វិទ្យុអាស៊ី​សេរី ថា​ប្រភព​ព័ត៌មាន​ខ្លួន​រង​ការ​គម្រាម​កំហែង

សេចក្ដីថ្លែងការណ៍ របស់ស្ថាប័នវិទ្យុអាស៊ីសេរី ដែលទើបនឹងចេញផ្សាយ ក្នុងថ្ងៃទី៩ ខែមីនានេះ បានត្អូញត្អែរថា ស្ថានភាពនៃស្វែង​រកព័ត៌មាន«ពិត» ដើម្បីផ្ដល់ជូនប្រិយមិត្តអ្នកស្ដាប់របស់ខ្លួន បានជួបនូវឧបសគ្គយ៉ាងច្រើន។ ឧបសគ្គទាំងនោះ កើតឡើងដោយសារប្រព័ន្ធផ្សព្វផ្សាយ និងប្រភពផ្ដល់ព័ត៌មាន ត្រូវបានរដ្ឋាភិបាល​រឹតបន្តឹង។
វិទ្យុអាស៊ី​សេរី ថា​ប្រភព​ព័ត៌មាន​ខ្លួន​រង​ការ​គម្រាម​កំហែង
លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី។ (រូបថត លើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 09, 2018
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ថាប័នវិទ្យុអាស៊ីសេរី ដែលមានទីតាំងក្នុងរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក) បានពន្យល់ពីឧបសគ្គ ដែលបានកើតឡើង ក្នុងការស្វែងរកព័ត៌មាន គឺដោយសារ «ប្រភព​ផ្តល់​ព័ត៌មាន (...) សុទ្ធ​តែ​រងការ​គម្រាម​ អ្នកខ្លះ​រងការ​គម្រាម​កំហែង ដល់​អាយុជីវិតថែមទៀតផង ដោយសារ​តែ​ព្យាយាម ​ផ្តល់​ព័ត៌មានពិត ឲ្យ​វិទ្យុ»។

សេចក្ដីថ្លែងការណ៍ ចេញផ្សាយក្នុងថ្ងៃនេះ ដោយវិទ្យុអាស៊ីសេរី ដែលជាវិទ្យុមួយ ផ្ដល់ថវិកាដោយសភាអាមេរិកនោះ បានឲ្យដឹងទៀតថា៖ «ខាង​អាជ្ញាធរវិញ មិន​ត្រឹម​តែ​មិន​ចង់​ផ្តល់​ព័ត៌មាន ​ដល់​វិទ្យុយើង​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ព្យាយាម​ បន្សាប​ភាពទុកចិត្ត​ នៃព័ត៌មាន​ពិត ដែល​អាស៊ីសេរី ខិតខំ​រាយការណ៍​ ជូន​ពលរដ្ឋ​ទូទៅថែមទៀត​ផង»។

ការប្រកាសឡើង របស់វិទ្យុអាស៊ីសេរី បានធ្វើឡើង ក្រោយហេតុការណ៍ នៃការផ្ទុះអាវុធមួយ កាលពីព្រឹក​ថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមីនា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ រវាងក្រុមកម្លាំងប្រដាប់អាវុធ និងក្រុមពលរដ្ឋ ក្នុងជម្លោះដីធ្លី ដ៏ចម្រូងចម្រាសមួយ។

សេចក្ដីរាយការណ៍បឋម របស់វិទ្យុខាងលើ ដែលស្រង់ប្រភព ពីពលរដ្ឋនៅផ្ទាល់កន្លែង បានអះអាងថា ព្រឹត្តិការណ៍ដ៏រន្ធត់ បានបង្កឲ្យមានមនុស្សស្លាប់ ចំនួន៦នាក់ និងមនុស្សរបួសច្រើនសិបននាក់។ តុល្យភាពនេះ ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន អះអាងដូចគ្នាដែរ។ ធ្ងន់ធ្ងរជាងនេះ វិទ្យុអាស៊ីសេរីបានអះអាងជាថ្មី នៅថ្ងៃនេះ ការផ្ទុះអាវុធបាន​បណ្ដាល​ឲ្យពលរដ្ឋស្លាប់ រហូតដល់៨នាក់។

ប៉ុន្តែសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយរដ្ឋបាលខេត្តក្រចេះ បានបដិសេធចំនួនមនុស្សស្លាប់ និងអះអាងថា មានមនុស្សរបួស តែ៩នាក់ ពីរនាក់ជាពលរដ្ឋ និង៧នាក់ទៀត ជាកងកម្លាំងអាជ្ញាធរ។ សេចក្ដីប្រកាសព័ត៌មាននេះ ត្រូវបានសារព័ត៌មានក្នុងស្រុក ដែលគេស្គាល់ថា ជាប្រដាប់ឃោសនា ឲ្យគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន យកមកផ្សាយព្រោងព្រាត ដោយធ្វើការចំអក ទៅនឹងរបាយការណ៍បឋម ដែលចេញផ្សាយថា មានមនុស្សស្លាប់-របួសច្រើននាក់។

ស្ត្រីម្នាក់ដែលបានផ្ដល់បទសម្ភាស ទៅឲ្យវិទ្យុអាស៊ីសេរី នៅក្រោយពេលកើតហេតុនោះ ត្រូវបានអាជ្ញាធរហៅទៅសាកសួរ មុននឹងចេញមកប្រកាស ប្រាប់សារព័ត៌មានក្នុងស្រុកជាថ្មី នៅថ្ងៃនេះវិញ ថា«គ្មានមនុស្សស្លាប់»ទេ។ ការលើកឡើងជាថ្មី មានភាពផ្ទុយស្រឡះ ពីការថ្លែងរបស់ស្ត្រីរូបនោះ ដែលបានអះអាងប្រាប់វិទ្យុអាស៊ីសេរី និងសារព័ត៌មានឯករាជ្យផ្សេងទៀត កាលពីម្សិលម៉ិញ ថាបានឃើញដោយផ្ទាល់ភ្នែក ពលរដ្ឋពីរនាក់ ស្រីម្នាក់ប្រុសម្នាក់ និងពលរដ្ឋ​៤នាក់​ផ្សេងទៀត ត្រូវបានបាញ់សម្លាប់។

សេចក្ដីថ្លែងការណ៍ របស់វិទ្យុអាស៊ីសេរី បានបន្តទៀថា៖ «ទោះជា​ស្ថិត​ក្នុង​ស្ថានភាព ដ៏លំបាកលំបិន​យ៉ាង​នេះក្តី ក៏អាស៊ីសេរី នឹង​មិន​បោះបង់​ការ​ប្តេជ្ញាចិត្ត និង ខិតខំ​បន្តពុះពារ ​ស្វែង​រក​ព័ត៌មាន​ពិត ឲ្យ​បាន​ទៅតាម​លទ្ធភាព ​ដែលអាចធ្វើទៅបាន ដើម្បី​ផ្សាយ​ជូន​ពលរដ្ឋ​ខ្មែរ និងពិភពលោក ឲ្យ​បានជ្រាប​អំពី​ស្ថានភាពជាក់ស្តែង ​ដែលកំពុង​កើត​មាន និងដែល​ត្រូវបាន​ប្រព័ន្ធ​ឃោសនា ​របស់​របប​លោក​ ហ៊ុន សែន ព្យាយាម​បិទបាំង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...