ហ្សីដាន ប្រកាស​ចាកចេញ​ពី រៀលម៉ាឌ្រីត យ៉ាង​ភ្ញាក់ផ្អើល

ប៉ុន្មានថ្ងៃក្រោយជ័យជំនះ ក្របខណ្ឌ «Champions League» សម្រាប់រដូវកាលទី៣ ជាប់ៗគ្នារួច គ្រូបង្វឹកក្រុម រៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) បានប្រកាសចាកចេញ ពីក្រុមបាល់ទាត់ ទាំងមិនមានហេតុផលអ្វីច្បាស់លាស់។ លោក ហ្សីដាន់ បានប្រកាសដូច្នេះ ដោយខ្លួនលោក នៅក្នុងសន្និសីទសារព័ត៌មាន ដ៏ភ្ញាក់ផ្អើលមួយ នៅមុននេះបន្តិច។
ហ្សីដាន ប្រកាស​ចាកចេញ​ពី រៀលម៉ាឌ្រីត យ៉ាង​ភ្ញាក់ផ្អើល
ពីឆ្វេងទៅស្ដាំ៖ លោក ហ្សីណាឌីន ហ្សីដាន និងកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ។ (រូបថត AFP)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 31, 2018
  • ប្រធានបទ: បាល់ទាត់អេស្ប៉ាញ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាព្រឹត្តិការណ៍​ដ៏រំជើបរំជួល ដែលបានកើតឡើង នៅរសៀលនេះ ក្នុងពិភព​បាល់ទាត់អ៊ឺរ៉ុប។ លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) គ្រូបង្វឹកដែលបាននាំ​ពាន​យ៉ាងច្រើន មកឲ្យក្រុម​ រៀលម៉ាឌ្រីត (Real Madrid) នៅក្នុងរយៈពេល៣ឆ្នាំ ជាប់ៗគ្នានេះ បានសម្រេចចិត្ត​ចាកចេញពីក្រុម នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំធ្វើ យ៉ាងតក់ក្រហល់ កាលពីមុននេះបន្តិច។

លោក «Florentino Pérez» ប្រធានក្រុម រៀលម៉ាឌ្រីត នៅអង្គុយ​ក្នុងសន្និសីទសារព័ត៌មាន​ដែរ​នោះ បានថ្លែងថា៖ «ហ្សីណាឌីន បានមកជួបខ្ញុំ កាលពីថ្ងៃពុធម្សិលម៉ិញ ហើយបានប្រាប់ខ្ញុំ ពីការសម្រេចចិត្តមួយ ដែលមិននឹកស្មានដល់។ នៅពេលដែលគាត់ បានសម្រេចចិត្តហើយនោះ គេមានតែយល់ព្រមតាមប៉ុណ្ណោះ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ តែខ្ញុំចង់ផ្ដល់ជូនគាត់ នូវការគោរពដ៏ជ្រាលជ្រៅ​របស់ខ្ញុំ។ ក្រុម រៀល នឹងជាផ្ទះរបស់គាត់ ជារៀងរហូតទៅ។»។ 

លោក ហ្សីដាន ជាតិបារាំង ដែលមាន​អាយ៤៥ឆ្នាំ បានបន្តកិច្ចសន្យា​របស់លោក ក្នុងតំណែងជាគ្រូបង្វឹក នៅក្រុមរៀល រហូតដល់ឆ្នាំ២០២០ខាងមុខ។ ជ័យជំនះរបស់លោក នៅក្នុងជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាលនេះ បានជួយសង្គ្រោះលោក ពីបរាជ័យទាំងឡាយ ដែលក្រុមរៀល ទទួលបាន នៅក្នុងប្រទេសអេស្ប៉ាញ។​ ហើយជ័យជំនះនេះ ក៏បានជួយឲ្យក្រុម រៀល បានក្លាយជាក្រុមដំបូងគេ ដែលឈ្នះ​ជាជើងឯក​អ៊ឺរ៉ុប  ដល់ទៅ ៣រដូវកាលជាប់គ្នា នោះដែរ។

គ្រូបង្វឹក ដែលធ្លាប់ទាត់ឈ្នះ ពានបាល់ទាត់​ពិភពលោក ជាមួយក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ១៩៩៨ បានថ្លែងនៅក្នុងសន្និសីទកាសែតថា៖ «ខ្ញុំបានសម្រេចចិត្ត ក្នុងការមិនបន្តនៅជាគ្រូបង្វឹក របស់ក្រុម រៀលម៉ាឌ្រីត សម្រាប់ឆ្នាំខាងមុខទៀត។ អ្វីដែលខ្ញុំគិត គឺក្រុមនេះ ត្រូវបន្តយកជ័យជំនះទៀត ហើយវាជាឱកាសមួយ។ បន្ទាប់ពីបាននៅទីនេះ អស់រយៈពេល៣ឆ្នាំមក ខ្ញុំគិតថា ក្រុម រៀល ចាំបាត់ត្រូវមានការផ្លាស់ប្ដូរ។»។

លោក ហ្សីដាន បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងមិនទៅបង្វឹក​ក្រុមណាផ្សេង ក្នុងពេលភ្លាមៗនេះទេ ប៉ុន្តែលោកបានបញ្ជាក់ថា លោកបានប្រាប់ទៅក្រុមកីឡាករទាំងអស់ ពីការសម្រេចចិត្តរបស់លោក។ លោកថា៖ «ខ្ញុំបាននិយាយ ជាមួយ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) រួចហើយ»។

ការចាកចេញរបស់លោក ហ្សីដាន បានធ្វើឲ្យលោក ក្លាយជាគ្រូបង្វឹកដំបូងគេ របស់ក្រុម រៀល ដែលបានសម្រេចចិត្ត​ចាកចេញ ដោយខ្លួនឯង តែមិនមែនជាគ្រូបង្វឹក ដែលត្រូវបានក្រុម រៀល ដេញចេញនោះទេ។ ក្រុមអ្នកវិភាគបាល់ទាត់ គិតថា ការសម្រេចចិត្តចាកចេញ នៅពេលនេះ អាចជារូបភាព និងឱកាសដ៏ល្អមួយ សម្រាប់លោក ហ្សីដាន ខ្លួនលោក ជាជាងលោកអាច នឹងត្រូវបានក្រុម រៀល ដេញចេញ នៅរដូវកាលខាងមុខ បើទោះជាលោក មានកិច្ចសន្យាធ្វើជាគ្រូបង្វឹក របស់ក្រុម រៀល រហូតដល់ឆ្នាំ២០២០ នោះក៏ដោយ៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...