ហ៊ុន សែន លាប​ពណ៌​ឲ្យ​អ្នក​កាសែត ដែល​មិន​​ត្រូវ​បាន​អញ្ជើញ

ទំនងជាចង់បន្ថយទំងន់ នូវការរិះគន់ដែលលើកឡើងថា កម្មវិធីជួបជាមួយអ្នកសារព័ត៌មាន របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងជាមួយតែក្រុមអ្នកសារព័ត៌មាន «រណប»​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​នោះ លោកនាយករដ្ឋមន្ត្រី បានធ្វើការ​អភ័យទោស ដែល​មិន​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន ពី​គ្រប់​ស្ថាប័ន នៅ​ក្នុង​ឆ្នាំនេះ។ ប៉ុន្តែ​បណ្ដា​អ្នក​សារព័ត៌មាន​​មួយ​ភាគ (ឬទាំងអស់) ដែល​មិន​ទទួល​បាន​ការ​អញ្ជើញនោះ ត្រូវលោក ហ៊ុន សែន លាប​ពណ៌​ឲ្យថា ជា​អ្នក​សារព័ត៌មាន​«បក្សប្រឆាំង»។
ហ៊ុន សែន លាប​ពណ៌​ឲ្យ​អ្នក​កាសែត ដែល​មិន​​ត្រូវ​បាន​អញ្ជើញ
លោក ហ៊ុន សែន និងភរិយា នៅក្នុង «ពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក» កាល​ពី​យប់​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៧
  • កែប្រែចុងក្រោយ: January 14, 2017
  • ប្រធានបទ: លាបពណ៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកសារព័ត៌មាន​ដែលបានចូលរួមពិធី «ពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយអ្នក​សារព័ត៌មាន​ក្នុងស្រុក» នៅយប់​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា ជាអ្នក​សារព័ត៌មាន​​«ធម្មតា» ទោះ​អ្នក​សារព័ត៌មាន​ខ្លះ​ទាំងនោះ រងការរិះគន់ថា ជាអ្នកសារព័ត៌មាន​«អែបអប»​រដ្ឋាភិបាល ឬមាននិន្នាការ ស្និតនឹងគណបក្សប្រជាជនកម្ពុជា របស់​លោក​ក៏ដោយ។ សម្រាប់​អ្នកសារព័ត៌មាន​ដទៃ​ទៀត (ទោះមួយចំនួន ឬទាំងអស់ក៏ដោយ) ដែល​​មិនទទួលបានការអញ្ជើញ ឲ្យចូលរួម​ក្នុង​ពិធីនេះ ត្រូវ​បាន​លោក ហ៊ុន សែន លាបពណ៌ឲ្យថា ជា​«អ្នក​សារព័ត៌មាន​​បក្ស​ប្រឆាំង»។

តែអ្នកសារព័ត៌មាន ដែលតែងហៅខ្លួនឯងថា ជាអ្នកសារព័ត៌មាន«ឯករាជ្យ» យកការណ៍អ្វីៗតែង​មិន​ស្រប​នឹង​រដ្ឋាភិបាល ឬគណបក្ស​ប្រជាជនកម្ពុជានោះ ក៏សូមកុំបារម្ភថ្វី ដ្បិតលោក ហ៊ុន សែន បានសរសេរសន្យា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោកថា រដ្ឋាភិបាល​លោក នឹងអញ្ជើញអ្នកសារព័ត៌មាន «បក្សប្រឆាំង» ទាំងនោះ ឲ្យមក​ចូលរួម​ក្នុង​«ពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក» នៅថ្ងៃនេះដដែល នា​ឆ្នាំ​ក្រោយៗ​ទៀត។ សូមប្រយ័ត្ន នៅត្រង់ពាក្យមួយ​របស់លោក ហ៊ុន សែន ដែលបង្កឲ្យមាន នូវ​ភាព​មន្ទិល​នៅ​ឡើយ៖ «អាច»។

«គឺយើង... គឺយើង... គឺយើង...»

នាយករដ្ឋមន្ត្រី​​បី​​ទសវត្ស​ជាង​នៅ​កម្ពុជា បានសរសេរថា៖ «ឆ្នាំក្រោយ គឺយើងអាចអញ្ជើញ​បងប្អូន​អ្នក​សារព័ត៌មាន ពី៣ទៅ៤ពាន់​នាក់ ក្នុងនោះ គឺយើងនឹងអញ្ជើញសារព័ត៌មានបក្សប្រឆាំង ចូលរួមពេញទី នៅទីនេះ។ យើង​រស់នៅ​ក្នុងប្រទេសតែមួយ ទោះបីយើង​មាន​ទស្សនៈ​ខុសគ្នា ដូចជាអ្នកខ្លះគាំទ្ររដ្ឋាភិបាល អ្នកខ្លះ​គាំទ្រ​បក្ស​ប្រឆំាង គឺ​យើង​អាច​ជួប​គា្ន​បាន។»។

ក្រុមអ្នកសារព័ត៌មាន ដែលមិនត្រូវបានគេអញ្ជើញ ឲ្យចូលរួមពិធីជួបជុំ «ផឹកស៊ីរាំរែក» ជាមួយនាយករដ្ឋមន្ត្រីនេះ មានជាអាថ៌ អ្នក​សារព័ត៌មាន​របស់ស្ថាប័ន វិទ្យុអាស៊ីសេរី (RFA) វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ជា​ដើម។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ តែងយកព័ត៌មានភាគច្រើន ពីចំណុច​អសកម្ម​នៅ​ក្នុង​សង្គម វិស័យ​នយោបាយ ឬពីហេតុការណ៍ ដែលបណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងទៀតមិនធ្វើ (មិនហ៊ាន ឬ​មិន​ចង់​ធ្វើ)។

មិនត្រឹមតែបានលាបពណ៌ ឲ្យអ្នកសារព័ត៌មាន ដែលមានទស្សនៈខុសពីលោក ឬមិនគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះទេ តែលោក ហ៊ុន សែន នៅ​បាន​តាំងខ្លួនជា«គ្រូបង្រៀន» សម្រាប់​អ្នក​សារព័ត៌មាន​នោះទៀត។ ទាំង​នៅ​ក្នុង​ពិធី​ជួបជុំ ទាំងនៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានធ្វើការណែនាំ ដោយលើកឡើងថា៖ «សំខាន់ណាស់​សម្រាប់​អ្នក​សារព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់​ហេតុការណ៍។ គ្មានអ្នកណា​អាន​ព័ត៌មាន​ផ្អូម​ទេ។ អ្នក​សារព័ត៌មាន ​គឺ​មិន​ត្រូវ​ធ្វើខ្លួន ​ជា​អ្នក​អត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជា​ចៅក្រម​ផង។ ត្រូវស្គាល់​តួនាទី​ខ្លួន កុំ​ធ្វើការ​សន្និដ្ឋានបិទផ្លូវ។ អ្នកសារព័ត៌មាន គឺកុំធ្វើការដោះដូរ បំបិទព័ត៌មាន ជាមួយនឹងលុយកាក់។ ទន្ទឹម​​នឹង​នេះ សូម​អ្នក​សារព័ត៌មាន ត្រូវរៀន អំពីរបៀបសួរសំណួរ។ សូមបន្តពង្រឹង ការបណ្តុះបណ្តាលធនធាន អ្នក​សារព័ត៌មាន។ សារព័ត៌មានល្អ បើ​មាន​ការ​ថ្លោះធ្លោយ គឺត្រូវការ​សុំ​កែតម្រូវ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...