ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស (PSG) បានលត់ក្រុមបាសឺឡូន (FC Barcelone) មហា​អំណាច​មួយ នៅ​ក្នុង​ពិភព​បាល់​ទាត់ ឲ្យ​លុត​ជង្គង់​ដោយ​ពិន្ទុ ៤ទល់នឹង០ ក្នុងវគ្គ១​ភាគ៨ផ្ដាច់​ព្រ័ត្រ នៃការ​ប្រកួត ដណ្ដើម​​ជើង​ឯក​អ៊ឺរ៉ុប (Champions League) នាយប់​ថ្ងៃអង្គារនេះ។ នៅក្នុង​ការប្រកួត ក្រុមកីឡាករប៉ារីស បានសង្កត់​ក្រុម ​ប៉ាសឺឡូន និង​លេង​មាន​ប្រៀប​ជាង សឹង​តែ​នៅ​គ្រប់​ចំណុច​ទាំងអស់។
ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)
ក្រុមកីឡាករបារីស បានលោតសប្បាយនៅក្រោមការប្រកួត បន្ទាប់ពីរកបានជ័យជំនះ ដ៏ត្រចះត្រចង់ លើក្រុម​បាសឺឡូន។ (រូបថត UEFA)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៤ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 15, 2017
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សឹង​ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតក្របខណ្ឌ ប្រកួតជើងឯកអ៊ឺរ៉ុប «Champions League» ដែល​ក្រុម​បាល់ទាត់មួយ បានផ្ដួលក្រុមមួយទៀត ក្នុងពិន្ទុ​រហូតដល់​ទៅ ៤គ្រាប់។ ប៉ុន្តែគេ​ត្រូវនិយាយថា ក្រុម​បាល់​ទាត់ បាសឺឡូន (FC Barcelone) បានលិចលង់​ស្រងមិនកើត សឹងតែនៅគ្រប់​ចំណុច នៅកណ្ដាល​​ទីលានប្រកួត​នៃ​កីឡាដ្ឋាន «Parc des Princes» របស់​រដ្ឋធានីប៉ារីស សម្រាប់​ការ​ប្រកួត «ទៅ ឬជុំទីមួយ» យប់​ថ្ងៃ​អង្គារ​ទី១៤ ខែ​កុម្ភៈ​នេះ ក្នុង​វគ្គ​១ភាគ៨ នៃ​ក្របខណ្ឌ។

ស្ថិតក្នុងការគ្របសង្កត់ ពីក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint germain) តាំង​ពី​នាទី​ដំបូង រហូត​ដល់​ទី​បញ្ចប់ នៃ​ការ​ប្រកួត ពិន្ទុដែលក្រុមបាសឺឡូន ទទួលបានក្នុងយប់នេះ ពិបាក​នឹង​សង្ឃឹម​ថា ក្រុម​មហា​អំណាច​បាល់​ទាត់​មួយ​នេះ អាចរកពិន្ទុ​ត្រឡប់​មកវិញ សម្រាប់ការប្រកួត «ត្រឡប់ ឬជុំទីពីរ» នាខែ​មិនា​ខាង​មុខ នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​នោះ​ណាស់។ បើទោះជាក្រុម​បាល់ទាត់ មកពីប្រទេស​អេស្ប៉ាញ មាន​កំពូល​​កីឡាករ​បីរូប ដែល​មាន​រហស្សនាម​រួម «MSN (Messi + Suares + Neymar)» នៅនឹង​ខ្សែប្រយុទ្ធ ហើយមាន​​កំពូល​កីឡា​ល្អៗ​​ផ្សេង​​ទៀត នៅ​​ខ្សែ​បម្រើ និងខ្សែការពារក៏ដោយ តែការពួតដៃគ្នា ស្អិតដូចម្រាមដៃ របស់​ក្រុម​កីឡាករ​ប៉ារីស បាន​ធ្វើ​ឲ្យ​ក្រុម​បាសឺឡូន រក​ចន្លោះ​មិន​បាន និងមាន​ឱកាស​ទាត់​សំដៅទី របស់ក្រុមប៉ារីស​បានតិចតួចបំផុត។

