ដក​កាំបិត​ចាក់​​ទាហាន​ រួចស្រែក«ព្រះអាឡាហ៍ធំធេងណាស់»

ទាហានបារាំងមួយរូប បានផ្ទុះអាវុធឡើង ទៅលើបុរសម្នាក់ ដែលបានព្យាយាម ប្រើអំពើហិង្សា មក​លើ​ខ្លួន ​ជា​មួយ​នឹង​កាំបិត «សស្ងាច» នៅ​នឹង​ដៃ។ ការវាយប្រហារ បានកើតឡើង នៅព្រឹក​ថ្ងៃ​សុក្រ​នេះ នៅក្បែរ​សារមន្ទីរ ​លូវ្រ៍ (Louvre) កណ្ដាល​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង និងត្រូវបាន​ចាត់ទុក ថាមានចរឹត ដូចអំពើ​«ភេរវកម្ម»។
ដក​កាំបិត​ចាក់​​ទាហាន​ រួចស្រែក«ព្រះអាឡាហ៍ធំធេងណាស់»
ទិដ្ឋភាពនៅខាងមុខសារមន្ទីរ លូវ្រ៍ នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតក្រសួងមហាផ្ទៃ)
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 03, 2017
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសម្នាក់ បានបើកការ​វាយប្រហារ ទៅលើទាហានដើរល្បាតមួយរូប ដោយប្រើកាំបិត «សស្ងាច» នៅ​នឹង​ដៃ និង​ដោយ​ស្រែក​ឡើង​ថា «Allah Akbar = ព្រះអាឡាហ៍ធំធេងណាស់» ។ ការប្រើ​អំពើ​ហិង្សានេះ បាន​កើត​ឡើង នៅ​ក្បែរ​សារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅព្រឹក​ថ្ងៃសុក្រ​នេះ។ ប៉ុន្តែ​បុរស​ម្នាក់​នេះ ត្រូវបានទាហានរូបនោះ ផ្ទុះអាវុធការពារខ្លួន បណ្ដាលឲ្យបុរស រងរបួសជាទម្ងន់។ ជាសកម្ម​ភាព​វាយ​​ប្រហារ​មួយ ដែលមានចរឹត ដូចអំពើភេរវកម្ម បើតាមនាយករដ្ឋមន្ត្រី​បារាំង លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve)។

ស្នងការ​នគរបាលរដ្ឋធានី លោក មីឆែល កាដូត៍ (Michel Cadot) បានថ្លែងឲ្យដឹងថា ទាហាន​រង​គ្រោះ បា​នរង​របួស​ស្រាល ខណៈ​ជន​ដៃដល់ បានរង​របួស​ធ្ងន់ នៅត្រង់​ពោះ។ លោក កាដូត៍ បាន​បន្ត​ថា៖ «បន្ទាប់​ពី​បាន​ឆែក​ឆេរ នៅក្នុង​ស្បោង​ស្ពាយ​ជាប់​ខ្នង របស់ជននេះរួច យើងបានដឹងថា មិនមាន​គ្រឿង​ផ្ទុះ នៅក្នុង​នោះ​ទេ»។

លោក កាដូត៍ បានរៀបរាប់ថា ជនដៃដល់ ដែលយ៉ាងហោច ប្រដាប់ដោយកាំបិត«សស្ងាច»មួយ បាន​រត់​សំដៅ​ចូល​ទៅកាន់​កង​កម្លាំងនគរបាល និងទាហាន ដែលកំពុង​យាម​ល្បាត នៅតាម​ផ្លូវ​ដើ​រ​ក្រោមដី នៃ​សារមន្ទីរ មុន​​នឹង​​ធ្វើ​​សកម្មភាព ដោយ​ស្រែក​ឡើងថា «Allah Akbar = ព្រះអាឡាហ៍ធំធេងណាស់»។ ទាហាន​ដែល​​រង​​ការ​​វាយ​​ប្រហារ បាន​ផ្ទុះ​អាវុធ​ឡើង ចំនួន៥គ្រាប់ ហើយបានបាញ់​ចំពោះ របស់ជន​ដៃដល់។

ពាក្យ​បួន​ម៉ាត់​នេះ តែងត្រូវបានសកម្មជន​អ៊ីស្លាមជ្រុល​​និយម​​​ទាំង​​ឡាយ ​ស្រែក​​ឡើង នៅ​ពេល​​ពួកគេ​​​ធ្វើ​​សកម្ម​ភាព​​​អ្វី​មួយ។ លោកស្នងការ បានបន្តថ្លែង​ទៀត​ថា៖ «ជនដៃដល់ បានធ្វើសកម្មភាព​មួយ ដែល​មាន​បំណង​យ៉ាង​ច្បាស់ ក្នុងការបង្កើត​​ឲ្យមានហិង្សា និងបានលើកឡើង​​ពី​​ពាក្យសំដី ដែលធ្វើឲ្យគិតថា ខ្លួនមា​នបំណងចង់ធ្វើសកម្មភាព នៅក្នុងក្របខណ្ឌ នៃអំពើភេរវកម្ម»។

លោក កាដូត៍ បានបញ្ជាក់បន្ថែមថា ទេសចរណ៍ និងអ្នកទស្សនា ដែលមានវត្តមាន ប្រមាណ​ជា២៥០នាក់ នៅ​ក្នុង​សារមន្ទីរ ចំពេល​កើតហេតុ ត្រូវបាន​ជម្លៀស​ភ្លាមៗ ចេញទីកន្លែង​កើតហេតុ និង​បញ្ជូន នៅក្នុង​ផ្នែក​ម្ខាង​ទៀត ដែល​មាន​សុវត្ថិភាព នៃ​សារមន្ទីរ។

កងកម្លាំងនគរបាល និងអាវុធហត្ថ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវបាន​បញ្ជូន​ទៅ​ដាក់​ពង្រាយ នៅ​ក្នុង និង​នៅ​ជុំវិញ​សារមន្ទីរ។ អ្នក​សារព័ត៌មាន​មួយរូប ដែលមានវត្តមាន​ផ្ទាល់កន្លែង បានឲ្យ​ដឹងថា កងកម្លាំង​​ទាំង​​នោះ ​មាន​​ពាក់​​អាវ​ក្រោះ និង​ប្រដាប់​​ដោយ​អាវុធ ប្រតិកម្ម​ធុន​ធ្ងន់ នៅ​នឹង​ដៃ។ ចរាចរណ៍ឆ្លងកាត់ និងនៅក្បែរ​សារមន្ទីរ ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...