក ទឹកសំបោរ​នេះហើយ ដែលជាពួក​អ្នក​នយោបាយ​ព្រលឹង​ព្រាយ​នោះ។ ពួកព្រាយ តែងតាំង​ខ្លួនធ្វើជាព្រះ និងជាឪ លើមនុស្ស ហើយក៏​ពូកែ​យំយែក ទឹកភ្នែក ទឹកសំបោរ បោក​បញ្ឆោត​ឲ្យ​យើង​អាណិត​ពួកវាដែរ។ តែសូមកុំភ្លេចថា បន្ទាប់ពួកវា​បោកប្រាស់​យើង នៅខាង​មុខឆាក​បាន​ហើយ​ នៅ​ឯ​ខាង​ក្រោយ​ឆាកវិញ ពួកវាផឹកស៊ីឆ្ងាញ់ៗ គ្នាវា​យ៉ាងសប្បាយ។»។

កាលពីប៉ុន្មានថ្ងៃមុន ពាក្យ«អ្នកនយោបាយ-ព្រះ» ឬ«អ្នកនយោបាយ-ទេវតា» ត្រូវបានលោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ (Jean-François TAN) នាយកវិទ្យុបារាំង-អន្តរជាតិ ផ្សាយជាខេមរភាសា លើកយក​មក​និយាយ​ម្ដង​ហើយ នៅ​លើ​​បណ្ដាញ​សង្គម។ តែទស្សនៈ​ផ្ទាល់ខ្លួន របស់​លោក តាន់ ត្រូវបាន​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ហៅខ្លួនឯង ថាបក្សជួង) លើកយក​មក​រិះគន់ ដោយបាន​វាយតម្លៃ នាយក​វិទ្យុ​បារាំង​-អន្តរជាតិ​រ ថាមិនមាន​សមត្ថភាពយល់ ពីពាក្យ​ទាំង​អស់​នេះទេ។

» អានអត្ថបទដែលទាក់ទង៖ ខឹម វាសនា ថានាយក RFI គ្មាន​សមត្ថភាព​យល់​រឿង​អ្នក​នយោបាយ-ព្រះ

បើសិនជា គេត្រូវលើកពីករណី យំសោក ហៀទឹកភ្នែកទឹកសំបោរ របស់អ្នកនយោបាយ មកនិយាយ​វិញ​នោះ គេ​ច្បាស់​ជា​នឹក​ឃើញ​ឡើងវិញភ្លាម ពីការយំសោក សម្រក់ទឹកភ្នែក ដាក់ក្បាលមីក្រូ របស់លោក ខឹម វាសនា ដែល​បាន​កើត​ឡើង កាលពីសប្ដាហ៍មុន បន្ទាប់ពីក្រុមយុវជន សមាជិក​របស់​គណបក្ស​លោក ត្រូវបាន​អាជ្ញាធរ​ខេត្ត​កំពត ចាប់​ខ្លួន​នោះ​មក។

អ្នកនយោបាយម្នាក់ទៀត ដែលធ្លាប់បាន​យំយែក ផ្សាយតាមកញ្ចក់ទូរទស្សន៍ ពេញទឹកពេញដីបន្ទាប់មក គឺ​​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នោះតែម្ដង។ លោកហ៊ុន សែន ធ្លាប់បានយំ​ខ្សឺត​ខ្សត នៅបន្ទាប់​ពី​​ព្រឹត្តិការណ៍​​រត់​​ជាន់​​គ្នា នៅ​លើ​​ស្ពាន​​កោះ​ពេជ្រ កាលពីឆ្នាំ២០១០​កន្លង​ទៅ ដែលបណ្ដាល​ឲ្យមនុស្ស​ស្លាប់ ច្រើនរយនាក់។

នៅក្នុងប្រវត្តិសាស្ត្រខ្មែរទំនើប លោកសេនាប្រមុខ លន់ ណុល ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ រវាង​ពីឆ្នាំ​១៩៧០ មក​ទល់​នឹង​ឆ្នាំ ១៩៧៥ ក៏ត្រូវបានអ្នកស្និត​នឹងលោក ទម្លាយឲ្យ​ដឹងដែរថា លោកធ្លាប់​ជា​អ្នក​នយោបាយ​ខ្មែរ​ម្នាក់ ដែល​បាន​យំយែក សម្រក់ទឹកភ្នែក ជា​ច្រើនដង ជាពិសេសបន្ទាប់ពីលោក បានចាកចេញ​ពី​ប្រទេស ​នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ១៩៧៥។

នេះ គ្រាន់តែជាការរៀបរាប់ ត្រួសៗប៉ុណ្ណោះ។ តែចម្ងល់សួរថា តើអ្នកនយោបាយ ទាំងអស់​ខាង​លើ​នេះ​ឬ ដែល​​លោក សួន សេរីរដ្ឋា ចង់លើកមកនិយាយ និង​ចាត់​ទុក ជា​អ្នក​នយោបាយ​«ព្រលឹង​ព្រាយ»? បើ​​ដូច្នេះ​​មែន​នោះ ប្រធាន​គណបក្ស​​អំណាច​ខ្មែរ កំពុង​បំភ័យ​មនុស្ស ដែលខ្លាច​«​​ខ្មោច​-ព្រាយ​-បិសាច»​​ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...