ក្រុមបាសឺឡូន មានឱកាសទាត់បញ្ចូលទី បាន៦ដង និងចំគោលដៅ បានតែម្ដងគត់ ខណៈ​ក្រុម​ប៉ារីស មាន​ឱកាស​ដល់​ទៅ ១៦ដង និងចំគោលដៅ មានចំនួន១០ដង (ក្នុង​នោះ គ្រាប់​បាល់​ចូលទី បាន៤គ្រាប់) ។ គ្រាប់​បាល់​របស់​ក្រុម​ប៉ារីស រកបានពីរគ្រាប់ (គ្រាប់ទី១ និងទី៣) ដោយ​កីឡាករ​អន្តរជាតិ មកពីប្រទេស​អាហ្សង់ទីន «Angel Di Maria» នៅ​នាទី​១៨ និងនៅនាទីទី៥៥ - មួយគ្រាប់ (គ្រាប់​ទី២) ដោយ​កីឡាករ​អន្តរជាតិ មក​ពី​ប្រទេស​អាល្លឺម៉ង់ «Julian Draxler» និងមួយ​គ្រាប់​ចុងក្រោយ (គ្រាប់ទី៤) ដោយ​កីឡាករ​អន្តរជាតិ មក​ពី​ប្រទេស​អ៊ុយរ៉ាហ្គាយ «Edison Cavani» នៅ​នាទី​ទី៧២។

គេត្រូវនិយាយដែរថា ក្រុមប៉ារីស បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹង​គ្រូបង្វឹកថ្មី ជាតិ​អេស្ប៉ាញ លោក​  អ៊ូណី អ៊េម៉េរី (Unai Emery) និង​កីឡាករ​ថ្មីៗ ដែលក្រុមនេះ​ទើប​នឹងទិញ-ផ្ទេរ​បាន ក្នុង​រដូវ​កាល​ចុង​ក្រោយ​បំផុត នៃ​ដើម​ឆ្នាំ​២០១៧នេះ។ ខ្សែការពារ​របស់ក្រុមនេះ ដែលមាន​សុទ្ធតែ​ ជា​កីឡាករ​​មាន​​ទេពកោសល្យ ក្មេងៗ ខ្ពស់ៗ និង​មាន​កម្លាំង​ដ៏ខ្លាំងនោះ បានសង់មហា​កំផែង​ដ៏រឹងមួយ មិន​ងាយ​ត្រូវ​បាន​ខ្សែប្រយុទ្ធ របស់​ក្រុម បាសឺឡូន ទាត់​បំបែក​បាន​ឡើយ។ កីឡាករក្រុមអេស្បាញ ដែលបានរកឱកាស ទម្លាយមហាកំផែងនេះ ម្ដងម្កាល​បាន មាន​តែ​កីឡាករ ណីម៉ា តែម្នាក់ប៉ុណ្ណោះ។

ផ្ទុយទៅវិញ ខ្សែបម្រើរបស់ក្រុមបាសឺឡូន ដែលមានកីឡាករ «Busquets» រួមនឹងកីឡាករ «Iniesta» ត្រូវ​បាន​កីឡាករ​ក្មេងៗ និង​រហ័សៗ (កីឡាករ Rabiot និង Verratti) របស់​ក្រុម​ប៉ារីស​គាបជាប់។ ចំណុច​សំខាន់​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ក្រុម​ប៉ារីស មានប្រៀប​ជាងក្រុម បាសឺឡូន នោះ គឺ​ល្បឿន​ចុះ​មក​ទប់ទល់ និង​ល្បឿន​វាយ​​បក​​ទៅ​​វិញ របស់កីឡាករ​ក្រុម ប៉ារីស ប្រៀបបាន​នឹងខ្យល់ព្យុះ។ ដូចជានៅក្នុង​គ្រាប់​បាល់ទី៤ (នាទីទី៧២) កីឡាករ​ខ្សែ​ការពារ «Thomas Meunier» បានដណ្ដើមបាល់បាន ពីក្នុងតំបន់ក្បែរ​ទីរបស់ខ្លួន ហើយបាន​រត់​​ឆ្លង​កាត់ សឹង​​ពេញ​​មួយ​ទីលាន យ៉ាង​លឿន មុន​នឹង​​បញ្ជូន​បាល់ ទៅឲ្យខ្សែប្រយុទ្ធ​​របស់​​ខ្លួន គឺ​កីឡាករ «Edison Cavani» ដើម្បី​ម្រេច​ជោគ​​វាសនា​​ជា​ស្ថាពរ ដោយ​ពិន្ទុ​៤ទល់​នឹង០ ទៅលើ​ក្រុម បាសឺឡូន៕

» វីដេអូសង្ខេប នៃការប្រកួត៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...