ណីម៉ា នាំ​ជ័យជំនះ​ឲ្យ​ក្រុម​ប៉ារីស មុន​ទៅ​ជួប រៀលម៉ាឌ្រីត

កំពូលកីឡាករពិភពលោក ជាតិប្រេស៊ីល បានរកគ្រាប់បាល់ ឲ្យក្រុមប៉ារីស (Paris Saint Germain ) បានមួយគ្រាប់ ដើម្បីយកឈ្នះលើក្រុម ទូលូស្ស៍ (Toulouse FC) ខណៈចំនួនកីឡាករក្រុមប៉ារីស ត្រូវបានកាត់បន្ថយ ឬទុកសន្សំកម្លាំង ដើម្បីរង់ចាំជួបជាមួយ ក្រុមរៀលម៉ាឌ្រីត (Real Madrid) ក្នុងក្របខណ្ឌជើងឯកអ៊ឺរ៉ុប (Champions League) នៅថ្ងៃពុធខាងមុខ។
ណីម៉ា នាំ​ជ័យជំនះ​ឲ្យ​ក្រុម​ប៉ារីស មុន​ទៅ​ជួប រៀលម៉ាឌ្រីត
កីឡាករ ណីម៉ា របស់ក្រុមប៉ារីស។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 11, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើកីឡាករសំខាន់មួយចំនួន ត្រូវបានរក្សាទុក ដើម្បីយកកម្លាំងសម្រាប់ការប្រកួតធំ នៅថ្ងៃពុធខាងមុខនោះ សម្រាប់កីឡាករ ណីម៉ា (Neymar) វិញ ហាក់ដូចជា​ មិនបានថមថយកម្លាំង​អ្វីសោះ។ បួនថ្ងៃមុនជំនួបជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្រុមប៉ារីស (Paris Saint Germain) ត្រូវជួបជាមួយក្រុម ទូលូស្ស៍ ក្នុងល្ងាចថ្ងៃសៅរ៍នេះ ដែលជាការប្រកួត ក្របខណ្ឌជើងឯកបូកពិន្ទុ «Ligue 1» នៃប្រទេសបារាំង ខណៈគ្រាប់បាល់តែមួយគ្រាប់ ដែលធ្វើឲ្យក្រុមប៉ារីស ទទួលបានជ័យជំនះ ជាគ្រាប់បាល់រកបានដោយកីឡាករ ណីម៉ា នេះតែម្ដង។

និយាយឲ្យចំទៅ គ្រប់ក្រុមបាល់ទាត់ ដែលត្រូវជួបជាមួយក្រុមប៉ារីស ទោះនៅក្នុងក្របខណ្ឌជាតិ ឬក្របខណ្ឌអ៊ឺរ៉ុបក្ដី សុទ្ធតែបានត្រៀមនូវ យុទ្ធសាស្ត្រដ៏ខ្លាំងក្លា ដើម្បីទប់ជាមួយក្រុមបាល់ទាត់ ដែលជាប់ចំណាត់ថ្នាក់លើគេ នៅក្នុងប្រទេសបារាំង។ ក្រុមទូលូស្ស៍ក៏មិនខុសពីគេដែរ។ ការបណ្ដើរបាល់របស់បណ្ដាកីឡាករក្រុមប៉ារីស ទៅរកទីរបស់គូប្រកួត ធ្វើឡើងយ៉ាងពិបាក ហើយគ្រាប់បាល់ច្រើនគ្រាប់ បើទោះជា ត្រូវបានទាត់ចំទិសដៅក៏ដោយ ក៏សុទ្ធតែត្រូវបានទះចេញ ដោយអ្នកចាំទីរបស់ក្រុមទូលូស្ស៍ដែរ។

ក្រុមប៉ារីស ត្រូវរង់ចាំរហូតដល់នាទីទី៦៨ ទើបកីឡាករ ណីម៉ា ទទួលបានបាល់ពីកីឡាករ ឌីម៉ារីយ៉ា (Angel DI MARIA) ហើយបណ្ដើរពញ៉ាក់ដាក់ខ្សែការពារក្រុម ទូលូស្ស៍ មុននឹងរកឱកាស ទាត់បាល់មួយគ្រាប់នេះ ទៅប៉ះជើងកីឡាករម្នាក់ទៀត ឲ្យធ្លាយចូលដល់សំណាញ់ទី។

ជាមួយនឹងជ័យជំនះលើកនេះ ក្រុមប៉ារីស រកបាន៦៥ពិន្ទុ នាំមុខ១២ពិន្ទុ ពីលើក្រុមម៉ូណាកូ (Monaco FC) ដែលបានឡើងមកចំណាត់លេខពីរ បន្ទាប់ពីបានប្រកួតឈ្នះក្រុម អង់ហ្សេ (Angers SCO) ៤ទល់នឹង០ ក្នុងយប់ថ្ងៃនេះដដែល។

សម្រាប់ក្រុម រៀលម៉ាឌ្រីត វិញ ក៏រកបានស្នាមញញឹមដែរ ព្រោះបានបញ្ចាប់ការប្រកួត នៅមុននេះបន្តិច ដោយយកឈ្នះក្រុម «Real Sociedad» ក្នុងពិន្ទុ ៥ទល់នឹង២។ កំពូលកីឡាកររបស់ក្រុម គឺកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) រកគ្រាប់បាល់តែម្នាក់ឯង បានចំនួនបីគ្រាប់។ ជាជ័យជំនះ ដែលបង្កទំនុកចិត្តខ្ពស់ សម្រាប់ក្រុមអ្នកជិះសេះស មុននឺងជួបជាមួយក្រុមប៉ារីស នៅថ្ងៃពុធខាងមុខ។ ក្របខណ្ឌជើងឯកអ៊ឺរ៉ុប «Champions League» ជាក្ដីសង្ឃឹមតែមួយគត់របស់ក្រុមរៀល ដើម្បីសង្គ្រោះរដូវកាលរបស់ខ្លួន បន្ទាប់ពីក្រុមនេះ បានទាត់ចាញ់ជាបន្តបន្ទាប់ ហើយត្រូវបានជម្រុះចេញ ពីក្របខណ្ឌប្រកួត ថ្នាក់ជាតិទាំងអស់នោះមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...